រថយន្តកុងតឺន័រមួយគ្រឿងចតឈប់ចោលនៅជាប់ផ្លូវរថភ្លើង ត្រូវបានរថភ្លើងបើកកៀប បណ្ដាលឲ្យខូចខាតយ៉ាងដំណំ

 


រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿងចតឈប់ចោលនៅជាប់ផ្លូវរថភ្លើង ត្រូវបានរថភ្លើងបើកកៀប បណ្ដាលឲ្យខូចខាតយ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើលនៅ១២និង១៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-3424 បើកបរមកចតឈប់ទុកចោលជាប់និងផ្លូវរថភ្លើង ចំណែកអ្នកបើកបរចុះទៅណាបាត់ លុះក្រោយមកស្រាប់តែមានរថភ្លើងធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បួងរួចទៅកៀរថយន្តកុងតឺន័រ បណ្ដាលឲ្យខូចខាតទ្វារនិងកាង ចំណែករថភ្លើងបានបើកបន្តដំណើរទៅមុខបាត់ បន្ទាប់មកប្រជាពលរដ្ឋបានរាយការណ៍ទៅនគរបាលប៉ុស្តិ៍ចុះមកអន្តរាគមន៍ភ្លាមៗ ។

បច្ចុប្បន្ន រថយន្តកុងតឺន័រខាងលើត្រូវបាននគរបាលផ្នែកជំនាញចរាចរណ៍បើកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការខណ្ឌពោធិសែនជ័យរង់ចាំម្ចាស់រថយន្តកុងតឺន័រមកដោះស្រាយជាមួយតំណាងរថភ្លើងនៅពេលក្រោយជាបន្តទៀត ៕ដោយ សឹម សាវី







Powered by Blogger.