លោកជំទាវ វី ស្រីពៅ ចុះផ្សព្វផ្សាយច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន រៀបចំដោយក្រសួងអធិការកិច្ច សហការជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ

 


(បន្ទាយមានជ័យ) បញ្ហាគ្រឿងញៀន គឺបញ្ហាស្មុគស្មាញជាសកល បញ្ហាដែលលំបាកចាក់ស្រេះព្រោះប្រទេសទាំងអស់ក្នុងតំបន់ សូម្បីតែប្រទេសមហាអំណាចនៅអឺរ៉ុប នៅបារាំង នៅអាមេរិក ក៏មិនទាន់ជោគជ័យក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះដែរនេះគឺជាប្រសាសន៍លើកឡើងរបស់លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច ក្នុងពិធីចុះផ្សព្វផ្សាយច្បាប់ស្ដីពីការត្រួតគ្រឿងញៀន ជូនដល់កងកម្លាំងប្រដាប់អាវុធប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស.និស្សិត ប្រជាការពារភូមិ ក្នុងខេត្តបន្ទាយមានជ័យដែលរៀបចំដោយក្រសួងអធិការកិច្ច សហការជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមឧត្តមសេនីយ៍ឯក ឯម ហ៊យ ទីប្រឹក្សា អាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត និងលោក លោកស្រី អភិបាល.អភិបាលរងក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងកងកម្លាំងទាំងបី សរុប​ប្រមាណជាង ៤១២នាក់ ធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍លើកឡើងថា៖ដើម្បីចូលរួមចំណែកទប់ស្កាត់នូវគុណវិបត្តិ និងការខាតបង់បណ្ដាមកពីគ្រឿងញៀន ក្នុងនាមអាជ្ញាធរខេត្តសូមអំពាវនាវដល់គ្រប់បណ្ដាលមន្ទីរស្ថាប័ន ជាពិសេសអង្គភាពជំនាញត្រូវមានផែនការគ្រប់គ្រង និងអនុវត្តឱ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយ ព្រមទាំងជួយផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានយល់ដឹងអំពីច្បាប់។ ក្នុងឱកាសនោះលោក អភិបាលរងខេត្ត បានធ្វើការសំណូមពរដល់គណៈប្រតិភូសូមចូលបន្តចុះផ្សព្វផ្សាយច្បាប់នេះជាលើកទី២ម្តងទៀតក្នុងខេត្តបន្ទាយមានជ័យ។

ថ្លែងនៅក្នុងឱកាសនោះលោកជំទាវ វី ស្រីពៅ បានធ្វើការកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការល្អព្រមទាំងបង្ករលក្ខណៈងាយស្រួលឲ្យក្រសួង ក៏ដូចជាមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា.ព្រឹទ្ធសភា និងអធិការកិច្ចខេត្តបន្ទាយមានជ័យបានរៀបចំពិធីផ្សព្វផ្សាយច្បាប់នេះឡើងក្នុងគោលបំណងបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន បង្កើនការយល់ដឹងសំដៅលើកស្ទួយ ការគោរពនិងអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវដើម្បីឧត្តមប្រយោជន៍របស់សង្គមជាតិ។

លោកជំទាវ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានមានប្រសាសន៍អំពីប្រវត្តិ និងបេសកកម្មរបស់ក្រសួងឲ្យដឹងថា៖ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា.ព្រឹទ្ធសភា និងអធិការកិច្ចត្រូវបានប្ដូរឈ្មោះមកជាក្រសួងអធិការកិច្ចក្នុងគោលដៅដើម្បីសម្រួចបេសកកម្មផ្ដោតលើការងារអធិការកិច្ចនៅលើគ្រប់វិស័យក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីរួមចំណែកក្នុងការសម្រេចនូវចក្ខុវិស័យ របស់រាជរដ្ឋាភិបាលក្រុមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបបរអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕


















Powered by Blogger.