សមត្ថកិច្ចខេត្តក្រចេះ បង្ក្រាប​និង​ដកហូត​ម៉ូតូ​ជាង​២០០​គ្រឿង បើ​ប្រជាពលរដ្ឋ​ធ្លាប់​បាត់​ម៉ូតូ សូម​ទៅ​ពិនិត្យ​មើល



ខេត្តក្រចេះ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ បាន​ជូនដំណឹង​នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤​នេះ​ថា ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្លាប់​បាត់​ម៉ូតូ ឬ​រថយន្ដ​សូម​ទៅ​ត្រួតពិនិត្យ​មើល​ម៉ូតូ ឬ​រថយន្ត​របស់​ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្រុក​ចំនួន​៤ រួម​មាន​៖ ក្រុង​ក្រចេះ​, ស្រុក​ស្នួល​, ស្រុក​អូរ​គ្រៀង​សែន​ជ័យ និង​ស្រុក​ព្រែក​ប្រសព្វ ដោយ​ភ្ជាប់​មក​ជាមួយ នូវ​ឯកសារ​ពាក់ព័ន្ធ នៅ​រៀង​រាល់​ម៉ោង​ធ្វើការ ។


ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ បាន​បញ្ជាក់​ថា កាលពី​ពេល​ថ្មី​ៗ​នេះ កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​និ​តិ​វិធី​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ បាន​ចុះ​បង្ក្រាប​ទីតាំង​បញ្ចាំ ជួសជុល កែ​ច្នៃ ទិញ​លក់ (​ម៉ូតូ​-​រថយន្ដ​) គ្មាន​ច្បាប់​នៅ​តាម​បណ្តា​ក្រុង​ស្រុក​ទាំង​៤​ខាងលើ ដោយ​បាន​ដកហូត​ម៉ូតូ​ចំនួន​២០៤​គ្រឿង និង​រថយន្ដ​១​គ្រឿង​ផង​ដែរ ៕



Powered by Blogger.