ករណីជំរិតទាប្រាក់ និងសម្លាប់ រួចយកសាកសពទៅទម្លាក់នៅចំណុចទន្លេវ៉ៃគោ ត្រូវបានកងរាជអាវុធហត្ថបំបែកសំណុំរឿង!
នៅវេលាម៉ោងប្រមាណ ៧ និង ០០នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋបានប្រទះឃើញសាកសពជនរងគ្រោះម្នាក់ភេទប្រុស អាយុប្រហែល២០ឆ្នាំជាង ដេកផ្កាប់មុខនៅជិតម៉ូតូម៉ាកឃ្លីក ពណ៌សលាយក្រហម នៅចំណុចខាងកើតស្ពានហាយវ៉េ ជាប់ច្រាំងទន្លេវ៉ៃគោ ស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង បន្ទាប់មកសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ខេត្តស្វាយរៀង និងមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅពិនិត្យនៅទីតាំងជាក់ស្តែង និងធ្វើកោសល្យវិច័យលើសាកសព នគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ និងលោកវេជ្ជបណ្ឌិត សមាជិកគណកម្មាការកោសល្យវិច័យ នៃមន្ទីរពេទ្យខេត្តស្វាយរៀង ដោយបានសន្និដ្ឋានថាសាកសពឈ្មោះ ហាក់ ស៊ីវ ភេទប្រុស ជនជាតិវៀតណាម កើតថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៩៨ ស្លាប់ដោយសារការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ (អាចជាការគ្រោះថ្នាក់ចរាចរណ៍) និងបានប្រគល់សាកសពឱ្យលោក ហាក់ យី មានទីលំនៅភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្ដព្រៃវែង ត្រូវជាឪពុករបស់សពទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
ក្រោយពេលក្រុមគ្រួសារទទួលសាកសពយកមកដល់ទីលំនៅនឹងធ្វើការសម្អាតសាកសពឃើញមានករដៃមានស្នាមជាំដុំៗ និង ស្នាមជាំដូចការចងករដៃ ករជើង និងមានស្នាមជាំនៅលើបំពង់ករឃើញដូចនេះក្រុមគ្រួសារសព មានការសង្ស័យថាការស្លាប់របស់ឈ្មោះ ហាក់ ស៊ីវ ជាករណីឃាតកម្ម សម្លាប់យកទៅផ្លុងចោល ក្រោយពេលធ្វើបុណ្យសពតាមប្រពៃណីចប់សព្វគ្រប់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឪពុកជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅកងរាជអាវុធហត្ថខេត្តព្រៃវែង ជួយស្រាវជ្រាវរកការពិតជូនកូនរបស់គាត់ ។
ក្រោយទទួលពាក្យបណ្តឹងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រៃវែង បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និង ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង ។ ដោយមានការដឹកនាំចង្អុលបង្ហាញពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យជំនាញស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស ផែននគរបាលយុត្តិធម៌ ចុះសហការជាមួយជំនាញអាវុធហត្ថខេត្តព្រៃវែង ខេត្តស្វាយរៀង ស្រាវជ្រាវរកការពិត និង បង្ក្រាបករណីនេះឱ្យខានតែបាន។
