យ៉ាងហួចណាស់មានមនុស្ស ៥ នាក់ស្លាប់ អំឡុងព្យុះសានសាន កំពុងវាយប្រហារប្រទេសជប៉ុន
ជប៉ុន៖ តាមរយៈខ្សែអាត់វីដេអូមួយចំនួនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបង្ហាញអំពីទិដ្ឋភាពនៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងតំបន់មីយ៉ាហ្សាគិ (Miyazaki) ប្រទេសជប៉ុន ដែលបង្កឡើងដោយព្យុះទីហ្វុងសានសាន (Shanshan) ជាព្យុះមួយចុងក្រោយ បន្ទាប់ពីព្យុះអម្ពិល (Ampil) ។
បន្ទាប់ពីអាជ្ញាធរ ចេញការព្រមានថា ព្យុះនេះអាចជាព្យុះដ៏មានឥទ្ធិពលខ្លាំងបំផុតមួយមិនធ្លាប់មាននៅក្នុងតំបន់រួចមក រហូតមកពេលនេះ ព្យុះសានសានដែលមានកម្លាំងខ្យល់បោកបក់ ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥ នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតទទួលរងរបួស គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ។
ទីភ្នាក់ងារឧតុនិយមជប៉ុន បានព្យាករណ៍ថា ព្យុះនេះ នឹងបោកបក់ព័ទ្ធជុំវិញកោះឃ្យូស៊ុ (Kyushu) ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា មុននឹងរំកិលទៅកាន់តំបន់ភាគកណ្តាល និងភាគខាងកើត រួមទាំងរាជធានីតូក្យូ នៅចុងសប្តាហ៍នេះ ។
កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទាំងអ្នកដំណើរ និងអ្នកទេសចរបរទេសនៅក្នុងទីក្រុងហ្វ៊ូគូអូកា (Fukuoka) សុទ្ធតែបង្ហាញនូវក្តីព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកគេ ។ ក្នុងនោះ អ្នកដំណើរអាយុ ៤៧ ឆ្នាំម្នាក់ បានរៀបរាប់ថា «ព្យុះនេះគួរឱ្យខ្លាចណាស់ ហើយយើងមិនដឹងថា នឹងមានរឿងអ្វីកើតឡើងនៅពេលខាងមុខនោះដែរ ប៉ុន្តែយើងសង្ឃឹមថា យើងទាំងអស់គ្នានឹងមានសុវត្ថិភាព» ។ អ្នកទេសចរ ជនជាតិអាម៉េរិក អាយុ ៤៦ ឆ្នាំមួយរូបផ្សេងទៀត បានបង្ហាញក្តីបារម្ភថា ខ្លួននឹងអាចខកជើងហោះហើរទៅកាន់ទីក្រុងញូវយ៉កនៅថ្ងៃទី២ ខែកញ្ញា ប៉ុន្តែមិនមានជម្រើសអ្វីផ្សេង ក្រៅពីបន្តស្នាក់នៅក្នុងតំបន់ភាគខាងត្បូង ជាបណ្តោះអាសន្នសិននោះទេ ។
ក្រៅពីអ្នកដំណើរ និងភ្ញៀវទេសចរខាងលើ អាជ្ញាធរជប៉ុន ក៏បានចេញបញ្ជាឱ្យប្រជាពលរដ្ឋ ៥.២ លាននាក់ ជម្លៀសខ្លួនចេញពីផ្ទះសម្បែង (នៅទូទាំងប្រទេស) ខណៈព្យុះទីហ្វុងសានសាន ដែលកំពុងតែវាយប្រហារភាគនិរតីប្រទេសជប៉ុន បានបង្កឱ្យមានខ្យល់បោកបក់ និងភ្លៀងធ្លាក់ខ្លាំង រហូតធ្វើឱ្យដាច់ចរន្តអគ្គិសនី ក៏ដូចជារំខានដល់ចរាចរណ៍ផ្លូវអាកាស និងបង្ខំឱ្យរោងចក្រធំៗត្រូវបង្ខំបិទទ្វារជាបណ្តោះអាសន្ន ។
ដោយឡែក យោងតាមក្រុមហ៊ុនថាមពលអគ្គិសនី ឃ្យូស៊ុ (Kyushu Electric Power Co.) បានបញ្ជាក់ថា រោងចក្រថាមពលនុយក្លេអ៊ែរ ស៊េនដៃ (Sendai) ក្នុងទីក្រុង សាត់ស៊ូម៉ាស៊េនដៃ (Satsumasendai) តំបន់កាហ្គោស៊ីម៉ា (Kagoshima) មិនមានរងផលប៉ះពាល់អ្វីនោះទេ អំឡុងព្យុះសានសាន កំពុងតែវាយប្រហារប្រទេសជប៉ុន ៕ដោយ សេន សាវី
Post a Comment