ទីតាំង ល្បែងស៊ីសងឡូតូអនឡាញ យីហោ(ឡូតូ៩៩៩៩) បើកលេងយ៉ាងអនាធិបតេយ្យ ក្នុងសង្កាត់កាកាប២ ចំណែកមន្ត្រីប្រចាំតំបន់កំពុងដេកលុងលក់
រាជធានីភ្នំពេញ ÷ ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ មួយកន្លែងយីហោឡូតូ៩៩៩៩ ទល់មុខភោជនីយដ្ឋានលំហែរមាត់បឹង ក្នុងភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ កំពុងបើកលេងយ៉ាងអនាធិបតេយ្យ ក្រុមអ្នកញៀនល្បែង ពពាក់ពពូនចូលលេងយ៉ាងរំភើយ ដោយឡែកអាជ្ញាធរ មន្ត្រីជំនាញក្នុងមូលដ្ឋានកំពុងដេកលុងលក់ មិនមានវិធានការទប់ស្កាត់និងបង្ក្រាប ឬមួយត្រូវថ្នាំសណ្តំអស់ទៅហើយ តើមន្ត្រីនៅក្នុងមូលដ្ឋានទាំងនោះ ជាមន្ត្រីបែបណាទៅវិញ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញ មានចំណាត់ការយ៉ាងណាវិញ ចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លួនអសមត្ថភាពក្នុងការគ្រប់គ្រង និងបណ្តែតបណ្តោយ អោយក្រុមអ្នកញៀនល្បែង ប្រព្រឹត្តបទល្មើសតាមតែទំនើងចិត្ត។
បើយោងតាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បញ្ជារអោយ អភិបាលរាជធានី ខេត្ត ត្រូវបិទរាល់ល្បែងស៊ីសងទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន កាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ។
ក្នុងនាមជាមន្ត្រីបម្រើការងារជូនប្រជាពលរដ្ឋល្មើសបទបញ្ជាផ្ទៃក្នុង 006 របស់អគ្គស្នងការនគរបាលជាតិនិងគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង 7 ចំណុច ដើម្បីរក្សារបៀបរៀបរយសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ តើក្នុងនាមជាមន្ត្រីស៊ីប្រាក់ខែរដ្ឋមានទំនួលខុសត្រូវយ៉ាងណាវិញ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាចាត់វិធានការ រិតបន្តឹងមន្ត្រីក្រោមឱវាទរបស់ខ្លួន ក្នុងចំណុចបណ្ដែតបណ្ដោយឲ្យមានល្បែងស៊ីសងប្រចាំតំបន់ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ខ្លួន។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment