យ៉ាងហួចណាស់ មានប្រទេសចំនួន​​​ ៦នៅអាស៊ីដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីឥទ្ធិពល ព្យុះទីហ្វុងយ៉ាកជី



ព្យុះទីហ្វុងយ៉ាកជីដែលត្រូវបានគេស្គាល់ថាជាព្យុះទីហ្វុងទី១១បន្ទាប់ពីព្យុះទីហ្វុងសានសាន បាននិងកំពុងបង្កើនឥទ្ធិពលយ៉ាងខ្លាំងក្លាជាមួយកម្លាំងខ្យល់បក់បោករាប់រយគីឡូម៉ែត្រក្នុងមួយម៉ោង បានបង្កឱ្យមានភ្លៀង ផ្គររន្ទះ ខ្យល់កន្ត្រាក់ ដែលបានបណ្តាលឱ្យមានទឹកជំនន់ និងការបាក់ដីផងដែរ។ ឥទ្ធិពលនៃព្យុះទីហ្វុងយ៉ាកជី បានវាយប្រហារប្រទេសចំនួន៦ក្នុងទ្វីបអាស៊ី ដូចជា ហ្វីលីពីន ចិន វៀតណាម ថៃ ឡាវ មីយ៉ាន់យ៉ា ដោយបានសម្លាប់មនុស្សនិងបាត់ខ្លួនរាប់រយនាក់ ខណៈរងរបួសរាប់ពាន់នាក់។ ក្រៅពីនេះបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធធំៗ ផ្ទះសម្បែងប្រជាពលរដ្ឋ ដីស្រែចម្ការ ផ្លូវថ្នល់ ផ្តាច់ចរន្តអគ្គិសនី ផ្អាកការសិក្សានៅតាមបណ្តាសាលារៀនដែលរងផលប៉ះពាល់ ក៏ដូចជាបានបង្ខំឱ្យមនុស្សរាប់សែននាក់ត្រូវជម្លៀសខ្លួនទៅរកទីទួលមានសុវត្ថិភាព។

កាលពីថ្ងៃទី១-៣កញ្ញា ព្យុះទីហ្វុងយ៉ាកជីបានឆ្លងកាត់កោះ វីសាយយ៉ាស់ (Visayas) និងកោះ លូហ្សុន (Luzon) ភាគកណ្តាល និងភាគខាងជើងនៃប្រទេសហ្វីលីពីន បានបណ្តាលឱ្យមានទឹកជំនន់ និងការបាក់ដី ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់២១នាក់ រងរបួស២២នាក់ បាត់ខ្លួន២៦នាក់ ខណៈមនុស្សប្រមាណ៧២,០០០នាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ។ ចំណែកឯជើងហោះហើរក្នុងស្រុក រួមទាំងនៅក្នុងទីក្រុងម៉ានីលក៏ត្រូវបានព្យុះទីហ្វុងយ៉ាកជីនេះរំខានដល់ដំណើរជាច្រើនថ្ងៃ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាជាតិគ្រប់គ្រង និងកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយហ្វីលីពីន កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។

ក្រោយចាកចេញពីប្រទេសហ្វីលីពីន ចិនគឺជាប្រទេសទី២ដែលព្យុះនេះបានបក់បោកទៅលើកោះ ហៃណាន (Hainan) និងខេត្ត ក្វាងទុង (Guangdong) ភាគខាងត្បូងនៃប្រទេស។ ព្យុះនេះបានបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងការបាក់ដី ដែលបណ្តាលឱ្យមនុស្ស៤នាក់ស្លាប់ ជាង១០០នាក់រងរបួស ហើយប្រជាពលរដ្ឋប្រមាណជិត១លាននាក់ត្រូវបានជម្លៀសចេញពីខេត្តទៅកាន់ទីកន្លែងមានសុវត្តិភាព។ កម្លាំងព្យុះយ៉ាកជីដែលវាយប្រហារនៅប្រទេសចិន គឺលើសពី២០០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបានរំខានដល់ដំណើរដឹកជញ្ជូន ដូចជា រថភ្លើង ទូក និងជើងហោះហើរ បិទសាលារៀន និងផ្អាកប្រតិបត្តិការនៅទូទាំងខេត្ត។ យ៉ាងណាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏បានរាយការណ៍អំពីការផ្តាច់ចរន្តអគ្គិសនីយ៉ាងទូលំទូលាយ ហើយគ្រួសារប្រហែល៨៣០,០០០នឹងរងផលប៉ះពាល់ ខណៈដំណាំដ៏មានតម្លៃរាប់ពាន់ហិចតាក៏ត្រូវបានបំផ្លិចបំផ្លាញ។

