ឯកឧត្តម ខេង ស៊ុម អញ្ជើញចុះជួបសំេណះសំណាលជាមួយក្រុមស្ម័គ្រចិត្តកាកបាទក្រហមក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ) អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា(គណៈកម្មការទី៣)ឯកឧត្តម ខេង ស៊ុម បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុមស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងក្រុមការងារចុះឈ្មោះបោះឆ្នោត នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែក ខេត្តបន្ទាយមានជ័យ នឹងបានប្រគល់កូនឈឺចំនួន ២០០ដើម ជូនដល់រដ្ឋបាលសង្កាត់និមិត្ត កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។
ថ្លែងក្នុងការឱកាសចុះជួបសំណេះសំណាលនោះឯកឧត្តម ខេង ស៊ុម បានមានប្រសាសន៍លើកឡើងថា៖ សាខាបានបើកវគ្គបំប៉នស្តីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ និងវិជ្ជាសង្គ្រោះបឋម និងគោលនយោបាយអ្នកស្ម័គ្រចិត្ត ដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ពិតជាមានសារៈសំខាន់ណាស់ក្នុងក្នុងគោលបំណងដើម្បីរំលឹងឡើងវិញអំពីចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះនិងវិជ្ជាសង្គ្រោះបឋម ដល់អ្នកស្ម័គ្រចិត្តក្នុងការបំពេញការងារភារកិច្ចជាប្រតិបត្តិករ មនុស្សធម៌ជួយសង្គ្រោះដល់ជនរងគ្រោះ និងងាយរងគ្រោះក្នុងសហគមន៍ប្រកបដោយប្រសិទ្ធិភាព។
ឯកឧត្តម ខេង ស៊ុម ក៏បញ្ជាក់ថា៖ ដោយឡែកការប្រគល់កូនឈើនាពេលនេះ គឺដើម្បីបង្កើនធនធានធម្មជាតិ ឡើងវិញ ការពារធនធានធម្មជាតិចម្រុះ និងកាត់បន្ថយឥទ្ធិពល អវិជ្ជមាននៃការប្រែប្រួល អាកាសធាតុ។ ជាពិសេស ដើម្បីថែរក្សាព្រៃឈើ និងការដាំដុះព្រៃឈើ គឺដើម្បីរក្សា បរិស្ថានបៃតងនៃធនធានធម្មជាតិ គុណភាពដី ជម្រកមនុស្ស សត្វ ដែលអាចអោយ យើងកាត់បន្ថយបាននូវភាពប្រឈមនឹងគ្រោះមហន្តរាយដោយគ្រោះរាំងស្ងួត បំរែបំរួលអាកាសធាតុ ភ្លើងឆេះព្រៃ ខ្យល់កន្ត្រាក់ ទឹកជំនន់ដែលបណ្តាលមក ពីការបាត់បង់ព្រៃឈើ ហើយព្រៃឈើគឺជាប្រភពធនធម្មជាតិដ៏សំខាន់ សម្រាប់ប្រទេសជាតិ៕
Post a Comment