លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ដឹកនាំកម្លាំងចូលរួម ខួបលើក៤៦ទិវាជ័យជម្នះ៧មករា នៅលើបុរីវប្បធម៌ កោះសំពៅមាស
ខេត្តពោធិ៍សាត់ ៖ លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា តំណាងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត ដឹកនាំកម្លាំងនគរបាល ចូលរួមខួបលើកទី៤៦ទិវាជ័យជម្នះ៧ មករា ឆ្នាំ១៩៧៩- ៧ មករា ឆ្នាំ២០២៥ ដែលប្រារព្ធនៅលើ បុរីវប្បធម៌ កោះសំពៅមាស ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនិងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្ត ស្រុក ក្រុង ក្រុមប្រឹក្សាខេត្ត គណៈអភិបាល ខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់លោកគ្រូ អ្នកគ្រូ សិស្សា នុសិស្ស យុវជនទាំង៤ប្រព័ន្ធ ក្រុមកាយរិទ្ធ យុវជនកាកបាទក្រហម តាជី យាជីនិងប្រជាពលរដ្ឋ ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ជាង៤០០០នាក់។
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈ អភិបាល ខេត្តពោធិ៍សាត់ បានថ្លែងសុន្ទរកថា ក្នុងឱកាសអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧ មករា ១៩៧៩-៧ មករា ២០២៥ ដោយបានលើកឡើងថា ថ្ងៃ៧មករាឆ្នាំ១៩៧៩ គឺជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាឬកម្លាំងណាមកបំភ្លៃនិងបំផ្លាញបានឡើយពីព្រោះបានកើតចេញពីការលះបង់សាច់ស្រស់ ឈាមស្រស់និងភាពអង់អាចក្លាហានរបស់ថ្នាក់ដឹកនាំ កម្មាភិបាល យុទ្ធជន យុទ្ធនារីកម្ពុជា។ ៤៦ឆ្នាំកន្លងមកនេះគឺផ្តើមចេញពីចំណង សាមគ្គីភាពនិងការខិតខំពុះពាររបស់គណបក្សប្រជាជនកម្ពុជា បានកែប្រែមាតុភូមិពីគំនរផេះផង់ បានរស់រានឡើងវិញនិងមានការ អភិវឌ្ឍន៍លើគ្រប់វិស័យក្នុងនោះក៏មានខេត្តពោធិ៍សាត់យើងផងដែរជាមូលដ្ឋានគ្រឹះសម្រាប់ឲ្យមាតុភូមិយើងឈានទៅសម្រេចគោលដៅដ៏ឧត្តុងឧត្តម គឺកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រិត ប្រជាធិបតេយ្យនិងវឌ្ឍនភាព។
ឯកឧត្តម កែវ រតន រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់បានថ្លែងថា គិតមកដល់ពេល៤៦ឆ្នាំ ដែលកម្ពុជាយើងបាននឹងកំពុងឈរយ៉ាងរឹងមាំ ក្នុងភាពធ្វើជាម្ចាស់លើប្រទេសជាតិនិងជោគវាសនារបស់ខ្លួន ឈានទៅមុខប្រកបដោយភាពជឿជាក់ ក្នុងការដឹកនាំនាវាកម្ពុជាបន្តទៅមុខឆ្ពោះទៅរកត្រើយនៃវិបុលភាពកាន់តែរុងរឿង ស្របតាម ចក្ខុវិស័យវែងឆ្ងាយរបស់ជាតិ ។ ស្មារតី ៧ មករា ១៩៧៩ បានបង្កើតនិងបន្តពង្រឹងខឿនការពារជាតិនិងបូរណភាពទឹកដី និងខឿនសុខាភិបាល អប់រំ សិក្សាធិការ កីឡា និងសាសនាទូទាំងប្រទេសក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេច តេជោ ហ៊ុន សែន ជាប្រមុខប្រទេសកម្ពុជា បានទទួលសន្តិភាពពេញលេញ ប្រជាជាតិ មួយដែលមានការឯកភាពរួបរួមជាតិ អភិវឌ្ឍន៍ទឹកដីក្នុងល្បឿនគួរឱ្យមោទនៈ ប្រជាជន មានទំនុកចិត្តលើការគ្រប់គ្រងដឹកនាំនិងបន្តដំណើរការកែទម្រង់ ស៊ីជម្រៅក្នុងគ្រប់វិស័យ ដោយផ្អែកទៅលើសាមគ្គីភាព គតិបណ្ឌិត ទេព្យកោសល្យ ភាពអង់អាចក្លាហាននិងសេចក្តីព្យាយាម ដើម្បីជម្រុញនូវការផ្លាស់ប្តូរជាវិជ្ជមានក្នុងសង្គមជាតិឆ្ពោះទៅរកភាពកាន់តែរីកចម្រើនរុងរឿង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន គ្រប់ស្រទាប់ជាន់ថ្នាក់ឲ្យកាន់តែល្អប្រសើរ ៕
Post a Comment