នំពេញ ៖ អគ្គនាយកដ្ឋានសម្ភារបច្ចេកទេសនៃក្រសួងការពារជាតិ បានព្រមានចាត់វិធានច្បាប់ចំពោះអ្នកប្រើប្រាស់ផ្លាកលេខ «ផ្លាកលេខចរាចរខេមរភូមិន្ទ» ដែលជាជនស៊ីវិល ឬជនបរទេស ។
ក្រសួងការពារជាតិបានលើកឡើងថា អ្នកប្រើប្រាស់យានយន្តពាក់ «ផ្លាកលេខចរាចរខេមរភូមិន្ទទាំងអស់» ត្រូវតែជានាយទាហានដែលមានសិទ្ធិពេញលេញ និងមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេស ប្រើប្រាស់បានឡើយ ។ នេះបើតាមរយៈសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការ ពារជាតិនាពេលថ្មីៗនេះ។
ប្រភពបានលើកឡើងថា យោងតាមអនុក្រឹត្យស្តីពីការចេញផ្លាកលេខសម្គាល់យានជំនិះអគ្គនាយកដ្ឋានសម្ភារបច្ចេកទេសក្រសួងការពារជាតិបានជូនដំណឹងដល់បណ្តាស្ថាប័ន កងឯកភាពចំណុះក្រសួង ការពារជាតិ អគ្គបញ្ជាការដ្ឋាន និងគ្រប់បណ្តាប្រភេទទ័ពជំនាញទាំងអស់បានជ្រាបថា អាស្រ័យដោយស្ថានភាព នៃការប្រើប្រាស់យានយន្ត ពាក់ផ្លាកលេខចរាចរខេមរភូមិន្ទ ក្នុងរយៈពេលចុងក្រោយនេះ សង្កេតឃើញកើតមាននូវបាតុភាពមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់សង្គមសាធារណៈ។
អគ្គនាយកដ្ឋានសម្ភារបច្ចេកទេសបន្ដថា ការធ្វើឱ្យប៉ះពាល់ដល់សង្គមសាធារណៈ ដូចជាបញ្ហាគ្រោះ ថ្នាក់ចរាចរណ៍ បុគ្គលអ្នកប្រើប្រាស់មួយចំនួនមានភាពក្រអឺតក្រទម មិនស័ក្តិសមជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃ និងទទួលការរិះគន់ពីសាធារណជន ជាពិសេស ប៉ះពាល់ដល់កិត្តិយសនៃកងយោធពល ខេមរភូមិន្ទទាំងមូល ។
ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ ក៏បានបញ្ជាក់បន្ថែមអំពីការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទទាំងអស់ ដោយអនុវត្តតាមអនុក្រឹត្យស្តីពីការចេញផ្លាកលេខសម្គាល់យានជំនិះ, អ្នកប្រើប្រាស់ត្រូវតែជានាយទាហានដែលមានសិទ្ធិពេញលេញ ដោយមិនអនុញ្ញាត ឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ។
អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសបានលើកឡើងទៀតថា ការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទ ត្រូវស្របតាមការកំណត់របស់ក្រសួងការពារជាតិ ចំពោះក្រុមហ៊ុនសហការវិនិយោគ វិស័យកា រពារជាតិនានាក៏ត្រូវបានអនុវត្តដូចគ្នា។ ក្នុងករណីដែលអនុវត្តការ ប្រើប្រាស់ផ្ទុយខុសពីខ្លឹមសារខាងលើ អគ្គនាយកដ្ឋានសម្ភារបច្ចេកទេសក្រសួងការពារជាតិនឹងចាត់វិធានការច្បាប់ជាធរមាន៕ដោយ សេន សាវី
Post a Comment