ក្រសួងសុខាភិបាល បញ្ជាក់ថា ករណីពុលស្រាថ្នាំនៅខេត្តតាកែវ គឺក្នុងស្រាមានជាតិមេតាណុលខ្ពស់រហូតកម្រិត១៥%
តាកែវ៖ មនុស្ស ៣នាក់ បានស្លាប់ និង ៣នាក់ទៀតកំពុងបន្តសង្រ្គោះនៅមន្ទីរពេទ្យ ដោយសារពុលស្រាថ្នាំ កើតហេតុនៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។ លទ្ធផលតេស្ត និងវិភាគសំណាកស្រាថ្នាំ ដោយអគ្គនាយកដ្ឋាន «ក.ប.ប.» ឃើញថាមានផ្ទុកសារធាតុមេតាណុល កម្រិត ១៥% ដែលធ្វើឱ្យពុលស្លាប់ ដែលកម្រិតមិនពុលនោះមិនត្រូវលើសពី ០,១% នោះទេ។
នេះយើងយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ករណីស្លាប់បណ្តាលមកពី ពុលស្រា នៅស្រុកទ្រាំង ខេត្តតាកែវ របស់ក្រសួងសុខាភិបាល ចេញផ្សាយនាល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។
ខ្លឹមសារក្នុងសេចក្តីប្រកាសព័ត៌មានខាងលើបញ្ជាក់ថា តាមការសាកសួរបង្ហាញថា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ពួកគាត់បានពិសាស្រាថ្នាំ លុះថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២៤ មនុស្ស៣នាក់បានស្លាប់ និង៣នាក់ទៀតត្រូវបានជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យ។
“លទ្ធផល តេស្តនិងវិភាគសំណាកស្រាថ្នាំ ដោយអគ្គនាយកដ្ឋាន «ក.ប.ប.» ឃើញថាមានផ្ទុកសារធាតុមេតាណុល កម្រិត ១៥% ដែលធ្វើឱ្យពុលស្លាប់ ដែលកម្រិតមិនពុលនោះមិនត្រូវលើសពី ០,១%។”
ដើម្បីបង្កាក្រុមឆ្លើយតបបន្ទាន់ និងអាជ្ញាធរពាក់ព័ន្ធបានចុះអប់រំណែនាំប្រជាជននៅតាមភូមិ-ឃុំ ដែលកើត ហេតុ ឲ្យមានការប្រុងប្រយ័ត្ន ខ្ពស់ដោយអនុវត្តខ្ជាប់ខ្ជួននូវអនាម័យចំណីអាហារឲ្យបានល្អ និងត្រូវបញ្ឈប់ ជាបន្ទាន់នូវការពិសាស្រាដែលផលិតឬបិតស្រាមិនបានត្រឹមត្រូវតាមក្បួនខ្នាតបច្ចេកទេស និងបញ្ឈប់ការ លក់ស្រានិងទីតាំងផលិតចែកចាយស្រាក្នុងតំបន់គោលដៅដែលកើតហេតុខាងលើ។
ក្នុងនោះក្រសួងសុខាភិបាល បញ្ជាក់ច្បាស់ថា “មេតាណុល មិនមែនមេស្រាទេ កុំប្រើប្រាស់មេតាណុលក្នុងការផលិតស្រា ស ស្រាថ្នាំ”។
ទោះបីយ៉ាងណា សមត្ថកិច្ចបានឃាត់ខ្លួនអ្នកលក់ស្រា ដែលបណ្តាលអោយមានអ្នកស្លាប់ និងរងគ្រោះ ដើម្បីកសាងនិតិវិធីទៅតាមផ្លូវច្បាប់៕
Post a Comment