វៀតណាមគឺជាប្រទេសទី៣ ដែលព្យុះទីហ្វុងយ៉ាកជីបានវាយប្រហារទៅលើភាគជើង ហើយក៏ជាប្រទេសដែលផលប៉ះពាល់យ៉ាងខ្លាំងជាងប្រទេសហ្វីលីពីន និងចិនផងដែរ។ យោងតាមរដ្ឋាភិបាលវៀតណាម គិតត្រឹមថ្ងៃព្រហស្បតិ៍នេះបានប៉ាន់ប្រមាណថា នៅទូទាំងប្រទេសវៀតណាមព្យុះនេះកំពុងបន្តទៅមុខយ៉ាងលឿន ជាមួយនឹងល្បឿនខ្យល់ជាង២០០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបានបង្កឱ្យមានការបាក់ដី និងទឹកជំនន់ជាបន្តបន្ទាប់ បានសម្លាប់មនុស្សកើនដល់១៩៧នាក់ រងរបួស៨០០នាក់ និងប្រមាណ១៤៥នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ខណៈពលរដ្ឋវៀតណាមរាប់ម៉ឺនគ្រួសារត្រូវបានបង្ខំចិត្តជម្លៀសទៅកាន់ទីកន្លែងសុវត្ថិភាពជាបណ្តោះអាសន្ន។ ព្យុះទីហ្វុងយ៉ាកជីដែលមិនធ្លាប់កើតមានក្នុងប្រទេសនេះជាង៥ទសវត្សរ៍ បានបង្កឱ្យតំបន់ទេសចរណ៍ និងទីតាំងជាច្រើនកន្លែងត្រូវបានជន់លិចស្ទើរតែទាំងស្រុង ផ្លូវនាៗពោរពេញទៅដោយទឹកជំនន់ ខណៈកម្រិតទឹកជន់លិចនៅតំបន់ខ្លះកើនដល់ជាង៥ម៉ែត្រ។ យ៉ាងណាមិញ ក្រៅពីនេះចរន្តអគ្គិសនីនៅក្នុងតំបន់ដែលរងគ្រោះធ្ងន់ធ្ងរទាំងអស់ ត្រូវបានកាត់ផ្តាច់ចោលទាំងស្រុងដើម្បីសុវត្ថិភាពរបស់មនុស្ស ។

ក្រឡេកទៅកាន់ប្រទេសថៃវិញ ក៏កំពុងរងផលប៉ះពាល់ដោយសារឥទ្ធិពលនៃព្យុះទីហ្វុងយ៉ាកជីនេះដែរ ដោយកាលពីម្សិលមិញ ការិយាល័យឧតុនិយមថៃបានព្រមានថា ស្រុកនៅក្នុងខេត្តចំនួន៤៨ រួមទាំងទីក្រុងបាងកក នឹងមានភ្លៀងធ្លាក់ខ្លាំងដោយសារឥទ្ធិពលនៃព្យុះយ៉ាកជី ដែលអាចនឹងបង្កឱ្យមានទឹកជំនន់និងការបាក់ដីបន្តទៀត ចាប់ពីថ្ងៃទី១៣-១៨ ខែកញ្ញា។ បើតាមរបាយការណ៍របស់អាជ្ញាធរថៃបានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅប្រទេសថៃ បានកើនឡើងដល់៨នាក់ហើយ ខណៈមនុស្ស៤នាក់ទៀតបានស្លាប់ដោយសារការបាក់ដីក្នុងខេត្តឈៀងម៉ៃ។ ទឹកជំនន់សឹងតែគ្រប់ទីកន្លែងនៅក្នុងប្រទេសថៃ បាននិងកំពុងប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាជនរាប់ពាន់នាក់ ផ្ទះសម្បែងរាប់រយខ្នង ដីស្រែចម្ការ ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើនកន្លែង ផ្អាកដំណើរការសាលារៀន អាជីវកម្ម ក៏ដូចជាការផ្តាច់ចរន្តអគ្គិសនីផងដែរ។

