ឥណ្ឌូណេស៊ី ផ្ដល់ជំនួយផ្នែកយោធាដល់កម្ពុជា មានតម្លៃ៥០ម៉ឺនដុល្លារ ដើម្បីពង្រឹងសន្ដិសុខ និងទំនាក់ទំនងទ្វេភាគី

 


ភ្នំពេញ៖ ស្ថានទូតឥណ្ឌូណេស៊ី បានផ្ដល់ជំនួយផ្នែកយោធាដល់កម្ពុជា ដែលមានតម្លៃ ៥០ម៉ឺនដុល្លារ ដើម្បីពង្រឹងសន្ដិសុខ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ពិធីប្រគល់-ទទួល នេះត្រូវបានធ្វើឡើង នាល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីលោកបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា

និងលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅក្នុងបរិវេណបញ្ជាការដ្ឋានកងទ័ពជើងអាកាស។


ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Santo បានថ្លែងថា ពិធីប្រគល់-ទទួលជំនួយនៅពេលនេះដើម្បីពង្រឹងពង្រីកពូនជ្រំទំនាក់ទំនងយូរអង្វែងរវាងយោធានៃប្រទេសឥណ្ឌូណេស៊ី និងកម្ពុជា។


«ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលឃើញទំនាក់ទំនងដ៏រឹងមាំបែបនេះបានផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ការកើនឡើងយ៉ាងសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើងក្នុងវិស័យផ្សេងៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យើងមានកិត្តិយសដែលបានធ្វើបែបនេះនៅពេលដែលយើងកំពុងប្រារព្ធខួប ៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរបស់យើង»។ នេះជាប្រសាសន៍របស់លោកឯកអគ្គរដ្ឋទូត Santo។


ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត Santo ក៏បានសម្តែងក្តីសង្ឃឹមថា ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខទ្វេភាគីនឹងរួមចំណែកជាវិជ្ជមានមិនត្រឹមតែឆ្ពោះទៅរកសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងតំបន់ទាំងមូលផងដែរ។


ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី បានបញ្ជាក់ដែរថានៅក្នុងបរិយាកាសសន្តិសុខសកលដែលមិនអាចទាយទុកជាមុនបានកាន់តែខ្លាំងឡើង វាជារឿងសំខាន់ដែលឥណ្ឌូណេស៊ី និងកម្ពុជា ក្នុងនាមជាប្រទេសជិតខាង និងសមាជិកនៃសហគមន៍អាស៊ាន គាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនសមត្ថភាពយោធារបស់គ្នាទៅវិញទៅមក។


ក្នុងគ្រានេះដែរ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌូណេស៊ីដែលបានផ្ដល់ជំនួយផ្នែកយោធានៅពេលនេះ នឹងធ្វើឲ្យវិស័យយោធាកម្ពុជាកាន់តែរឹងមាំ និងរីកចម្រើន ហើយនឹងរួមចំណែកធ្វើឲ្យទំនាក់ទំនាក់ទ្វេភាគីកម្ពុជា-ឥណ្ឌូណេស៊ី កាន់តែប្រសើរឡើងថែមទៀត។


បើតាម លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជំនួយផ្នែកយោធាដែលឥណ្ឌូណេស៊ីផ្ដល់ជូនកម្ពុជា រួមមាន អាវុធវែងទំនើប ១៥០ដើម, អាវុធខ្លីចំនួន២០ដើម និង គ្រាប់តូចធំចំនួន១លានគ្រាប់។


សូមជម្រាបថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខរវាងប្រទេសឥណ្ឌូណេស៊ី និងកម្ពុជា ត្រូវបានផ្តួចផ្តើមឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ប៉ុន្តែត្រូវបានពង្រឹងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០។ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ប្រទេសឥណ្ឌូណេស៊ីបានបញ្ជូនកងរក្សាសន្តិភាពជាង ៣.៩០០ នាក់ទៅចូលរួមក្នុងបេសកកម្មអ៊ុនតាក់ក្នុងឆ្នាំ១៩៩២-១៩៩៣។ ដោយមានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនកម្ពុជា ទំនាក់ទំនងរវាងកងរក្សាសន្តិភាពឥណ្ឌូណេស៊ី និងសហគមន៍មូលដ្ឋានបានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពរឹងមាំឡើងវិញ បន្ទាប់ពីមានភាពចលាចលជាច្រើនឆ្នាំក្នុងអំឡុងសង្គ្រាមត្រជាក់។


យោធាឥណ្ឌូណេស៊ីតែងតែផ្តល់ការហ្វឹកហ្វឺនដល់អង្គភាពផ្សេងៗនៃកងយោធពលខេមរភូមិន្ទ រួមទាំងកងបញ្ជាការពិសេស (កងពលតូចលេខ៩១១) និងទីបញ្ជាការកងអង្គរក្ស (BHQ)។ កិច្ចសហប្រតិបត្តិការទាំងនេះក៏បានគូសបញ្ជាក់ផងដែរដោយការផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់ក្នុងចំណោមមន្ត្រីជាន់ខ្ពស់យោធានៃប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូណេស៊ី៕ដោយ សេន សាវី















Powered by Blogger.