ក្រោយពីទទួលបានបទបញ្ជា លោកឧត្តមសេនីយ៍ត្រី គង់ សត្ថារិន ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំជំនាញចុះធ្វើការសហការជាមួយជំនាញអាវុធហត្ថខេត្តព្រៃវែង ខេត្តស្វាយរៀង ហើយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការខេត្តព្រៃវែង ចុះធ្វើការស្រាវជ្រាវឈានដល់កំណត់អត្តសញ្ញាណបទល្មើសថាជាករណីផ្លុងសាកសព មិនមែនស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទេ គឺជាករណីឃាតកម្ម និង បានកំណត់មុខសញ្ញាជនប្រព្រឹត្តបទល្មើស។
លុះដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដោយមានការសម្របសម្រួលពី លោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានធ្វើការទំនាក់ទំនងជាមួយសមត្ថកិច្ចនគរបាលស្រុកប៊ិនចូវ និងជំនាញព្រហ្មទណ្ឌខេត្តតៃនិញ ប្រទេសវៀតណាម ។
ក្រោយពេលទទួលបានព័ត៌មានពីជំនាញកងរាជអាវុធហត្ថ សមត្ថកិច្ចនគរបាលខេត្តតៃនិញ បានធ្វើការស្រាវជ្រាវតាមចាប់ខ្លួនក្រុមឧក្រិដ្ឋជន ប៉ុន្តែដោយក្រុមឧក្រិដ្ឋជនបានដឹងពីការតាមចាប់ខ្លួនក៏រត់គេចចេញពីលំនៅដ្ឋានទៅសំងំលាក់ខ្លួននៅខេត្តអាងយ៉ាង ជាប់ព្រំប្រទល់ស្រុកលើកដែក ខេត្តកណ្តាល ។
លុះដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ក្រុមឧក្រិដ្ឋជនចំនួន ៣នាក់៖
១-ឈ្មោះ ង្វៀង វ៉ាងថាំង ហៅជែ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ខេត្តតៃនិញ ប្រទេសវៀតណាម។
២-ឈ្មោះ ដាវ ជុងវ៉ាំង ហៅប៊ែ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ខេត្តតៃនិញ ប្រទេសវៀតណាម
៣-ឈ្មោះ ដូ វ៉ាង ម៉ឹន ហៅម៉ាប់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្ន ខេត្តហូវយ៉ាង ប្រទេសវៀតណាម។
បានគេចខ្លួនពីប្រទេសវៀតណាម ចូលតាមច្រកមាត់ជ្រូកស្រុកលើកដែក ខេត្តកណ្តាល មកសំងំលាក់ខ្លួននៅទីតាំងចិញ្ចឹមត្រីជនជាតិវៀតណាមស្ថិតនៅស្រុកលើកដែក ខេត្តកណ្តាល ដើម្បីត្រៀមរត់ទៅប្រទេសឡាវជាបន្តទៀត។
ក្រោយពីទទួលព័ត៌មានពីភ្នាក់ងារថាក្រុមឧក្រិដ្ឋជន មកលាក់ខ្លួននៅទីតាំងខាងលើ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តព្រៃវែង បានដឹកនាំកម្លាំងជំនាញពន្លាតដែនសមត្ថកិច្ច សហការជាមួយជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ចុះឃាត់ខ្លួនក្រុមឧក្រិដ្ឋជនខាងលើយកមកសាកសួរនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង ។
