ជនសង្ស័យ ឧកញ៉ា ស្រី ស៉ីណា និង២នាក់ទៀតជាអ្នកឌុប ត្រូវបាន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ ហើយប្រជាពលរដ្ឋសង្ឃឹមថា តុលាការនិងប្រកាសទោសជនសង្ស័យជាសាធារណ:

 

ភ្នំពេញ៖ មានហេតុការណ៍ផ្ទុះអាវុធមួយបានកើតឡើង នៅវេលាម៉ោង១៥៖៣០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ និង២នាក់ទៀតរងរបួស ត្រង់ចំណុចបុរីប៉េងហួតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កដោយជនដៃដល់ម្នាក់ឈ្មោះ ស្រី ស៉ីណា និងមានគោរមងារជាឧកញ៉ា។

ក្រោយហេតុការណ៍នេះបានកើតឡើង ដោយអនុវត្តតាមបទបញ្ជាពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង និងលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាន ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។

រហូតដល់ម៉ោង១៧៖៣ឥនាទីថ្ងៃដដែល នៅចំណុចផ្លូវជាតិ៥១ ភូមិអន្ទង់ក្រវែន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល កម្លាំងជំនាញនាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វេីការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ស្រី សុីណា ភេទប្រុស អាយុ៥០ឆ្នាំ អាសយដ្ឋានផ្ទះលេខ៤៤ ផ្លូវលេខ៣៩០ ភូមិ១ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីយកមកធ្វេីការសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។

បន្ទាប់ពីនេះ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រគល់ជនសង្ស័យចំនួន២នាក់ មកនាយកដ្ឋានដើម្បីចាត់ការបន្តតាមនីតិវិធី ដែលក្នុងនោះម្នាក់ជាអ្នកដឹកជនសង្ស័យទៅធ្វើសកម្មភាព និងម្នាក់ទៀត ដឹកជនសង្ស័យក្រោយធ្វើសកម្មភាពឡើងជិះរថយន្ដ រួមមាន៖ ឈ្មោះ សាន សុខចំរើន ភេទប្រុស អាយុ២៦ឆ្នាំ និងឈ្មោះ ទិន ទូច ភេទប្រុស អាយុ២៦ឆ្នាំ។

សម្ភារដកហូតរួមមាន អាវុធខ្លីម៉ាក STOEGER COUGAR 8000 លេខT942907-A008684 គ្រាប់ចំនួន១៨គ្រាប់ បង់ចំនួន០២ (សម្រាប់ធ្វើសកម្មភាព), រថយន្ត១គ្រឿងម៉ាកSSANG YONG REXTON ពណ៌

ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BL-9923, ទូរស័ព្ទចំនួន៤គ្រឿង, រថយន្ត១គ្រឿង ម៉ាកTOYOTA RAIZE ពណ៌ខៀវ ពាក់ផ្លាកលេខ2BQ-3654 និងម៉ូតូ១គ្រឿង ម៉ាកHONDA ZOOMER X ពណ៌ក្រហមលាយខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1GX-9541។


ដោយឡែក ជនរងគ្រោះក្នុងហេតុការណ៍នេះ មានចំនួន៤នាក់៖

*ទី១៖ ឈ្មោះ ឡុង លីសុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ (ស្លាប់)

*ទី២៖ ឈ្មោះ ឃីន កញ្ចនា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ (ស្លាប់)

*ទី៣៖ ឈ្មោះ សុខុម រ៉ាចាណៈ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ (រងរបួស)

*ទី៤៖ ឈ្មោះ ហុង រិទ្ធារ័ក្ស ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ (រងរបួស)។

ក្រោយបញ្ចប់ការសួរនាំ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ៣នាក់ ដោយម្នាក់ជាជនដៃដល់ឧកញ៉ា ស្រី ស៉ីណា និង២នាក់ទៀតជាអ្នកឌុបដើម្បីទៅធ្វើសកម្មភាព និងក្រោយធ្វើសកម្មភាព បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

អង្គភាពអ្នកសារព័ត៌មានយើងនិងប្រជាពលរដ្ឋសង្ឃឹមថា ប្រព័ន្ធតុលាការ និងបើកបង្ហាញទោសរបស់ជនសង្ស័យ ដែលជា ឧកញ៉ា ស្រី ស៉ីណា ជាសាធារណះ ដើម្បីអោយគ្រួសារជនរងគ្រោះ ទទួលបានសេចក្តីស្ងប់អារម្មណ៍សូមអរគុណ ។









Powered by Blogger.