ភាពចលាចល​នៅកូរ៉េខាងត្បូង ក្រោយប្រធានាធិបតីប្រកាស​ប្រើច្បាប់អាជ្ញាសឹក South Korea plunges into crisis after president declares martial law

​សេអ៊ូល៖ ភាពចលាចល​បានកើតមានរយៈពេលប៉ុន្មានម៉ោង នៅ​យប់​ថ្ងៃអង្គារ​ឈាន​ចូល​ដល់​ថ្ងៃពុធទី ៤​ធ្នូ បន្ទាប់ពី​ប្រធានាធិបតី លោក យូន សុកយោល​បាន​ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសឹក​នៅកូរ៉េខាងត្បូង។ ភ្លាមៗ ប៉ូលិស និងទាហាន​ត្រូវ​ដាក់​ពង្រាយ​នៅ​មុខ និង​ក្នុង​បរិវេណ​រដ្ឋសភា។ នៅ​៣ម៉ោងក្រោយ​ការប្រកាស​របស់​ប្រធានាធិបតី ប្រើ​ច្បាប់អាជ្ញាសឹក សមាជិកសភា​មកពីគណបក្ស​ប្រឆាំង និង​គណបក្ស​កាន់អំណាច​បាន​បោះឆ្នោត​ប្រឆាំងការសម្រេច​របស់​លោក​ប្រធានាធិបតី​ យូន សុកយោល​ដែល​គេ​ចាត់ទុកថា ជារឿង​ខុសឆ្គង ខុសច្បាប់ ប្រាសចាក​រដ្ឋធម្មនុញ្ញ​កូរ៉េខាងត្បូង​។


ភាពជ្រួលច្របល់​នយោបាយ​បានកើតឡើង​ពេញមួយយប់​ថ្ងៃ​អង្គារ​ឈាន​ចូល​ដល់​ថ្ងៃ​ពុធ បន្ទាប់ពី​ប្រធានាធិបតី​ លោក​យូន សុកយោល​ប្រកាស​ប្រើ​ច្បាប់អាជ្ញាសឹក​​នៅទូទាំងប្រទេស។ នៅទីក្រុងសេអ៊ូល ប៉ូលិស​ព្យាយាម​រារាំង​មិន​ឲ្យ​គេ​ចូលក្នុង​បរិវេណ​រដ្ឋសភា ចំណែក​ទាហាន​ឡោមព័ទ្ធ និង​​សម្រុក​ចូលក្នុង​អគារ​រដ្ឋសភា ជាទី​ដែលអ្នកតំណាងរាស្រ្ត​មួយចំនួន​កំពុង​ជាប់គាំងខាងក្នុង។

ការប្រកាស​ដ៏ភ្ញាក់​ផ្អើល​របស់​លោក​ប្រធានាធិបតី ឲ្យប្រើ​ច្បាប់អាជ្ញាសឹក​ដែលកូរ៉េខាងត្បូង​ខាន​លឺឈ្មោះជាង ៤០ឆ្នាំ (ចាប់​តាំង​ពី​មេដឹកនាំ​យោធា​ផ្តាច់ការ ប៉ាក់ ជុងហ៊ីត្រូវ​គេ​ធ្វើឃាត) បានបណ្តាល​ឲ្យ​ផ្ទុះការតវ៉ា និងថ្កោលទោស ​បរិហារ​រិះគន់ ពីសំណាក់​គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់អំណាច​របស់​លោក​យូន សុកយោល។ លោក Han Dong-hoon ប្រធានគណបក្ស​អំណាចប្រជាជន​ ដែលជា​គណបក្ស​របស់លោក​យូន សុកយោល​បាននិយាយ​ថា ការប្រកាស​របស់​ប្រធានាធិបតីជារឿងខុសឆ្គង​ និង​ថា លោក​នឹង​បោះឆ្នោត​ប្រឆាំង​មិន​ឲ្យ​ច្បាប់អាជ្ញាសឹក​ចេញរូបរាងឡើយ។

