កាត់ទោសជនជាតិថៃ២នាក់ដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង១រយគីឡូ
សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១១ ខែកញ្ញា បានកាត់ទោសជនជាតិថៃចំនួន២នាក់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ម្នាក់ៗ៨០លានរៀល ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនចំនួន១១៨គីឡូក្រាម។
បើតាមលោក ធាម ចន្ទពិសិដ្ឋ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ ជនជាតិថៃទាំង២នាក់នោះ មានឈ្មោះ សែរហឹរ សោមឆាយ SAEHOE SOMCHAI និងឈ្មោះ សែរហឹរ ថាណាត់ SAEHOE THANAT។
គួររម្លឹកផងដែរថា កាលពី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៩) បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុក និងដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់គ្នា ០៣គោលដៅក្នុងភូមិសាស្ត្ររាជធធានីភ្នំពេញ ហើយជាលទ្ធផល កម្លាំងជំនាញបង្រ្កាបបានសារធាតុញៀនមានទម្ងន់ ១១៨៨០៨,៨០ ក្រាម (ជាង១១៨គីឡូក្រាម)។
យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ឱ្យដឹងថាក្នុងឆ្នាំ២០២៣ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនជាង៧ពាន់ករណី ឃាត់ខ្លួនមនុស្សចំនួនជាង ១ម៉ឺន ៧ពាន់ (១៧.៣៦៣)នាក់។ ក្នុងចំណោមឧក្រិដ្ឋជនដែលសមត្ថកិច្ចឃាត់ខ្លួនមានជនបរទេស ៤៤១នាក់ មកពី ១៥សញ្ជាតិ។ បន្ថែមលើនេះទៅទៀត អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យដឹងថា ក្នុងរយៈពេល ៦៣ថ្ងៃ ដើមឆ្នាំ២០២៤ សមត្ថកិច្ចបង្ក្រាបបានការជួញដូរគ្រឿងញៀន ៦៥៩ករណី ព្រមទាំងឃាត់ខ្លួនមនុស្ស៣.៨៩៩នាក់ ពោលគឺ ក្នុងរយៈពេល១ខែដើមឆ្នាំ២០២៤ នេះ ករណីបង្ក្រាបការជួញដូរគ្រឿងញៀនខុសច្បាប់មានការកើនឡើង បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣ កន្លងទៅ ៕
Post a Comment