នៅពេលធ្វើការសាកសួរឧក្រិដ្ឋជនឈ្មោះ ង្វៀង វ៉ាងថាំង (ហៅជែ) បានសារភាពថាខ្លួនស្គាល់ឈ្មោះ តង ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិវៀតណាម (មេក្លោង) នៅមន្ទីរឃុំឃាំង ខេត្តតៃនិញ នៅកំឡុងខែមករា ឆ្នាំ២០២៤ ឈ្មោះ តង បានបបួលខ្លួនមកបើកអាជីវកម្មខារ៉ាអូខេនៅអ្នកលឿង ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង ហើយឈ្មោះ តង បានឱ្យខ្លួនជាអ្នកធ្វើកិច្ចសន្យាជួលទីតាំងខារ៉ាអូខេ (៣៣៣) ជាមួយម្ចាស់ទីតាំងជំនួសគាត់ ក្នុងតម្លៃ២០០០ ដុល្លារក្នុងមួយខែ និងឱ្យខ្លួនធ្វើកិច្ចសន្យាជួលរថយន្តម៉ាកព្រួសជាមួយម្ចាស់រថយន្ត ក្នុងតម្លៃ៤០០ដុល្លារ ក្នុងមួយខែ ឈ្មោះតង បានសន្យាថានៅពេលបានប្រាក់ចំណេញគិតជាភាគរយឱ្យ។
២-ឈ្មោះ ដាវ ជុងវ៉ាំង (ហៅប៊ែ) បានសារភាពថាខ្លួនស្គាល់ឈ្មោះតង នៅពេលធ្វើការហ្គេមអនឡាញនៅបាវិតកំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ ។ នៅកំឡុងខែមករា ឆ្នាំ២០២៤ ឈ្មោះតង បានហៅខ្លួនមកធ្វើការនៅខារ៉ាអូខេ ៣៣៣ ដោយផ្តល់ប្រាក់ ១៥០ដុល្លារក្នុងមួយខែ
៣-ឈ្មោះ ដូ វ៉ាងម៉ឹន ហៅម៉ាប់ បានឆ្លើយសារភាពថាខ្លួនស្គាល់ឈ្មោះតង តាមរយ:ឈ្មោះប៊ែ ប្រហែលបានមួយខែ ហើយឈ្មោះតងបានហៅខ្លួនមកធ្វើការនៅខារ៉ាអូខេ ៣៣៣ ដោយឱ្យប្រាក់ឈ្នួលក្នុងមួយខែ ១០០ដុល្លារ ។
សូមបញ្ជាក់ថា៖ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ម៉ោងប្រហែល ១៦ និង០០នាទី ឈ្មោះ តង បានហៅឈ្មោះជែ ឱ្យទៅជួប និងបានប្រាប់ថានៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅពេលឈ្មោះ ហាក់ ស៊ីវ មកដល់ហាងពួកយើងចាប់បង្ខាំងក្នុងបន្ទប់ដាក់សម្ភារដើម្បីជំរិតទារប្រាក់ និងប្រាប់ឈ្មោះជែ ត្រូវទៅដកលុយនៅកាស៊ីណូ (នៅ ឯបាវិត) ក្រោយពេលជនរងគ្រោះវេរលុយឱ្យ និងបានហៅឈ្មោះប៊ែ និងឈ្មោះម៉ាប់ ទៅជួបនៅកញ្ចុះខាងក្រោយហាងដើម្បីរៀបចំផែនការចាប់បង្ខាំងជំរិតទាប្រាក់ជនរងគ្រោះ ក្រោយពេលការងារបានសម្រេច ឈ្មោះតងសន្យាអោយប្រាក់អ្នកទាំង៣នាក់ ក្នុងម្នាក់ៗ ២០០លានដុង។ ប្រហែលម៉ោងជាង ៨ ព្រឹកថ្ងៃទី១៧ ខែ ឆ្នាំដដែលជនរងគ្រោះឈ្មោះ ស៊ីវ បានជិះម៉ូតូម៉ាកឃ្លីកពណ៌សលាយក្រហម មកដល់ពេលនោះឈ្មោះតងបានហៅជនរងគ្រោះចូលក្នុងបន្ទប់ដាក់សម្ភារ បន្ទាប់មកឈ្មោះប៊ែ និងឈ្មោះម៉ាប់ដើរចូលតាមក្រោយខណៈនោះឈ្មោះតង បានបិទទ្វាឃ្លាំងរួចដកកាំភ្លើងភ្ជុងក្បាលជនរងគ្រោះគម្រាមឱ្យក្រាបចុះ ចំណែកឈ្មោះម៉ាប់បានយកដំបងឆក់ មកឆក់ជនរងគ្រោះ និងយកខ្សែជ័រពណ៌សរឹតដៃជើង និងយកស្តុតពណ៌សបិតមាត់ ចំណែកឈ្មោះប៊ែចាប់សង្កត់ជើងហើយឱ្យជនរងគ្រោះអង្គុយផ្អែកជញ្ជាំង បន្ទាប់មកឈ្មោះតង បញ្ជាឱ្យឈ្មោះម៉ាប់រុញម៉ូតូជនរងគ្រោះចូលក្នុងបន្ទប់ និងឱ្យឈ្មោះម៉ាប់អង្គុយមុខបន្ទប់ដើម្បីមើលសភាពការខាងក្រៅ ហើយឈ្មោះតង បានគម្រាមជនរងគ្រោះវេរប្រាក់តាម QR code ប្រហែល ២ ទៅ ៣ដង ក្រោយពីវេររួច ឈ្មោះតងបានបញ្ជាឱ្យឈ្មោះម៉ាប់ចូលទៅក្នុងបន្ទប់ យាមជនរងគ្រោះ។
