ពីធីប្រកាសទទួលស្គាល់ខេត្តបន្ទាយមានជ័យជាខេត្តទី១៨ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)
(បន្ទាយមានជ័យ) នាព្រឹកថ្ងៃអង្គារ ទី០១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពីធីប្រកាសទទួលស្គាល់ខេត្តបន្ទាយមានជ័យជាខេត្តទី១៨ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណសួនតេជោ ឈ្នះ ឈ្នះ (វេទិកាខេត្ត) ក្នុងក្រុងសិរីសោភ័ណ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមសមាជិកព្រឹទ្ធិសភា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមការងារ PWG តំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្ដរជាតិ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ដ្រីរាជការ លោក អ្នកគ្រូ សិស្សានុសិស្ស ក្រុមយុវជន និងប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណ ១,៤៥០នាក់។
ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ជាការពិតណាស់ ភាពជោគជ័យយ៉ាងត្រចះត្រចង់នេះ គឺបានមកអាស្រ័យដោយមានការគាំទ្រពីរដ្ឋបាលខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អង្គការដៃគូ ដែលសម្រេចបានលទ្ធផលដ៏ ត្រចេះត្រចង់នេះ ហើយជាសមិទ្ធផល បានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍជាតិ ជា ពិសេសប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ បង្កើនលទ្ធភាពក្នុងការទទួលបាននូវប្រាក់ចំណូល មានសុខុមាលភាពល្អ ជីវភាពសមរម្យ អនាម័យស្អាត ដែលជាភាពសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋ ព្រោះថាបើការរស់នៅមិនមានអនាម័យ ទឹកស្អាតប្រើប្រាស់ ជាប្រភពនាំឱ្យកើត ជំងឺឆ្លង ដែលជាហេតុនាំឱ្យប៉ះពាល់ដល់សុខភាព ទាំងសតិបញ្ញាស្មារតី ជាពិសេស ធ្វើឱ្យខាតបង់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ការបន្ទោបង់ពាសវាលពាសកាល គឺជាបច្ច័យដ៏អាក្រក់មួយ ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋ ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ជម្រើសល្អសម្រាប់ប្រជាពលរដ្ឋ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអភិវឌ្ឍជនបទ មានការគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ហេីយដើម្បីឈានសម្រេចទៅដល់គោលដៅឆ្នាំ២០៣០ ប្រទេសកម្ពុជា ត្រូវបញ្ឈប់ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅមានកម្រិតខ្ពស់នៅ ឱ្យបានមុនឆ្នាំ២០៣០។
នាឱកាសនោះឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងអបអរសាទរ ខេត្តបន្ទាយមានជ័យ ដែលបានប្រកាសទទួលស្គាល់ជាផ្លូវការនូវ ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល និងបានជំរុញការងារផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទនៅក្នុងក្របខណ្ឌ នៃខេត្តទាំងមូលឱ្យកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនខ្លាំងក្លាថែមទៀត។ ជាពិសេស គឺការរិះរកយន្តការរក្សានិរន្តរភាពជាខេត្ត ODF ដើម្បីឈានទៅសម្រេចបាន ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងកម្រិតខ្ពស់ (ODF Plus)នាពេលខាងមុខ។
ជាមួយគ្នានោះឯកឧត្តម រដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះអង្គការទស្សនៈពិភពលោក ដែលតែងតែយកចិត្តទុកដាក់ និងជួយគាំទ្រដល់វិស័យការងារផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទ និងបានជួយជ្រោមជ្រែងខេត្តបន្ទាយមានជ័យ រហូតទទួលបានលទ្ធផលល្អ ជាខេត្តដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល និងបានធ្វើពិធីប្រកាសទទួលស្គាល់ជាផ្លូវការនាថ្ងៃនេះផងដែរ៕
Post a Comment