ខេត្តបន្ទាយមានជ័យប្រារព្ធអង្គមីទ្ទិញអបអរសាទរខួប លើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា ( ០៧​ មករា ១៩៧៩ - ០៧ មករា ២០២៥ )




បន្ទាយមានជ័យ៖ ព្រឹកថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូននិងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីភាពនៅក្នុងមីទ្ទិញអបអរសាទរខួបលើកទី៤៦នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥)​ និងវត្តមាននិមន្តចូលរួម និងចូលរួមពី ព្រះសង្ឃ សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាល មន្រីរាជការ អាជ្ញាធរដែនដី យុវជន និងប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ដែលបានប្រារព្ធរៀបចំឡើងនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ 


ឯកឧត្តម កែ គឹមយ៉ាន បានលើកឡើងថា ស្មារតីជ័យជម្នះ ៧ មករា ស្ថិតស្ថេរនឹងរស់រវើកក្នុងដួងចិត្តប្រជាជនកម្ពុជាគ្រប់រូបនិងគ្រប់ជំនាន់ ជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិនិងការអភិវឌ្ឍ ដែលប្រជាជនកម្ពុជាចងចាំមិនអាចបំភ្លេចបានថា មាតុភូមិកម្ពុជាបានឆ្លងកាត់អតីតកាលដ៏ខ្មៅងងឹតបំផុតដែលបានក្រាលជោកជាំដោយឈាម និងទឹកភ្នែករបស់ប្រជាជន។


ជ័យជម្នះ ៧មករា បានវាយរលំរបបប្រល័យពូជសាសន៍ បានសង្រ្គោះអាយុជីវិតប្រជាជន ដែលបានសេសសល់ពីការកាប់សម្លាប់បានទាន់ពេលវេលា បិទទំព័រសករាជដ៏ខ្មៅងងឹត សាហាវយង់ឃ្នងបំផុតនៅកម្ពុជា ដណ្តើមបានមកវិញនូវ សិទ្ធិសេរីភាពគ្រប់បែបយ៉ាង សេចក្តីថ្លៃថ្នូរមនុស្សជាតិ បានធ្វើឱ្យរាល់តម្លៃទាំងខាងស្មារតី និងសម្ភារៈ របស់ប្រជាជាតិខ្មែរ ដែលបានកសាងពូនផ្តុំរាប់ពាន់ឆ្នាំមកហើយនេះបានរស់ឡើងវិញ។ 


នៅគ្រប់អាណត្តិ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្ស និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាអនុប្រធានគណបក្ស រួមជាមួយថ្នាកដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ និងសមាជិក សមាជិការទាំងអស់ បានរួមសាមគ្គីគ្នាបន្តខិតខំយកអស់កម្លាំងកាយចិត្តដោយមិននឿយហត់កសាងនិងអភិវឌ្ឍប្រទេស តាមកម្មវិធីនយោបាយជាតិ ដោយទទួលបានលទ្ធផលគួរជាមោទនៈ។ 


ឯកឧត្តម កែ គឹមយ៉ាន បានអំពាវនាវដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជន ប្រជាពលរដ្ឋនិងអង្គភាពពាក់ព័ន្ធទាំងអស់ គាំទ្រការកសាងច្បាប់ដែលនឹងកំណត់ថាជនណា ឬក្រុមណាដែលមានគម្រោងការឬឃុបឃិតបង្កើតចលនាប្រឆាំងនិយម បង្កអសន្តិសុខដល់សង្គម បង្កជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេវរក ដែលត្រូវនាំខ្លួនមកវិនិច្ឆ័យទោស ដើម្បីបន្តរួមគ្នាថែរក្សា ការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនំាដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
















Powered by Blogger.