ភិក្ខុ ទន ចិត្រា មានក្តីរំភើបឥតឧបមា និងបានជូនសព្ទសាធុការពរដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានសទ្ធាជ្រះថ្លាប្រគេនបច្ច័យចំនួន ៥០.០០០ ដុល្លារ

 



ភិក្ខុ ទន ចិត្រា មានក្តីរំភើបឥតឧបមា និងបានជូនសព្ទសាធុការពរដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានសទ្ធាជ្រះថ្លាប្រគេនបច្ច័យចំនួន ៥០.០០០ ដុល្លារ (ប្រាំម៉ឺនដុល្លារអាម៉េរិក) រួមជាមួយផ្លែឈើ និងទឹកដោះគោ ចំពោះព្រះភិក្ខុ ទន ចិត្រា ដែលកំពុងមានអាពាធទឹកនោមផ្អែមធ្ងន់ធ្ងរ ត្រូវការលាងឈាមជាប្រចាំ និងវះកាត់ប្តូរតម្រងនោម បច្ចុប្បន្នគង់នៅវត្តអង្គប្រាសាទ ស្ថិតក្នុងភូមិអង្គប្រាសាទ ឃុំអង្គប្រាសាទ ស្រុកគីរីវង្ស ខេត្តតាកែវ។ 


តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទក្រហមកម្ពុជា នៅថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២៥នេះ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរ ហើយជាពិសេសឆ្លើយតបតាមការអំពាវនាវរបស់សប្បុរសជន និងព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ចំពោះករណីព្រះភិក្ខុ ទន ចិត្រា ដែលកំព្រាឪពុកម្តាយ មានជំងឺធ្ងន់ធ្ងរទាំងវ័យក្មេង, ទើបអ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យសហការី នាំយកថវិកាសប្បុរសធម៌មកប្រគេននាពេលនេះ សម្រាប់ការព្យាបាលបន្តទៅមុខទៀត។ តាមរយៈអំណាចបុណ្យនាពេលនេះដែរ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានជូនមគ្គផលដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគថវិកាជូនដល់កាកបាទក្រហមកម្ពុជា សម្រាប់ជួយសម្រាលទុក្ខលំបាកដល់ប្រជាជនងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។


ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ ក៏មានសទ្ធាជ្រះថ្លាប្រគេនបច្ច័យបន្ថែមចំនួន ១ម៉ឺនដុល្លារ។ រដ្ឋបាលខេត្តតាកែវ ប្រគេនបច្ច័យ ១ម៉ឺនដុល្លារ។ សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ប្រគេនបច្ច័យ ១០លានរៀល។ សប្បុរសជនជាគណៈប្រតិភូអមដំណើរ ប្រគេនបច្ច័យ ៨៥ម៉ឺនរៀលផងដែរ។ ដោយឡែក ចំពោះការព្យាបាល វិញ ចាប់តាំងពីពេលដែលបានដឹងព័ត៌មានពីករណីរបស់ ភិក្ខុ ទន ចិត្រា , ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ក៏បានខិតខំជួយព្យាបាលដោយយកចិត្តទុកដាក់ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ 


នៅចំពោះព្រះភ័ក្ត្រព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងលោកតាលោកយាយ ប្រជាពលរដ្ឋដែលបានចូលរួមកម្មវិធីខាងលើនេះ, លោកជំទាវអគ្គលេខាធិការស្តីទី បានក្រើនរំលឹក និងអំពាវនាវចំពោះ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងប្រជាពលរដ្ឋទាំងអស់ សូមគិតគូរថែទាំសុខភាពឱ្យបានល្អ សូមទទួលទានអាហារដែលផ្តល់ប្រយោជន៍ដល់សុខភាព និងហាត់ប្រាណជាប្រចាំ។ សូមកុំបរិភោគអាហារផ្អែមពេក ប្រៃពេក ខ្លាញ់ពេក និងភេសជ្ជៈកំប៉ុងច្រើនពេក ដែលជាកត្តានាំឱ្យកើតជំងឺមិនឆ្លងនានាដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសរសៃឈាម និងជំងឺមហារីកជាដើម។ល។


សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរ ក្រុមការងារកាកបាទក្រហមកម្ពុជា ក៏បាននាំយកទេយ្យទានជាសទ្ធាជ្រះថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន វេរប្រគេនដល់វត្តអង្គប្រាសាទ ដែលរួមមាន៖ អង្ករ ១០០គីឡូក្រាម, មី ៥កេស, ត្រីខ ៥០កំប៉ុង, ទឹកត្រី ២យួរ, ទឹកស៊ីអ៊ីវ ២យួរ, អង្ករសុខភាព ២កេស, ត្រីងៀត-សាច់ក្រក ១កន្ត្រក និងបច្ច័យ ចំនួន ៥០ម៉ឺនរៀល។ ប្រគេនព្រះភិក្ខុ ៣អង្គ ក្នុង១អង្គៗ បច្ច័យ ១០ម៉ឺនរៀល។ ប្រគេនសាមណេរ ១០អង្គ ក្នុង១អង្គៗ បច្ច័យ ៥ម៉ឺនរៀល។ ព្រមជាមួយគ្នានេះ ក៏បានជូនថវិកាដល់ចាស់ៗពុទ្ធបរិស័ទដែលបានចូលរួមប្រមាណ ១៧០នាក់ផងដែរ៕


















Powered by Blogger.