ព្រះមហាក្សត្រកម្ពុជា មានព្រះបន្ទូលទៅកាន់លោក ដូណាល់ ត្រាំថា កម្ពុជា-អាម៉េរិក នឹងពង្រឹងមិត្តភាពជាមួយគ្នាបន្ថែមទៀត
ភ្នំពេញ៖ ព្រះ ករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់បានថ្វាយព្រះរាជសារដល់លោក ដូណាល់ ត្រាំ ដែលបានជាប់ឆ្នោតក្លាយជាប្រធាធិបតីអាម៉េរិកសាជាថ្មី។
ក្នុងព្រះរាជសារចុះកាលបរិច្ឆេទថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់មានព្រះបន្ទូលទៅកាន់លោកត្រាំ យ៉ាងដូច្នេះថា៖«ខ្ញុំ ជឿជាក់ថា ក្នុងអំឡុងរដ្ឋបាលរបស់ឯកឧត្តម យើង នឹងបន្តពង្រឹងចំណងមិត្តភាពរបស់យើងបន្ថែមទៀត»។
ព្រះប្រមុខរដ្ឋកម្ពុជា ទ្រង់មានព្រះរាជឱង្ការទៅលោកត្រាំទៀតថា កម្ពុជា ផ្តល់តម្លៃខ្ពស់លើទំនាក់ទំនងដ៏យូរអង្វែងជាមួយសហរដ្ឋអាម៉េរិក ដែលត្រូវបានបង្កើតឡើងដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព។ សូមជម្រាបថា ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា រួមមាន សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត សុទ្ធតែបានផ្ញើសារជូនលោក ដូណាល់ ត្រាំ ដើម្បីចូលរួមអបអរសាទរលោក។
ប្រធានព្រឹទ្ធសភាកម្ពុជា មានប្រសាសន៍ទៅកាន់លោកត្រាំថា៖«ខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថា ក្នុងនាមជាប្រធានាធិបតី ឯកឧត្តម នឹងមិនត្រឹមតែដឹកនាំសហរដ្ឋអាម៉េរិកឆ្ពោះទៅរកអនាគតកាន់តែរុងរឿងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាព សម្រាប់ពិភពលោកទាំងមូលផងដែរ»។ ចំណែកប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជម្រាបលោកត្រាំថា៖«ការវិលត្រឡប់របស់ឯកឧត្តម [មកធ្វើជាប្រធានាធិបតីនាពេលនេះ] គឺចំពេលដ៏សំខាន់បំផុត សម្រាប់ប្រជាពលរដ្ឋអាម៉េរិកផង និងសម្រាប់ពិភពលោកទាំងមូលផង»។
គួររម្លឹកថា ការបោះឆ្នោតដណ្តើមតំណែងប្រធានាធិបតីអាម៉េរិកទី៤៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែវិច្ឆិកា បង្ហាញថា លោក ដូណាល់ ត្រាំ បានឈ្នះលោកស្រី កាម៉ាឡា ហារីស។ លោកត្រាំ នឹងឡើងកាន់តំណែងប្រធានាធិបតីអាម៉េរិកទី៤៧ជាផ្លូវ នៅខែមករា ឆ្នាំ២០២៥។ នេះជាលើកទី២ហើយ ដែលលោកក្លាយជាប្រធានាធិបតីអាម៉េរិក។ លោកធ្លាប់ជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាម៉េរិកទី៤៥ កាលពីឆ្នាំ២០១៦ ហើយនៅឆ្នាំ២០២០ លោកក៏ចាញ់លោក ចូ បៃឌិន សម្រាប់តំណែងប្រធានាធិបតីអាម៉េរិកទី៤៦៕
https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។
https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង សូមអរគុណ។
https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1
Post a Comment