នៅក្នុងប្រទេសឡាវ ក្រុងហ្លួងព្រះបាងភាគខាងជើងនៃប្រទេស បាននិងកំពុងជួបប្រទះនូវទឹកជំនន់យ៉ាងធ្ងន់ធ្ងរមិនធ្លាប់កើតមានពីមុន ដោយចំហាយព្យុះយ៉ាកជីវាយប្រហារបន្តពីប្រទេសថៃ និងវៀតណាម។ ព្យុះនេះបានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំងក្លានៅទូទាំងក្រុងហ្លួងព្រះបាង ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកខូចខាត ផ្ទះសម្បែងនាៗត្រូវបានទឹកជន់លិច។ អាកាសយានដ្ឋានក្នុងស្រុកត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារកម្ពស់ទឹកកើនឡើងខ្ពស់ ហើយជើងហោះហើររវាងទីក្រុងវៀងច័ន្ទ និងហ្លួងណាំថា ក៏ត្រូវបានលុបចោលរង់ចាំរហូតដល់មានការជូនដំណឹងបន្ថែម។ ចំណែកឯជាន់ទីមួយនៃមន្ទីរពេទ្យក្នុងស្រុកត្រូវបានជន់លិច ផ្ទះសម្បែងជាច្រើនខ្នងត្រូវបានរងការខូចខាត និងបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដែលបង្ខំឱ្យអ្នកស្រុកមួយចំនួនស្វែងរកការជ្រកកោននៅលើដំបូលផ្ទះរបស់ពួកគេ។

ជាងនេះទៀតសោត ប្រទេសមីយ៉ាន់ម៉ាក៏កំពុងទទួលរងនូវទឹកជំនន់ដ៏អាក្រក់បំផុត ដែលមិនធ្លាប់មានក្នុងរយៈពេល៨០ឆ្នាំផងដែរ ដោយសារតែឥទ្ធិពលនៃព្យុះទីហ្វុងយ៉ាកជី។ នៅជុំវិញរដ្ឋធានី ណៃពិដោរ (Naypyidaw) ក្នុងប្រទេសមីយ៉ាន់ម៉ាកំពុងប្រឈមនឹងទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុត ខណៈដែលទីក្រុង តាំហ្គោ (Taungoo) ក៏ត្រូវបានគំរាមកំហែងដោយការកើនឡើងនៃកម្ពស់ទឹកទន្លេ។ យ៉ាងណាបើយោងតាមកាសែតរដ្ឋមីយ៉ាន់ម៉ា Global New Light of Myanmar បានឱ្យដឹងថា សេវាខ្សែរថភ្លើងសំខាន់រវាងទីក្រុង យ៉ាំងហ្គួន (Yangon) និង មែនដាឡេ (Mandalay) ត្រូវបានផ្អាកជាបណ្តោះអាសន្នដោយសារផ្នែកខ្លះត្រូវបានជន់លិច។

គួរជម្រាបថា អ្នកវិទ្យាសាស្ត្របានព្រមានពីខ្យល់ព្យុះទីហ្វុង និងខ្យល់ព្យុះកាន់តែខ្លាំង កាន់តែញឹកញាប់ នឹងបន្តកើតឡើង ដោយសារតែការប្រែប្រួលអាកាសធាតុ ដែលមនុស្សបានបំផ្លិចបំផ្លាញធម្មជាតិ។ នៅពេលណាដែលមហាសមុទ្រកាន់តែក្តៅ នោះមានន័យថា ព្យុះនឹងទាញថាមពលកាន់តែច្រើន ដែលនាំឱ្យមានល្បឿនខ្យល់កាន់តែខ្លាំងក្លា៕







Powered by Blogger.