កម្លាំងសមត្ថកិច្ចបង្ក្រាបទឹកឃ្មុំក្លែងក្លាយជិត២០តោន ដែលគ្មានប្រភពច្បាស់លាស់នៅខណ្ឌច្បារអំពៅ និងឃាត់ខ្លួនម្ចាស់ទីតាំងជាជនជាតិវៀតណាម
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបទីតាំងក្រុមហ៊ុនមួយកន្លែង ឆែកឆេររកឃើញទឹកឃ្មុំក្លែងបន្លំ ប្រមាណជិត ២០តោន និងឃាត់ខ្លួនម្ចាស់ទីតាំងជាជនជាតិវៀតណាម នាំទៅសាកសួរ ។
ករណីបង្ក្រាបទឹកឃ្មុំក្លែងបន្លំនេះ ធ្វើឡើងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីតាំងក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO.,LTD ស្ថិតនៅផ្ទះលេខ៧៦ ផ្លូវបេតុង ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រតិបត្តិការខាងលើនេះ ដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មន្ត្រីសាខា (ក.ប.ប) រាជធានីភ្នំពេញ, មន្ត្រីជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមនឹងអាជ្ញាធរមូលដ្ឋាន ។
សមត្ថកិច្ចឲ្យដឹងថា ក្រោយត្រួតពិនិត្យយើងបានរកឃើញ ទឹកឃ្មុំសរុបចំនួន ១៣០ធុង ដែលមានទំងន់សរុប ១៩,៨៩០គីឡូក្រាម ។ ទឹកឃ្មុំទាំងអស់នេះ សង្ស័យជាផលិតផលក្លែងបន្លំប្រភពដើម ។
សមត្ថកិច្ច បានបញ្ជាក់ថា ព្រះរាជអាជ្ញារង សម្រេចដកហូតទឹកឃ្មុំប្រមាណជិត២០តោន ជាបណ្តោះអាសន្ន ដោយរក្សាទុកនៅក្នុងទីតាំងក្រុមហ៊ុន រួចធ្វើការបិទផ្លុំបេរ ហើយបានឃាត់ខ្លួនម្ចាស់ទីតាំង ជាជនជាតិវៀតណាម និងអ្នកពាក់ព័ន្ធ នាំទៅសាកសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ៕
Post a Comment