កងរាជឣាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា(ទៅវិញទៅមក)...
(បន្ទាយមានជ័យ): នៅវេលាម៉ោង០២និង៣០នាទីរំលងអាធ្រាតុ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ករណីហិង្សាដោយចេតនា ប្រព្រឹត្តនៅចំណុចសួនតេជោឈ្នះឈ្នះ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បង្កដោយក្រុមក្មេងទំនើង០២ក្រុមប្រដាប់ដោយកាំបិត បានដេញកាប់គ្នាទៅវិញទៅមក។
ក្រោយពីទទួលបានព័ត៌មានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះដល់កន្លែងកើតហេតុ កំណត់មុខសញ្ញាជនសង្ស័យរហូតដល់វេលាម៉ោង០៨និង៣០នាទី ថ្ងៃខែឆ្នាំដដែល បានធ្វើការឃាត់ខ្លួនបានចំនួន០២នាក់ ១-ឈ្មោះ សម្បត្តិ ចំរើន ភេទប្រុស អាយុ១៦ឆ្នាំ និង២-ឈ្មោះ ស៊ាត សុខអាន(វីត) ភេទប្រុស អាយុ១៧ឆ្នាំ នៅចំណុចភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាងមាន៖ ១.កាំបិតកៃច្នៃ ប្រវែង១១២ សង់ទីម៉ែត្រ ចំនួន០១ដើម, ២.ម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ បន្ទាយមានជ័យ1Q-5238 ចំនួន០១គ្រឿង, ៣.ទូរសព្ទ ម៉ាកVIVO ពណ៍ទឹកសមុទ្រ ចំនួន០១គ្រឿង ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណសួរនាំតាមនីតិវិធី ព្រមទាំងបានធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀនផងដែរ។ចំណែកបក្ខពួក និងក្រុមម្ខាងទៀតដែលបានគេចខ្លួនកម្លាំងកំពុងស្រាវជ្រាវបន្ត។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វេីសកម្មភាពវាយទៅលេីក្រុមម្ខាងទៀតពិតប្រាកដមែន។ ដោយសារតែពួកគេតែងតែឌឺដងដាក់ក្រុមរបស់ខ្លួន។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕
Post a Comment