កម្មកររោងចក្ររាប់រយនាក់ផ្ទុះការតវ៉ាក្នុងតំបន់ឧស្សាហកម្មអូរនាង ក្រុងប៉ោយប៉ែត


បន្ទាយមានជ័យ ៖ កម្មកររាប់រយនាក់នៅរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ អឹមអិលអ៊ិនធីមេតអឹភែរីល «ML INTIMATE APPAREL (CAMBODIA )LTD» ដែលមានថៅកែជាជនជាតិចិន ហើយរោងចក្រមួយនេះស្ថិតក្នុងតំបន់ឧស្សាហកម្មអូរនាង ក្រុងប៉ោយប៉ែត បានផ្ទុះការតវ៉ាទាមទារឲ្យក្រុមហ៊ុនមួយបើកប្រាក់ពលកម្មពួកគាត់ឲ្យបានទៀងទាត់ ព្រោះមិនអាចដោះស្រាយជីវភាពគ្រួសារបាន។

ការតវ៉ានេះធ្វើឡើងព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ។ តាមប្រភពពីក្រុមកម្មករបានលើកឡើងថា ដោយសារប្រាក់កម្រៃការងារពួកគាត់ដែលត្រូវបើក១ខែ២ដង បែរជាបើករហូត៤ដងខុសពីគោលការណ៍ដែលក្រសួងបានកំណត់ ព្រោះតែថៅកែរោងចក្រព្យាយាមលើក ឬពន្យារពេលថ្ងៃនេះថ្ងៃនោះ ។ សំខាន់ពួកគាត់មិនអាចដោះស្រាយជីវភាពគ្រួសារបានទើបនាំគ្នាតវ៉ាតែម្តង។


តាមប្រភពពីក្រុមកម្មករបានបន្តថា រោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ «អឹមអិលអ៊ិនធីមេតអឹភែរីល» នេះគឺពិបាកបើកប្រាក់ការងារ កម្មករថា ពួកគាត់ត្រូវចំណាយទៅលើថ្លៃហូបចុក និងបង់ថ្លៃផ្ទះជួល ចំណែកអ្នកខ្លះមានកូនតូចត្រូវការទិញចំណីអាហារឲ្យកូនៗ ហើយបើថៅកែរោងចក្របើកប្រាក់ពលកម្មមិនទៀងទាត់បែបនេះតើឲ្យពួកគាត់សង្ឃឹមអ្វី។ ពួកគាត់បានទទូចសុំអាជ្ញាធរខេត្ត ពិសេសក្រសួងការងារសូមជូយពិនិត្យបញ្ហានេះផង។

ក្រុមកម្មករនិយាយថា តាមច្បាប់ការងាររបស់ក្រសួងគឺតម្រូវឲ្យថៅកែរោងចក្របើកប្រាក់ការងារឲ្យកម្មករក្នុង១ខែ២ដង ប៉ុន្តែពួកគាត់ថា រោងចក្រកាត់ដេរខាងលើមិនបានគោរពតាមគោលការណ៍របស់ក្រសួងនើទេ។ ផ្ទុយទៅវិញ ថៅកែរបស់ពួកគាត់បើកប្រាក់ការងារឲ្យមិនទៀងទាត់ឡើយ ពោលគឺ១ខែបើកឲ្យរហូត៤ដង ហើយពេលខ្លះបើកប្រាក់ខែឲ្យមិនគ្រប់ទៀតផង។ ពួកគាត់ថា ថ្ងៃនេះដល់ពេលដែលត្រូវបើកប្រាក់ការងារហើយ តែថៅកែបានលើកពេលសុំបើកឲ្យនៅថ្ងៃសុក្រវិញ។ មុនពេលបែកគ្នានៅវេលាយប់ដដែលនេះក្រុមកម្មករនិយយាថា បើចាប់ពីថ្ងៃស្អែកទៅ ថៅកែមិនបើកប្រាក់ខែឲ្យទេ ពួកគាត់នឹងលើកគ្នាទៅឈរតវ៉ាមុខរោងចក្ររាល់ថ្ងៃ ហើយមិនចូលធ្វើការទៀតផង។

ពាក់ព័ន្ធនឹងករណីខាងលើនេះ គេឃើញមានវត្តមានអាជ្ញាធរថ្នាក់ខេត្ត-ក្រុង បានដឹកនាំក្រុមការងារជួបប្រជុំរកដំណោះស្រាយជាមួយតំណាងរោងចក្រ និងតំណាងក្រុមកម្មករនៅសាលប្រជុំមួយក្នុងតំបន់ឧស្សាហកម្មអូរនាង ។ អាជ្ញាធរក៏បានលើកឡើងប្រាប់កម្មករថា ក្រុមមន្ត្រីរបស់លោកមានប្រចាំការតាមតំបន់ឧស្សាហកម្ម ហើយបើមានបញ្ហាណាមួយកើតឡើង ត្រូវជួបជាមួយមន្ត្រីតំណាងក្រសួងការងារ ឬជួបតំណាងរោងចក្រចៀសវាងធ្វើអ្វីមួយដែលខុសច្បាប់ ៕








Powered by Blogger.