លោក សៅ វណ្ណា នាយប៉ុស្តិ៍នគរបាល លោក ឆេង សាវិន ប្រធានការិយាល័យគយច្រកទ្វារព្រំដែនតំបន់ដូង បើកដៃអោយឈ្មួញតូចធំនាំទំនិញគេចពន្ធនិងទំនិញខុសច្បាប់ពីប្រទេសវៀតណាមយ៉ាងពេញបន្ទុកវគ្គ១
ខេត្តស្វាយរៀង៖ ប្រភពបែកធ្លាយពីមន្ត្រីប្រចាំច្រកបានអោយដឹងថា ថ្មីនេះក្រុមឈ្មួញវៀតណាមនាំគ្នាសម្រុកដឹកជញ្ជូនទំនិញគេចពន្ធនិងទំនិញខុសច្បាប់ជាច្រើនប្រភេទចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនតំបន់ដូង ឃុំដូង ស្រុករមាសហែក យ៉ាងអាណាធិបតេយ្យ មានដឹកទំនិញទៅប្រទេសវៀតណាមវិញផងដែរ គឺទំនិញដឹកចូលប្រទេសខ្មែរគឺយកមកផ្ទេរនៅផែស្ងួតខ្មែរចំណែកទំនិញនាំទៅប្រទេសវៀតណាមគឺរថយន្តខ្មែរ ឆ្លងដែនចូលទៅផែប្រទេសវៀតណាម។
នាពេលថ្មីៗនេះគេសង្កេតឃើញមានរថយន្តវៀតណាមដឹកទំនិញចូលមកផ្ទេរនៅក្នុងផែស្ងួតជិតព្រំដែនដូង ជាច្រើនគ្រឿងប៉ុន្តែមិនដឹងថាជាទំនិញអ្វីនោះទេ នៅច្រកព្រំដែនតំបន់ដូងនេះមានសមត្ថកិច្ចជាច្រើនដាក់ប៉ុស្តិ៍បណ្ដាក់គ្នាដូចខ្យង ចាំយកលុយពីអ្នក ដឹកទំនិញជាហូរហែរគ្រប់បែបយ៉ាង។
ប្រភពដដែលបន្តទៀតថា ទំនិញដែលនាំចូលមកពីប្រទេសវៀតណាមតាមប៉ុស្តិ៍ច្រកទ្វារព្រំដែនតំបន់ដូង មានដូចជា៖ខ្ទឹមស ម្ទេស ដែករបងក្រឡាក្រួច ទូ តុ កៅអីជ័រ ទុយោទឹកជ័រ ប៊ីដុងជ័រ ធុងជ័រ គ្រឿងសំណង់ ម៉ូទ័រ ពូក សំបកកង់ម៉ូតូ និងមានទំនិញមួយ ចំនួនផ្សេងទៀត ដែលគេចពន្ធបង់ពន្ធមិនគ្រប់រថយន្តបិតជិត ៗបើកចូលទៅផ្ទេរនៅក្នុងផែមិនអនុញ្ញាតិជនក្រៅពីកម្មករនៅធ្វើការទីនោះចូលទេ។
គេសង្កេតឃើញរថយន្តតូរីសកែឆ្នៃ១គ្រឿងៗ ផ្ទុកទំនិញនៅក្នុងរថយន្តនិងនៅលើដំបូល មានជាកេះដឹកបម្រុងឆ្លងដែនទៅប្រទេស វៀតណាមមិនដឹង ជាទំនិញអ្វីនោះទេ។
មហាជនបានលើកឡើងថា វៀតណាមនាំទំនិញចូលមកតាមប៉ុស្តិ៍ច្រកទ្វារព្រំដែនតំបន់ដូងនេះក្នុង១ថ្ងៃៗ និងលើសទម្ងន់ អាចនិងធ្វើឲ្យបាក់ស្រុតខូចផ្លូវកៅស៊ូដែលទើបតែសាងសង់រួចថ្មីៗ បើគ្មានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ នៅពេលយប់ក៏មានដឹកទំនិញចេញចូលច្រើនដែលមិនដឹងថាជាទំនិញអ្វី។
ចំណែកក្រុមអាជីវករខ្មែរវិញបានលើកឡើងថា មានមន្ត្រីគយ ដាក់ប៉ុស្តិ៍បង់ពន្ធបណ្តាក់គ្នាដូចខ្យង មានប៉ុស្តិ៍នគរបាលវរការពារព្រំដែននៃច្រកទ្វារព្រំដែនតំបន់ដូង ប៉ុស្តិ៍ ការិយាល័យគយនិងរដ្ឋាករខេត្តប្រចាំច្រកទ្វារតំបន់ព្រំដែនដូង និងប៉ុស្តិ៍គយចល័ត មានបង់ពន្ធហើយ មានទាបង់ថ្លៃបាយថ្លៃកាហ្វេទៀត គឺមានរាប់ក្បាលរថយន្តយកលុយ តែ ម្តង,រ៉ឺម៉កកែឆ្នែ ៥ម៉ឺនរៀលរថយន្តតូរីសកែឆ្នៃ ក៏ដូចជាគោយន្តកែឆ្នៃ១០ម៉ឺនរៀល និងរថយន្តធុនធំ២០ម៉ឺនទៅ៣០ ម៉ឺនរៀល។
អង្គភាពអ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺ ពីសំណាក់លោក សៅ វណ្ណា នាយប៉ុស្តិ៍នគបាលច្រកទ្វារតំបន់ព្រំដែនដូងបាននោះទេ ដោយមន្ត្រីប្រចាំការនៅប៉ុស្តិ៍ច្រកទ្វារប្រាប់ថា មេមិននៅ។
រីឯលោក ឆេង សាវិន ប្រធានការិយាល័យគយនិងរដ្ឋាករប្រចាំប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែនដូង ក៏មិនអាចសុំការពន្យល់បកស្រាយបាននៅឡើយទេដោយសារមិនមានលេខទំនាក់ទំនង។
នៅក្នុងករណីខាងលើនេះអង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment