ឯកឧត្តម សុវណ្ណ សុភា ដឹកនាំគណៈប្រតិភូសមាជិកក្រុមប្រឹក្សាខេត្តចូលរួមក្នុងពិធី"សន្និសីទភាពជាអ្នកដឹកនាំ ស្តីពីគ្រួសារសន្តិភាព"នៅខេត្តនគរាជសីមា នៃព្រះរាជាណាចក្រថៃឡង់
(បន្ទាយមានជ័យ) គណៈប្រតិភូសមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៤ ដឹកនាំដោយឯកឧត្តម សុវណ្ណ សុភា សមាជិកក្រុមប្រឹក្សាខេត្តតំណាងឲ្យឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងពិធី"សន្និសីទភាពជាអ្នកដឹកនាំ ស្តីពីគ្រួសារសន្តិភាព"នៅខេត្តនគរាជសីមា នៃព្រះរាជាណាចក្រថៃឡង់ ដែលមានសមាជិកចំនួន ២៦នាក់ រៀបចំឡើងដោយអង្គការ UPF ឥណ្ឌូចិន ដែលមានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃ១៨ ដល់ថ្ងៃ២២ ខែមិថុនា ឆ្នាំ២០២៤។
ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម សុវណ្ណ សុភា បានមានប្រសាសន៍លើកឡើងថា៖ ដោយមានការសម្របសម្រួលពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងដោយមានការផ្តួចផ្តើមរៀបចំឡើងដោយអង្គការ UPF ឥណ្ឌូចិន ទើបគណៈប្រតិភូយើងបានធ្វើដំណើរឆ្លងកាត់ដោយមានភាពរលូន ដោយឆ្លងកាត់ព្រំដែនថៃ.កម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយប្រើលិខិតឆ្លងដែន(PASSPORT)ផ្ទាល់ខ្លួនដោយមានសមាសភាពឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៤ និងលោក ហាជីមិ សៃតុ (Hajime Saito) អនុប្រធានសហព័ន្ធសន្តិភាពសកលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច និងប្រទេសជប៉ុន និងក្រុមការងារ សរុបចំនួន២៦នាក់ ដើម្បីចូលរួមក្នុងពិធី"សន្និសីទភាពជាអ្នកដឹកនាំ ស្តីពីគ្រួសារសន្តិភាព"នៅខេត្តនគរាជសីមា នៃព្រះរាជាណាចក្រថៃឡង់។
ឯកឧត្តម បានបន្តថា៖ ការធ្វើដំណើរនេះប្រើរថយន្តទេសចរណ៍ ១២កៅអី ចំនួន៣គ្រឿង ចាប់ពីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ឆ្ពោះទៅកាន់ខេត្តនគរាជសីមា នៃព្រះរាជាណាចក្រថៃឡង់ ដែលមានចំងាយប្រមាណជាង២១៨គីឡូម៉ែត្រ។
ក្នុងឱកាសដំណើរទស្សនកិច្ចនោះឯកឧត្តម សុវណ្ណ សុភា ជំនួសមុខឲ្យឯកឧត្តម លោកជំទាវគណៈប្រតិភូ សូមគោរពថ្លែងអំណរអរគុណដល់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ជាពិសេសអង្គការ UPF ឥណ្ឌូចិន ដែលតែងតែចូលរួមឧបត្ថម្ភឧបត្ថម្ភគាំទ្រ និងផ្ដល់ឱកាសក្នុងការចូលរួមទស្សនកិច្ច និងផ្លាស់ប្ដូរបទពិសោធន៍រវាងប្រទេសថៃ និងកម្ពុជា ជូនដល់ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ គ្រប់អាណត្តិផងដែរ៕
Post a Comment