សមត្ថកិច្ចហ្វីលីពីន ឆ្មក់ចូលទីតាំងឆបោកដែលគ្រប់គ្រងដោយជនជាតិចិន ឃាត់ខ្លួនមនុស្ស ៩៩ នាក់

 


ហ្វីលីពីន៖ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សមត្ថកិច្ចហ្វីលីពីន បានបើកប្រតិបត្តិការឆ្មក់ចូលទីតាំងឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ដែលគ្រប់គ្រងដោយជនជាតិចិន នៅក្នុងរដ្ឋធានីម៉ានីល ដោយចាប់ឃាត់ខ្លួនមនុស្ស ៩៩ នាក់ ។ ក្នុងនោះ រួមមាន ជនជាតិហ្វីលីពីន ៣២ នាក់ និងជនបរទេស ៦៧ នាក់ ក្នុងចំណោមជនបរទេសទាំងអស់ មានជនជាតិចិន ៥៨ នាក់ ក្រៅពីនោះ មាន ជនជាតិម៉ាឡេស៊ី ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និងវៀតណាម ដោយអាជ្ញាធរហ្វីលីពីន ចោទប្រកាន់ពួកគេពីបទឆបោក ក្រោមរូបភាពទាក់ទាញជនរងគ្រោះ ឱ្យចូលរួមវិនិយោគ នៅក្នុងទម្រង់ពាណិជ្ជកម្មក្លែងបន្លំ ។



មន្ត្រីនគរបាលហ្វីលីពីន បញ្ជាក់ថា ទីតាំងនេះ កំពុងប្រតិបត្តិការដោយក្លែងបន្លំជាក្រុមហ៊ុនល្បែងអនឡាញ (online gaming) ក្រោមអាជ្ញាប័ណ្ណ ដែលប្រធានាធិបតី Ferdinand Marcos Jr. បានសម្រេចហាមឃាត់កាលពីខែមុន ព្រោះតែឧស្សាហកម្មប្រភេទនេះ មានជាប់ពាក់ព័ន្ធនឹងការចាប់ជំរិត ឆបោក ជួញដូរមនុស្ស និងឃាតកម្ម ។


នៅក្នុងសេចក្តីថ្លែងការណ៍មួយ សមត្ថកិច្ចហ្វីលីពីន បានរៀបរាប់ថា ទាំងម្ចាស់ និងអ្នកគ្រប់គ្រងទីតាំងខាងលើ សុទ្ធតែជាជនជាតិចិន ដែលស្ថិតនៅក្នុងចំណោមអ្នកត្រូវបានចាប់ខ្លួន ។ សមត្ថកិច្ច បានបញ្ជាក់បន្ថែមទៀតថា ទីតាំងអាជីវកម្មខុសច្បាប់នេះ កំពុងតែដំណើរការ «សកម្មភាពឆបោកក្រោមរូបភាពវិនិយោគរូបិយប័ណ្ណគ្រីបតូ និងបង្កើតទំនាក់ទំនងស្នេហាក្លែងក្លាយ ដែលរៀបចំឡើង ដើម្បីព្យាយាមទាក់ទាញជនរងគ្រោះ ឱ្យធ្លាក់ខ្លួនចាញ់បោកពួកគេ ។


សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ដែរថា ជនជាតិហ្វីលីពីន ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន បានអះអាងថា ពួកគេត្រូវគេចាប់បង្ខំឱ្យបោកប្រាស់ជនរងគ្រោះថ្មីៗជាបន្តទៀត ប៉ុន្តែពួកគេមិនបានបញ្ជាក់ថាមានអ្វីខ្លះកើតឡើងចំពោះពួកគេ ប្រសិនបើពួកគេបដិសេធនោះទេ ។


គួររំឮកថា ប្រមុខដឹកនាំហ្វីលីពីន លោក ម៉ាកូស (Marcos) បានចេញបម្រាមលើប្រតិបត្តិករល្បែងអនឡាញ បន្ទាប់ពីមានករណីតវ៉ាជាសាធារណៈ ជុំវិញការចោទប្រកាន់ថា អភិបាលក្រុងមួយរូប មានជាប់ពាក់ព័ន្ធនៅក្នុងមជ្ឈមណ្ឌលឆបោកដ៏ធំមួយ ស្ថិតនៅភាគខាងជើង ទីក្រុងម៉ានីល ៕

ប្រភព៖ Manila Times/ South China Morning Post/ The Star/ Myanmar Now

រូបភាព៖ South China Morning Post/ The Star/ Others




Powered by Blogger.