នៅព្រឹកទី១៨ ខែឧសភា ឆ្នាំ២០២៤ ឈ្មោះជែបានបានបើកឡានព្រួសស្លាកលេខភ្នំពេញ 2BW: 1066 ពីអ្នកលឿង ឆ្ពោះទៅបាវិត នៅម៉ោង១២ ជាងឈ្មោះ តង បានបាញ់ QR code ហើយប្រាប់ខ្លួនតាមតេឡេក្រាមឱ្យទៅដកលុយនៅកាស៊ីណូ កាយម៉េ ចំនួន ១,១២៦,៩៥៩,៩៩០ដុង ពេលដកលុយរួច ឈ្មោះជែបានត្រឡប់មកខារ៉ាអូខេ ៣៣៣ វិញហើយយកលុយនោះប្រគល់ឱ្យឈ្មោះ តង ទាំងអស់។ បន្ទាប់មកនៅម៉ោង ២០ និង ០០នាទី ឈ្មោះតង បានឱ្យឈ្មោះ ប៊ែ បិទហាងខារ៉ាអូខេ ៣៣៣ នាំបុគ្គលិកប្រុសស្រី ប្រហែល ១០នាក់ ទៅផឹកស៊ីនៅហាងរាជសីតាមបណ្តោយផ្លូវជាតិលេខ១ ។
ហើយនៅម៉ោង ២០ជាង ឈ្មោះតងចូលមកបន្ទប់ដាក់ជនរងគ្រោះហើយបានហុចដបទឹកបរិសុទ្ធដែលមានទឹកពណ៌លឿងប្រហែលកន្លះដបទៅឱ្យជនរងគ្រោះផឹក ពេលនោះជនរងគ្រោះមិនព្រមផឹកឈ្មោះតងបានដកកាំភ្លើងភ្ជុងគម្រាមជនរងគ្រោះទើបជនរងគ្រោះព្រមផឹកទឹកនោះ ក្រោយពីជនរងគ្រោះផឹកទឹកនោះរួច ជនរងគ្រោះលែងរើរបម្រាស់ ហើយឈ្មោះម៉ាប់ សន្និដ្ឋានថាជនរងគ្រោះប្រហែលជាស្លាប់ បន្ទាប់មកឈ្មោះម៉ាប់បានកាត់ខ្សែជ័ររិតដៃ និងបកស្តុតរុំមាត់ពីជនរងគ្រោះ។
នៅម៉ោង ១ រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ឈ្មោះ តង បានប្រាប់ថាឈ្មោះ ស៊ីវ ស្លាប់ហើយ និងប្រាប់ឱ្យឈ្មោះជែ ជាមួយឈ្មោះ ប៊ែ និងឈ្មោះម៉ាប់ ដឹកសពជនរងគ្រោះយកទៅទម្លាក់ចោលនៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង ក្រោយមកពួកគេទាំង ៣នាក់ បានលើកសាកសពដាក់ចូលក្នុងរថយន្ត ហើយឈ្មោះប៊ែ ចូលអង្គុយក្នុងរថយន្តលើកក្បាលសពជនរងគ្រោះដាក់លើភ្លៅការពារនៅពេលដែលសមត្ថកិច្ចហៅរថយន្តតាមផ្លូវឈប់ត្រួតពិនិត្យប្រាប់ថាមិត្តភក្តិឈឺដឹកទៅពេទ្យ ហើយជែជាអ្នកបើករថយន្ត ចំណែកឈ្មោះម៉ាប់បើកម៉ូតូជនរងគ្រោះតាមពីក្រោយ ពេលដល់ទន្លេវ៉ៃគោ ឈ្មោះម៉ាប់យកម៉ូតូផ្តួលហើយមកជួយលើកសាកសពចេញពីក្នុងរថយន្តយកទៅទម្លាក់ជិតម៉ូតូ រួចក៏ត្រឡប់មកដល់ខារ៉ាអូខេ ៣៣៣ វិញឈ្មោះម៉ាប់ បានចូលដេក ចំណែកឈ្មោះជែ និង ឈ្មោះប៊ែ ត្រឡប់ទៅហាងរាជសី ហើយប្រាប់ឈ្មោះ តង ថាការងារធ្វើរួចរាល់ហើយ និង នៅម៉ោង ៦ព្រឹកទើបនាំគ្នាមកខារ៉ាអូខេ ៣៣៣ វិញ បន្ទាប់មកឈ្មោះជែបានបើករថយន្តយកទៅប្រគល់ឱ្យម្ចាស់រថយន្តវិញ ហើយខ្លួនចេញទៅវៀតណាមតែម្តង ចំណែកឈ្មោះម៉ាប់បានដឹកប៊ែទៅបេនឡានហើយចេញទៅវៀតណាម នៅម៉ោង៩ព្រឹក ហើយនៅវេលាម៉ោង១រសៀល ថ្ងៃទី១៩ ខែឧសភា ឈ្មោះម៉ាប់ និងឈ្មោះតង បានចេញទៅវៀតណាមផងដែរ។
ចំពោះមុខសមត្ថកិច្ចឈ្មោះ ង្វៀង វ៉ាងថាំង (ហៅជែ) បានសារភាពថាខ្លួនធ្លាប់ជាប់ពន្ធនាគារចំនួន ៨ឆ្នាំ នៅប្រទេសវៀតណាម ពីបទមនុស្សឃាត។ ឈ្មោះ ដាវ ជុងវ៉ាំង ហៅប៊ែ បានសារភាពថាខ្លួនធ្លាប់ជាប់ពន្ធនាគារចំនួន ១0ឆ្នាំ នៅប្រទេសវៀតណាម ពីបទមនុស្សឃាត។ ឈ្មោះ ដូ វ៉ាងម៉ឹន ហៅម៉ាប់ បានសារភាពថាខ្លួនធ្លាប់ជាប់ពន្ធនាគារចំនួន ១៥ឆ្នាំនៅប្រទេសវៀតណាម ពីបទមនុស្សឃាត និង (មេក្លោងដែលកំពុងគេចខ្លួន) ឈ្មោះ តុង វ៉ាំងតង ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ធ្លាប់ជាប់ពន្ធនាគារ ចំនួន ២៥ ឆ្នាំនៅប្រទេសវៀតណាម ពីបទមនុស្សឃាត ។
ក្រោយពីឃាត់ខ្លួនឧក្រិដ្ឋជនទាំង០៣នាក់រួចមក នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងជំនាញបាននាំជននោះមកឆែកឆេរទីតាំងខារ៉ាអូខេ ៣៣៣ ស្ថិតនៅផ្លូវជាតិលេខ១ ភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង បានរកឃើញវត្ថុតាងខ្សែរចងដៃពណ៌ស ចំនួន០១, ស្កុតរុំមាត់ចំនួន០១, ប្រអប់ឧបករណ៍ឆក់ចំនួន០១, អាវុធខ្លីចំនួន០១ដើម ម៉ាកកា៥៤(K៥៤) , បង់ចំនួន០១, គ្រាប់ចំនួន០៧គ្រាប់, ថង់វេចខ្ចប់ពណ៌ខ្មៅអក្សរ S ចំនួន ២,៦៤០ថង់ (ពីរពាន់ប្រាំមួយរយសែសិប)ថង់, ថង់វេចខ្ចប់ពណ៌ក្រហមរូបសេះ ចំនួន ២,៤៦០(ពីរពាន់បួនរយហុកសិប)ថង់, ម្សៅម៉ាក GRAPE JUICE POWDER ចំនួន៣០កញ្ចប់ ទម្ងន់ ៣,៥២៥.០១ (បីពាន់ប្រាំរយម្ភៃប្រាំក្បៀសមួយក្រាម), ម្សៅម៉ាក MANGO POWDER ចំនួន០៥កញ្ចប់ និង ម្សៅម៉ាក DURIAN POWDER ចំនួន០១កញ្ចប់ សរុបស្មើនឹង០៦កញ្ចប់ ទម្ងន់៣,០៤២.៥១(បីពាន់សែសិបពីរក្បៀសហាសិបមួយក្រាម) សរុបទាំងអស់០២ មុខ ទម្ងន់ ៦,៥៦៧.៥២ ក្រាម (ប្រាំមួយពាន់ប្រាំរយហុកសិបប្រាំពីរក្បៀសហាសិបមួយក្រាម) ថ្លឹងទាំងសំបកថង់ បន្ទាប់មកយើងបានធ្វើតេស្ដបឋម លទ្ធផលឃើញថា ជាថ្នាំញៀនប្រភេទ មេតំហ្វេតាមីន, ថង់វេចខ្ចប់ពណ៌សមួយចំនួន, ទូរទស្សន៍ម៉ាក NOSHINAL ចំនួន០៥គ្រឿង, បាសធំចំនួន០៥, បាសតូចចំនួន១២, ធុងចាក់ចម្រៀងចំនួន០៥, ក្បាលមេក្រូច្រៀងចំនួន ១០ និងប្រាក់ដុងចំនួន ១១៥,០០០ដុង (មួយរយដប់ប្រាំពាន់ដុង)។
បច្ចុប្បន្នជំនាញកំពុងកសាងសំណុំរឿង អនុវត្តតាមនីតិវិធី។ ចំណែកមេក្លោងឈ្មោះ តុង វ៉ាំងតង ហៅតង ដែលកំពុងគេចខ្លួន មន្ត្រីជំនាញកងរាជអាវុធហត្ថបន្តសហការជាមួយមន្រ្តីនគរបាលវៀតណាម ស្រាវជ្រាវវែកមុខតាមនីតិវិធី។
Post a Comment