កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការបើកដំណើរការ ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ធ្វើឱ្យប្រសើរឡើង លើវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ប្រកបដោយនិរន្តរភាព ក្នុងឃុំតាគង់ ស្រុកម៉ាឡៃ

 



(បន្ទាយមានជ័យ) នារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការបើកដំណើរការ ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ធ្វើឱ្យប្រសើរឡើង លើវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ប្រកបដោយនិរន្តរភាព ក្នុងឃុំតាគង់ ស្រុកម៉ាឡៃ ដោយមានការចូលរួមពីលោកស្រី សំ សុភី អនុប្រធាននាយកដ្ឋានថែទាំសុខភាព លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តនិងលោក អុឹង សុីណាត់ អភិបាលរងស្រុកម៉ាឡៃ ព្រមទាំងមន្ត្រីជំនាញរបស់មន្ទីរអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរមូលដ្ឋានថ្នាក់ភូមិ និងឃុំ។


ថ្លែងក្នុងឱកាសនោះលោក ឃ្លោក នួយ បានមានប្រសាសន៍លើកឡើងថា៖កិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះក្នុងគោលបំណងបង្ហាញពីគម្រោងផែនការសកម្មភាព ដែលបានព្រមព្រៀង រួមមាន៖១. សាងសង់អណ្តូងខ្នងបំពាក់ស្នប់ថ្មី ចំនួន ៣៤កន្លែង និងបំពាក់សូឡា១កន្លែង។

២. អាងត្រងទឹកភ្លៀងតាមទីសាធារណៈ ចំណុះ១០ ០០០លីត្រ (សាលារៀន, មណ្ឌលសុខភាព, វត្ត អារាម.....) ចំនួន ១៤ទីតាំង។

៣. សាងសង់បង្គន់អនាម័យ តាមសាលារៀន និងមណ្ឌលសុខភាព ចំនួន២កន្លែង មាន៨បន្ទប់។

៤. ផ្តល់សម្ភារៈបង្គន់អនាម័យតាមខ្នងផ្ទះចំនួន ១៣៣ខ្នងផ្ទះ។

៥.ផ្តល់ពាងត្រងទឹកភ្លៀងតាមគ្រួសារ ចំនួន៣៦២៥៣២។

៦. ស្តារស្រះសហគមន៍ និងបំពាក់ប្រព័ន្ធចម្លោះ ចំនួន៦កន្លែងនិងឱ្យស្គាល់គ្នា រវាងក្រុមការងារថ្នាក់ជាតិ ក្រុមការងារថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ និងភូមិ ព្រម ទាំងក្រុមហ៊ុនអ្នកទទួលម៉ៅការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹក និងអនាម័យជនបទទាំងអស់ ហើយនឹងចាប់ផ្តើមដំណើរការ នៃការអនុវត្តការងារសាងសង់ក្នុងកម្មវិធី ជូនទៅដល់អាជ្ញាធរមូលដ្ឋាន ក្នុងឃុំ គោលដៅចំនួន ១ឃុំ គឺឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។


លោក អភិបាលរងខេត្តបានបន្តថា៖ ក្នុងនាមគណៈអភិបាលខេត្ត និងខ្លួនខ្ញុំផ្ទាល់ សូមសម្តែងនូវអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះ ក្រសួងអភិវឌ្ឍន៍ជនបទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ការជួយឧបត្ថម្ភ និងកិច្ចសហប្រតិបត្តិការពី សប្បុរសជន អង្គការជាតិ-អន្តរជាតិ និងវិស័យឯកជន ព្រមទាំងការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាជន នៅតាមមូលដ្ឋាន ក្នុងការធ្វើឱ្យមានការប្រែប្រួលជាវិជ្ជមានក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ក្នុងខេត្តបន្ទាយមានជ័យ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ជនបទនៅក្នុងប្រទេសកម្ពុជាយើង។


ទន្ទឹមជាមួយគ្នានោះលោក ឃ្លោក នួយ បានស្នើសុំដល់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាអង្គការ ដៃគូរអភិវឌ្ឍន៍នានា សូមបន្តជួយគាំទ្រ កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យ នៅតាមសហគមន៍នេះ ឱ្យបានគ្រប់ ភូមិ ឃុំ ស្រុក ក្នុងខេត្ត ដើម្បីឈានសម្រេចឱ្យខាងតែបាននូវទស្សនៈវិស័យ “នៅឆ្នាំ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាពផងដែរ៕























Powered by Blogger.