ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ អញ្ជើញចុះត្រួតពិនិត្យ វាយតម្លៃប្រគល់ទទួល និងបញ្ចប់សុពលភាពលើការងារស្ថាបនាស្ពានបេតុង ស្ថិតនៅភូមិព្រះពន្លា ទៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ
(បន្ទាយមានជ័យ) ស្ពានបេតុង ១កន្លែង ប្រវែង១០៨ម ទទឹង១០ម និងស្ថាបនាផ្លូវក្រាលបេតុងសងខាងក្បាលស្ពានប្រវែងសរុប ២០០ម ទទឹង ១០ម កម្រាស់១,២ម ស្ថិតនៅភូមិព្រះពន្លា ទៅភូមិចក សង្កាត់ព្រះពន្លា ក្នុងក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ (DRR-NC-2023-No.046) អនុវត្តដោយ ក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ប្រើប្រាស់ថវិកាជំពូក២១ ត្រូវបានគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានញ្ជើញចុះត្រួតពិនិត្យ វាយតម្លៃប្រគល់ទទួល និងបញ្ចប់សុពលភាពលើការងារស្ថាបនា ការចុះពិនិត្យនោះដោយមានការចូលរួមអមដំណើរដោយលោក ជា យុទ្ឋារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ ថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥។
លោក ជា យុទ្ឋារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងឲ្យដឹងថា៖ ការត្រួតពិនិត្យ វាយតម្លៃប្រគល់ទទួល និងបញ្ចប់សុពលភាពលើការងារស្ថាបនាស្ពានបេតុង ០១កន្លែង ប្រវែង ១០៨ម ទទឹង១០ម និងស្ថាបនាផ្លូវក្រាលបេតុងសងខាងក្បាលស្ពានប្រវែងសរុប ២០០ម ទទឹង ១០ម កម្រាស់ ១,២ម ២ម ស្ថិតនៅភូមិព្រះពន្លា ទៅភូមិទឹក សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ (DRR-NC-2023-No.046) ក្នុងឆ្នាំ២០២៣ ហើយបានបញ្ចប់ក្នុងឆ្នាំ២០២៥ អនុវត្តដោយ ក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ប្រើប្រាស់ថវិកាជំពូក២១ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ។
ថ្លែងក្នុងឱកាសនោះឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅទាំង២ភូមិ និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះ ឈ្នះ, បិតាស្ថាបនិកសន្តិភាព និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត និងឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។
ឯកឧត្តម បានមានប្រសាសន៍បន្តថា៖ ថ្ងៃនេះគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមក្រសួងហិរញ្ញវត្ថុ ព្រមទាំងក្រុមការងារអនុវត្តផ្ទាល់នូវការដ្ឋាននេះ។ជាពិសេសនៅក្នុងអាណត្តិទី ៧នេះ ដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអ្នកបន្តវេនពីសម្ដេចតេជោ ហ៊ុន សែន សូមឱ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាលោកយាយ លោកតា បងប្អូន កូនក្មួយ ទាំងអស់ត្រូវមានជំនឿលើសម្ដេច ក្នុងការអភិវឌ្ឍន៍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលគឺអនុវត្តន៍គោលការណ៍បញ្ចកោណ ការកសាងហេដ្ឋារចនាសម្ព័ន្ធ គឺអភិវឌ្ឍន៍ការងារជនបទ ពីផ្លូវដី ផ្លូវគ្រោះក្រហម ទៅជាផ្លូវបេតុង ផ្លូវកៅស៊ូ ជាបន្តបន្ទាប់ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសបានប្រើប្រាស់ នៅសមិទ្ធផលរបស់រាជរដ្ឋាភិបាល។
ទន្ទឹមជាមួយគ្នានោះឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទាំង២ភូមិ ក៏ដូចជាអ្នកប្រើប្រាស់ស្ពាននេះ សូមជួយថែទាំស្ពាននេះឱ្យបានដិតដល់ដើម្បីធានាថាស្ពាននេះអាចប្រើប្រាស់បានយូរអង្វែង និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋយើងនៅមូលដ្ឋានផងដែរ៕
Post a Comment