ពិធីបញ្ចុះបឋមសិលាសាងសង់សួនសន្តិភាព ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សួនសន្តិភាព ដែលរៀបចំធ្វើឡើងនៅមាត់ស្ទឹងសិរីសោភ័ណ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ ដោយមានការនិមន្តអញ្ជើញចូលរួមពីសំណាក់ គណៈព្រះតេជគុណមេគុណខេត្តទាំងពីរគណៈ អស់លោក លោកស្រី អភិបាលរងខេត្ត ប្រធាន អនុប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធ អភិបាល អភិបាលរងក្រុង កងកម្លាំងគ្រប់កងឯកភាព លោកមេឃុំ មេភូមិ ចៅសង្កាត់ និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ នៅថ្ងៃពុធ ១០ កើត ខែស្រាពណ៍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តម អ៊ំុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា សួនសន្តិភាពនេះមានប្រវែង ២៥០ ម៉ែត្ររបតាមដងស្ទឹងព្រះពន្លា ក្នុងនោះមានសាងសង់ស្តូប ៣០គុណ២៦ម៉ែត្រ កំពស់៩.៣៣ម៉ែត្រអមដោយសួនច្បារ។
ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ផងដែរថា កន្លងមកនៅចំណុចខាងលើនេះគឺមានភាពស្មុគស្មាញដោយសារតែបងប្អូនប្រជាពលរដ្ឋ បានមកតាំងលំនៅឋានយ៉ាងអាណាធិបតេយ្យនៅតាមដងស្ទឹង តែក្រោយពីមានការខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្រុងសិរីសោភ័ណ និងអភិបាលខេត្តបន្ទាយមានជ័យផងនោះក៏បានដោះស្រាយបញ្ហានេះរួចរាល់និងបានរៀបចំសណ្ដាប់ធ្នាប់ នៅតាមដងស្ទឹងសិរីសោភ័ណឱ្យកាន់តែល្អប្រសើរ ហើយនេះជាសមិទ្ធផលថ្មីមួយសម្រាប់ខេត្តបន្ទាយមានជ័យ ក្នុងចំណោមសមិទ្ធផលជាច្រើនទៀតដែលជាកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម អ៊ំុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដើម្បីរៀបចំសោភ័ណភាព សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដើម្បីមកទស្សនាខេត្តបន្ទាយមានជ័យ និងជាសួនសម្រាប់ឲ្យប្រជាពលរដ្ឋយើងបានដើរលំហែរនិងហាត់ប្រាណដើម្បីសុខភាពផងដែរ៕
Post a Comment