ប្រធាន​បក្ស​ប្រឆាំង​ លោក​ លី ចេម្ញុងវិញបាន​ប្រកូកប្រកាស​ឲ្យ​ប្រជាជន​កូរ៉េខាងត្បូង​ប្រមូលផ្តុំធ្វើបាតុកម្ម​នៅមុខ​រដ្ឋសភា ដើម្បីទប់ស្កាត់កុំឲ្យប្រទេស​ធ្លាក់ក្រោមគ្រប់គ្រង​របស់​ក្រុមយោធា​។ មេបក្ស​ប្រឆាំង​កូរ៉េខាងត្បូង​នៅបាន​សន្យា​បោះឆ្នោត​ប្រឆាំង​ការប្រើច្បាប់អាជ្ញាសឹក ដែលលោកចាត់ទុកថា ខុសច្បាប់ និង​ប្រាសចាក​រដ្ឋធម្មនុញ្ញ។

នៅ​៣ម៉ោងក្រោយការប្រកាស​របស់​ប្រធានាធិបតីឲ្យប្រើច្បាប់អាជ្ញាសឹក សមាជិក​សភាកូរ៉េខាងត្បូង ចំនួន​១៩០នាក់ មកពីគណបក្ស​ប្រឆាំង និងគណបក្ស​កាន់អំណាច​បាន​បោះឆ្នោត​លុបចោលច្បាប់អាជ្ញាសឹក​ទៅវិញ។ នៅក្រោយ​ការបោះឆ្នោត ប្រធានរដ្ឋសភា លោក​Woo Won Shikបាន​ប្រកាស​ថា ច្បាប់អាជ្ញាសឹក​​របស់​លោកប្រធានាធិបតី​លែង​មាន​សុពលភាព និងថា សមាជិកសភា​នឹង​ការពារ​ប្រជាធិបតេយ្យ ជាមួយ​ប្រជាជនកូរ៉េខាងត្បូង។

គ្រាន់តែ​សភាបោះឆ្នោត​លុបចោល​ច្បាប់អាជ្ញាសឹកភ្លាម ក្រុមទាហាន​ដែលបំពាក់​ដោយ​អាវុធ​គ្រប់ដៃ​បាន​ដកថយ​ចេញពី​បរិវេណរដ្ឋសភា ប៉ុន្តែ រថពាសដែកនិងរថយន្ត​របស់​កងទ័ព​ត្រូវ​ប្រជាជន​រារាំង​មិន​ឲ្យចាកចេញ​ដោយស្រួលៗ។

នៅថ្ងៃពុធ នៅ​​ម៉ោង ៣កន្លះភ្លឺ ម៉ោង​នៅ​សេអ៊ូល លោក​ប្រធានាធិបតី យូន សុខយោល​បានចេញមក​ប្រកាសសាជាថ្មី​នៅ​កញ្ចក់ទូរទស្សន៍ ថា លោក​សម្រេច​ដកចោល​ច្បាប់អាជ្ញាសឹកវិញ បន្ទាប់ពី​សភា​បោះឆ្នោតប្រឆាំង​ការគ្រប់គ្រង​របស់ពួកយោធា​ និង​ថា លោកបាន​បញ្ជា​ឲ្យ​ទាហាន​ដកខ្លួន ត្រលប់​ចូល​បន្ទាយវិញ​។

ច្បាប់អាជ្ញាសឹករបស់​លោកប្រធានាធិបតី​យូន សុកយោល​មានអាយុ​ត្រឹម​តែ ៣ម៉ោង។ ហេតុអ្វីប្រធានាធិបតីកូរ៉េខាងត្បូង​ប្រកាស​ប្រើ​ច្បាប់អាជ្ញាសឹក​ដែលកើតហើយរលត់ទៅវិញ​តែមួយប៉ប្រិចភ្នែកយ៉ាងដូច្នេះ?

