ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធី បើកដំណើរការយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២៤



ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងប្រធានក្រុមព្រឹក្សាភិបាលនៃគម្រោងស្អាត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកដំណើរការយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។

អញ្ជើញមានវត្តមាននាឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវដែលជាថ្នាក់ដឹកនាំតំណាងក្រសួងបរិស្ថាន តំណាងសាលារាជធានីភ្នំពេញ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូសហការ គ្រឹះស្ថានឧត្តមសិក្សា មធ្យមសិក្សា សមាជិក សមាជិកា នៃក្រុមការងារប្រតិបត្តិនៃគម្រោងស្អាត បណ្តាសិល្បករ ក៏ដូចជា social influencer និងនិស្សិតជាច្រើននាក់ផងដែរ នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។


លោក ហៃ ភិរម្យ សមាជិកក្រុមព្រឹក្សាភិបាលនៃគម្រោងស្អាត បានសម្តែងនូវសេចក្ដីសោមន្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម លោកជំទាវដែលជាថ្នាក់ដឹកនាំ ស្ថាប័នពាក់ព័ន្ធ ដៃគូសហកា និងអ្នកភ្ញៀវកិត្តិយស្តទាំងអស់ដែលបានដែលបានចំណាយពេលចូលរួមនាឱកាសនេះ។ ជាមួយគ្នានេះលោកបានធ្វើការរាយការណ៍អំពីសមិទ្ធផលដែលបានសម្រេចបាននាកន្លងមក និងបញ្ជាក់អំពីយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២៤ ផ្ដោតលើគោលគំនិតសំខាន់ៗចំនួនបី៖ ចិត្តគំនិតស្អាត អាកប្បកិរិយាស្អាត និងប្រតិបត្តិស្អាត។


មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាក្រុមការងារប្រតិបត្តិនិងយុវជនទូតសុឆន្ទៈទាំងអស់នៃគម្រោង ភ្នំពេញស្អាត ដែលបានខិតខំប្រឹងប្រែងលះបង់ពេលវេលាចូលរួមដើម្បីរៀបចំនិងបន្តអនុវត្តយុទ្ធនាការភ្នំពេញស្អាតដ៏មានអត្ថន័យតាំងពីឆ្នាំ២០១៧ រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈមកដល់ថ្ងៃនេះ។ ក្នុងនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា គម្រោងស្អាតឆ្នាំ២០២៤នេះ ត្រូវបានរៀបចំឡើងក្រោមទិសស្លោក «តម្លៃជាខ្មែរ មោទនភាពអត្តសញ្ញាណខ្មែរ សមត្ថភាពខ្មែរ និងភាពរួបរួម ឯកភាពគ្នា ក្រោមទង់ជាតិខ្មែរតែមួយ» ផ្ដោតទៅលើភាពជាខ្មែរតែ មួយ ដែល យើងត្រូវមានមោទនភាពជាខ្មែរ និងចូលរួមថែរក្សា និងកសាងបន្ថែម នូវភាពជាខ្មែរ ព្រមទាំងការអភិវឌ្ឍធនធានមនុស្សគឺចាំបាច់ ក្នុងការត្រៀម ប្រកួតប្រជែង ក្នុងឆាកតំបន់ និងអន្តរជាតិ ជាពិសេសក្នុងបរិបទបដិវត្តឧស្សាហកម្ម ទី៤.០ និងប្រជាជនពោរពេញដោយធម៌ គឺការចេះជួយយកអាសារគ្នាទៅ វិញទៅមក សាមគ្គីភាព ឥរិយាបទវិជ្ជមាន និងការលើកកម្ពស់តម្លៃគ្រួសារ និងសង្គម។

គួរបញ្ជាក់ផងដែរថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ បញ្រ្ជាបសារអប់រំអំពីការថែរក្សាអនាម័យ បរិស្ថាន ជាពិសេសការទុកដាក់សម្រាម ដោយផ្តោតចម្បងទៅលើប្រជាពលរដ្ឋដែលរស់ក្នុងរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រកម្ពុជា៕https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។


https://t.me/+H0S010ecMsIxNjE1 គ្រុបព័ត៌មាន២៥ខេត្តក្រុង មិត្ត រួមអាជីព សូមអរគុណ។


https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1

Powered by Blogger.