កុំឱ្យខកជើងនៅក្រុង ស្រុក ខណ្ឌ! ទាំងនេះជាឯកសារត្រូវសុំការបញ្ជាក់នៅច្រកចេញចូលតែមួយរាជធានី ខេត្ត!

អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត គឺជាកន្លែងប្រមូលផ្តុំការផ្តល់សេវានៅកន្លែងតែមួយតាមនីតិវិធីសាមញ្ញ ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព។ នេះបើយោងតាម អនុក្រឹត្យស្ដីពី «ការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ» ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧។ 

កន្លងទៅ មានប្រជាពលរដ្ឋខ្លះ បានខកជើង ដោយសារតែចំណាយពេលទៅសុំសេវាមួយចំនួននៅការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ទាំងដែលធាតុពិតសេវាទាំងនោះ មាននៅថ្នាក់រាជធានី ខេត្តសោះ។ យោងតាម តារាងឧបសម្ព័ន្ធទី១ នៃអនុក្រឹត្យខាងលើ សេវានីត្យានុកូលកម្ម ឬការបញ្ជាក់លើឯកសារថតចម្លង ដែលផ្ដល់នៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត មានដូចខាងក្រោម។ 


១.សេក្តីអនុញ្ញាតឱ្យប្រកបអាជីវកម្ម អាហរ័ណ នីហរ័ណ សណ្ឋាគារ វិនិយោគទុនបរទេស ២.លក្ខន្តិកៈក្រុមហ៊ុនអាជីវកម្មនានា វិញ្ញាបនបត្រចុះបញ្ជីក្រុមហ៊ុន លិខិតក្រសួងពាណិជ្ជកម្ម កិច្ចសន្យា ៣.ប្លង់សាងសង់ ៤.វិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធិអចលនវត្ថុ ៥.សញ្ញាបត្រក្រោយឧត្តមសិក្សា( ក្នុងប្រទេស) ៦.សញ្ញាបត្រពុទ្ធិកសិក្សា ៧.លិខិតអនុញ្ញាតចុះបញ្ជីសមាគម អង្គការ ព្រះវិហារសាសនា និងសហគមន៍ និង៨.លិខិតឬឯកសារផ្សេងៗទៀត(ដែលមិនមែនជាសមត្ថកិច្ចរបស់ស្ថាប័នណាមួយ) ។

សូមបញ្ជាក់ថា ក្រៅពីសេវាសេវានីត្យានុកូលកម្ម ឬការបញ្ជាក់លើឯកសារថតចម្លង អង្គភាពអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ក៏ផ្ដល់សេវា១៣ផ្សេងទៀតដែរ រួមមាន ការងាររដ្ឋបាល វិស័យសុខាភិបាល វិស័យទេសចរណ៍ វិស័យសាធារណការនិងដឹកជញ្ជូន វិស័យវប្បធម៌ និងវិចិត្រសិល្បៈ វិស័យព័ត៌មាន វិស័យបរិស្ថាន វិស័យឧស្សាហកម្មនិងសិប្បកម្ម វិស័យរ៉ែ និងថាមពល វិស័យពាណិជ្ជកម្ម វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វិស័យកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ៕ 

កញ្ញា សេង សុខហ៊ុន

មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ


Powered by Blogger.