បាញ់ពីរគ្រាប់ គំរាមសមាជិកក្រុមប្រឹក្សាឃុំ ពេលនេះ មេប៉ុស្តិ៍រដ្ឋបាលឃុំឫស្សីកែវ ត្រូវជាប់វិន័យរបស់កងកម្លាំង នៅស្នងការដ្ឋាននគរបាលខេត្តក្រចេះវគ្គ១
ខេត្តក្រចេះ៖ លោកវរសេនីយ៍ត្រី វិន ថុន នាយប៉ុស្តិ៍រដ្ឋបាលឃុំឫស្សីកែវ ត្រូវបានជាប់វិន័យកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ពាក់ព័ន្ធនឹងការបាញ់បោះសេរី ក្នុងជម្លោះជាមួយលោកហ៊ុក រ៉ាមិហ៍ ជាសមាជិកក្រុមប្រឹក្សាឃុំ និងជាគណៈកម្មការទូកងក្នុងមូលដ្ឋានជាមួយគ្នា កាលពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតនៅក្នុងភូមិឬស្សីកែវ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
លោក ចាន់ សុផល្លា អធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះថា លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំឬស្សីកែវ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ កាលពីម្សិលមិញ ក្រោយពីបញ្ចប់ការសាកសួរនៃការបាញ់កាំភ្លើងសេរី។
ក្នុងករណីខាងលើនេះ លោក ហុក រ៉ាមិហ៍ សមាជិកក្រុមប្រឹក្សាឃុំ និងជាគណៈកម្មការទូកងវត្តឬស្សីកែវ បានឱ្យដឹងនៅ ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះថា ករណីនេះពាក់ព័ន្ធនឹងគណៈកម្មការទូកង ដោយសារនៅពេលដែលពិធីបុណ្យអុំទូក កម្លាំងប៉ុស្តិ៍រដ្ឋបាលរបស់គាត់បានទៅធ្វើការងារសម្រាប់ធ្នាប់ជាមួយនឹងគណៈកម្មការទូកង ហើយនៅពេលត្រឡប់មកវិញ កាលពីអំឡុងថ្ងៃទី១៧ ក្រុមគណៈកម្មការក៏បានយកថវិកាដែលទទួលបានពីការឧបត្ថម្ភយកមកបូកបញ្ជី ដើម្បីធ្វើការបែងចែកទៅចំណុះទូក ដោយនៅក្នុងចំណុះទូកម្នាក់ៗ ទទួលបានថវិកា៣០ម៉ឺនរៀល ហើយនៅសល់ថវិកា៨លានរៀល ។
ប៉ុន្តែនាយប៉ុស្តិ៍នគរបាលខាងលើ មានការខឹងសម្បារទៅលើគណៈកម្មការទូកង ហើយក៏បានប្រើពាក្យសំដីអសុរោះទៅលើក្រុមគណៈកម្មការទូក ដោយថា "ពួកអាគណៈកម្មការទូកចាប់ពីថ្ងៃនេះទៅពួកឯងមិនបាច់ចូលប៉ុស្តិ៍អញទៀតទេ, ពួកគណៈកម្មការទូកឆ្នាំនេះសុទ្ធតែពុករលួយជាងពួកគណៈ កម្មការទូកឆ្នាំមុនទៅទៀត"។
ដោយលឺពាក្យសម្ដីរបស់នាយប៉ុស្តិ៍រដ្ឋបាលរូបនោះ លោក ហុក រ៉ាមហ៍ ដែលកំពុងបែងចែកថវិកាទៅចំណុះទូកង ក៏បានឆ្លើយ តបទៅវីញថា "ម៉េចបាននិយាយដូច្នោះតើចង់លោកបានអំណោយ ដូចចំណុះទូកដែរឬអី"។ និយាយហើយដោយឃើញសកម្មភាពមិនស្រួលក៏ជិះម៉ូតូចេញពីទីតាំងកើតហេតុ ហើយលោកមេប៉ុស្តិ៍ប៉ូលីសរូបនោះ ក៏បានបាញ់គម្រាមពីរគ្រាប់។
លោក ហ៊ុក រ៉ាមិហ៍ បញ្ជាក់ថាពាក់ព័ន្ធនឹងករណីខាងលើនេះ រូបលោកនិងគណៈកម្មការទូកផ្សេងទៀត ក៏មិនបានដាក់ពាក្យប្ដឹងអ្វីដែរ។
លោក ឧត្តមសេនីយ៍ត្រី ហន ប៉ូច អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តក្រចេះ ក៏បានឲ្យដឹងនៅព្រឹកនេះថា លោកវរសេនីយ៍ត្រី វិន ថុន នាយប៉ុស្តិ៍រដ្ឋបាលឃុំឫស្សីកែវ បច្ចុប្បន្នកំពុងជាប់អនុវត្តវិន័យរបស់កងកម្លាំង នៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ៕
Post a Comment