យើងត្រលប់ទៅមើល​ដំណើរដើមទង​ដំបូង​ ពោល​គឺ​នៅ​ម៉ោង​១១​យប់ លោក​យូន សុខយោល​បាន​ចេញមក​ប្រកាស​ប្រើច្បាប់អាជ្ញាសឹកបន្ទាន់នៅទូទាំងប្រទេស រហូតធ្វើ​ឲ្យគ្រប់គ្នា​ស្រឡាំងកាំង មិនថា ប្រជាជន​ គណបក្ស​ប្រឆាំង និងសូម្បី​សមាជិកបក្ស​របស់​លោក​ផ្ទាល់។ តើ​កូរ៉េខាងត្បូង​កំពុងរងការ​គំរាមកំហែង​នុយក្លេអ៊ែរ​ពីកូរ៉េខាងជើង ឬ​កំពុង​ជួប​បញ្ហា​អសន្តិសុខ​ធ្ងន់ធ្ងរ ទើប​ប្រធានាធិបតីប្រកាសប្រើ​ច្បាប់អាជ្ញាសឹក។

នៅក្នុង​សុន្ទរកថាថ្លែង​នៅទូរទស្សន៍កូរ៉េខាងត្បូង លោក​យូន សុកយោល​បាន​និយាយ​ថា “ដើម្បីការពារ​សាធារណរដ្ឋកូរ៉េ​ពីការគំរាមកំហែង​របស់​កម្លាំងកុម្មុយនិស្តកូរ៉េខាងជើង និង​លុបបំបាត់ចោល​ក្រុមប្រឆាំង​រដ្ឋ ក្រុមគាំទ្រ​កូរ៉េខាងជើង​ដែល​បំផ្លាញ​សេរីភាព សុភមង្គល​របស់​ប្រជាជនកូរ៉េខាងត្បូង។ ​ខ្ញុំប្រកាសអនុវត្ត​​ច្បាប់អាជ្ញាសឹកបន្ទាន់​”។

ច្បាប់អាជ្ញាសឹក​ត្រូវប្រកាស​ឲ្យប្រើប្រាស់​ក្នុងរយៈពេល​បណ្តោះអាសន្នមួយ នៅពេល​ប្រទេស​ជាតិមាន​អាសន្ន និង​ផ្តល់អំណាច​ដឹកនាំ​ទៅ​ឲ្យក្រុមយោធា ដើម្បីស្តារសណ្តាប់ធ្នាប់សាធារណៈ និង​សន្តិសុខ។ ច្បាប់នេះអាច​រឹតបន្តឹងសិទ្ធិសេរីភាព​របស់ប្រព័ន្ធផ្សព្វផ្សាយ និង​ប្រជាជន​ជាទូទៅ។

ដោយ​ប្រកាស​ប្រើ​ច្បាប់អាជ្ញាសឹក លោក​ប្រធានាធិបតី​ យូន សុកយោល​និយាយ​ថា លោក​ចង់ការពារ​ប្រទេស​កូរ៉េខាងត្បូង​ពីការគំរាមកំហែង​របស់កូរ៉េខាងជើង និង​សន្យា​បណ្តេញក្រុមគាំទ្រ​កូរ៉េខាងជើង​ពីប្រទេស​។ ប្រធានាធិបតីកូរ៉េខាងត្បូង​មិនបាន​បញ្ជាក់លម្អិត​ការគំរាមកំហែង​របស់​កូរ៉េខាងជើង ប៉ុន្តែ លោក​និយាយ​ច្រើនពីគណបក្ស​ប្រឆាំង ដែលលោកចាត់ទុក​ថា កម្លាំងប្រឆាំងរដ្ឋ និង​មាន​សមានចិត្ត​ជាមួយកូរ៉េខាងជើង។ ទោះ​សម្រេច​ឈប់​ប្រើ​ច្បាប់អាជ្ញាសឹក លោកប្រធានាធិបតី​យូន សុកយោល​បាន​ទាមទារ​ឲ្យ​សភាគ្រប់គ្រង​ដោយ​បក្ស​ប្រឆាំង​លែង​ធ្វើសកម្មភាពទាំងឡាយណាដែលធ្វើឲ្យរដ្ឋាភិបាលជាប់គាំង ដូចជា​ការបោះឆ្នោត​ដកតំណែង ឬ​ការកាត់បន្ថយ​កញ្ចប់ថវិកា​របស់រដ្ឋាភិបាលជាដើម។

