ករណីឃាតកម្មធ្វើគត លើ ព្រះសង្ឃ នៅវត្តពុទ្រារាម ក្នុងខេត្តកំពង់ស្ពឺ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់
ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយនគរបាលខេត្តកំពង់ស្ពឺ និងខេត្តព្រៃវែងស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួន ជនដៃដល់ និងបក្ខពួកសរុប ៣នាក់ ពាក់ព័ន្ធករណីឃាតកម្មធ្វើគតព្រះសង្ឃ នៅវត្តពុទ្រារាម ខេត្តកំពង់ស្ពឺ។
ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំងនេះបានធ្វើឡើងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដោយកម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គិតលី អនុប្រធាននាយកដ្ឋាន បានបន្តដឹកនាំសហការដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ ឈ្មោះ មោគ ម៉េង ភេទប្រុស អាយុ៤០ឆ្នាំ (ជនដៃដល់), ឈ្មោះ ពោន ស្រីអូន ភេទស្រី អាយុ៣៥ឆ្នាំ (ប្រពន្ធជនដៃដល់) និងឈ្មោះ លន់ ស្រីនាង អាយុ៣២ឆ្នាំ (ប្អូនស្រីប្រពន្ធជនដៃដល់)។ ចំពោះវត្ថុតាងដកហូតបាន រួមមាន ព្រះពុទ្ធបដិមា (មួយចំនួន), វត្ថុសាកសិទ្ធ (មួយចំនួន) និងស្បង់ចីវរ (កន្សែងរិតក)។
យោងតាមការបំភ្លឺរបស់លោកយាយឈ្មោះ ពោន ស្រិន (ម្តាយក្មេករបស់ជនដៃដល់) ករណីឃាតកម្មបណ្តាលឲ្យព្រះសង្ឃព្រះនាម គាត សម្បត្តិ ហៅទូច សុគតគឺកូនប្រសាររបស់ខ្លួនឈ្មោះ មោគ ម៉េង ជាអ្នកធ្វើគតព្រះសង្ឃ មូលហេតុកើតឡើងពីការប្រច័ណ្ឌ។
លោកយាយបន្ដថា បន្ទាប់ពីថ្ងៃធ្វើសកម្មភាពរួច កូនប្រសាររបស់ខ្លួនបានមកផ្ទះនៅខេត្តព្រៃវែង ដោយមុខមាត់មានសភាពស្លេកស្លាំង ដូចមិនបានដេក។ កាលពីពេលកន្លងមកឈ្មោះ មោគ ម៉េង បាននិយាយគំរាមទៅកាន់កូនស្រីខ្លួនឈ្មោះ ពោន ស្រីអូន ថា «បើថ្ងៃណាមួយអញឃើញច្បាស់ អញនឹងសម្លាប់ដាក់ចូលមេន បូជាទាំង២ហើយ»។
សូមរម្លឹកថា កាលពីវេលាម៉ោង១១:៤០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ មានករណីប្រទះឃើញសាកសព នៅក្នុងវត្តពុទ្រារាម ស្ថិតក្នុងភូមិក្រាំងព្នៅ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពី បណ្តាលឲ្យព្រះសង្ឃព្រះនាមគាត សម្បត្តិ ហៅទូច ព្រះជន្ម៤២ព្រះវស្សា សុគតនៅខាងមុខអាស្រម បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ។
បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ ត្រូវបានកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី៕
Post a Comment