លោកយូន សុខយោល​ទំនង​ចង់ប្រើ​ច្បាប់អាជ្ញាសឹក​ដើម្បី​ហេតុផល​នយោបាយ​ ផ្ចាញ់ផ្ចាល​ក្រុមបក្ស​ប្រឆាំង ពោលគឺ​​គ្មាន​ទាក់ទងនឹង​​ការគំរាមកំហែងសន្តិសុខ​នៅ​កូរ៉េខាងត្បូង​នោះទេ។ ផែនការបំបាក់​ក្រុមប្រឆាំង​តាមរយៈ​ច្បាប់អាជ្ញាសឹក​កើតមាន​ឡើង​នៅក្នុងកាលៈទេសៈមួយ​ដែល​លោក​ប្រធានាធិបតី និង​បក្ស​ប្រឆាំងកំពុងតានតឹងនឹងគ្នា​ខ្លាំង។

គួរជ្រាបថា ដោយសារ​គណបក្ស​កាន់អំណាច​គ្មានសំឡេងភាគច្រើននៅសភា លោក​យូន សុកយោល ​ជា​ប្រធានាធិបតី​ដែលមាន​ដៃជាប់ចំណង។ ដោយសារ​តែ​បក្ស​ប្រឆាំង​មាន​សំឡេង​ច្រើននៅរដ្ឋសភា រដ្ឋាភិបាល​របស់លោក​បរាជ័យ មិនអាច​ជំរុញ​ច្បាប់​ដែលខ្លួន​ចង់បាន អាច​ចេញរួចនៅសភា។ ប៉ុន្តែ ផ្ទុយទៅវិញ គណបក្ស​ប្រឆាំង​បាន​អនុវត្ត​ច្បាប់​ដែល​ប្រធានាធិបតី​មិនចង់បាន ហើយ​ជា​ទូទៅ លោក​យូន សុកយោលបាន​ប្រើសិទ្ធិប្រធានាធិបតីវេតូ។ នៅសប្តាហ៍មុននេះ គណបក្ស​ប្រឆាំង​បាន​បោះឆ្នោត កាត់បន្ថយ​កញ្ចប់​ថវិកា​ឆ្នាំ​២០២៥ (ជិត​៣ពាន់លាន​ដុល្លារ) ដែលប៉ះពាល់​មុនគេ​ដល់​ការចំណាយ​របស់​រដ្ឋាភិបាល និង​រដ្ឋអាជ្ញា។ ទាក់ទង​នឹង​​ច្បាប់​ថវិកា​ចុងក្រោយ ដែល​សភា​បានអនុម័ត​ លោក​ប្រធានាធិបតី​គ្មាន​សិទ្ធិវេតូ។ 

នៅមុននេះទៀត សភា​ដឹកនាំ​ដោយ​គណបក្ស​ប្រឆាំង​បាន​បោះឆ្នោត​ទម្លាក់​តំណែង​របស់​សមាជិក​ខុទ្ទការល័យ​ប្រធានាធិបតី និង​ប្រធាន​ទីភ្នាក់ងារ​សវនកម្ម​របស់​ប្រធានាធិបតី ដែល​បក្ស​ប្រឆាំង​ចោទថា បិទភ្នែក​មិន​ស៊ើបអង្កេត​ ​លោកស្រីទី១ ភរិយា​របស់​លោក​ប្រធានាធិបតី​យូន សុខយោល ដែលកំពុងជួបរឿងអាស្រូវ​ប្រព្រឹត្តអំពើពុករលួយ និង​រំលោភអំណាច។ ទង្វើរបស់​បក្ស​ប្រឆាំង​បាន​ដុតកំហឹង​របស់​​​លោក​យូន សុកយោល អតីត​រដ្ឋអាជ្ញា​ និងជាអ្នកស្បថស្បែ​ការពារ​សិទ្ធិសេរីភាព​របស់​ប្រជាជន​ ឲ្យទៅជាខឹងក្រេវក្រោធ ​​ប្រកាសប្រើ​​ច្បាប់អាជ្ញាសឹកទាំងទទឹងទិស៕ 




Powered by Blogger.