សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែ​ព្រះមហាក្សយាង​ថ្វាយ​ព្រះ​ភ្លើងព្រះ​បរមសព សម្ដេចព្រះ​មហាសង្ឃរាជ ទេព វង្ស



សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែ​ព្រះមហាក្សយាង​ថ្វាយ​ព្រះ​ភ្លើងព្រះ​បរមសព សម្ដេចព្រះ​មហាសង្ឃរាជ ទេព វង្ស

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១២ រោច ខែ​ពិសាខ ឆ្នាំរោង​ឆស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២៤​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ អញ្ជើញ​ដង្ហែ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរមសព សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្ដេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ ព្រះមេរុ មុខ​វត្ត​បទុម​វ​តីរា​ជ​រោម រាជធានី​ភ្នំពេញ​។


​នៅក្នុង​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរមសព ក្រោម​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​យាង និមន្ត និង​អញ្ជើញ​ចូលរួម​ដោយ ម្រ​មុខ​ដឹកនាំ​កំពូលៗ ឥស្សរជន​ឆ្នើម​ជាច្រើន​រួមមាន សម្តេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួ​រ គ្រី​សម្តេចព្រះមហាសង្ឃរា​ជ និង​ជា​សម្តេច​ព្រះប្រធាន​គណៈសង្ឃ​នាយក គណៈ​ធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, សម្តេចព្រះ​ពោធិវ័ង្ស កិត្តិ​បណ្ឌិត អំ លឹម​ហេង សម្តេចព្រះ​សង្ឃនាយក​ស្ដីទី គណៈមហានិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, ព្រះ​រាជាគណៈ ព្រះ​មន្ត្រី​សង្ឃ​តាម​ព្រះ​ឋានា​ក្រម ព្រះ​ថេរានុត្ថេរៈ​, សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​, សម្តេច​មហា​រដ្ឋសភាធិកា​រ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​, សម្តេច ឯកឧត្តម ដែលជា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​, ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រី​, ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​, ភ្ញៀវ​កិត្តិយស​ជាតិ​-​អន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់ លោក​តាជី ដូនជី ព្រមទាំង​ប្រជាពលរដ្ឋ សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ​។


​សូម​រំឭកថា សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្ដេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​សម្ដេច​ព្រះ​ចៅអធិការ​វត្ត​ឧណ្ណាលោម រាជធានី​ភ្នំពេញ បាន​យាង​ចូល​ព្រះ​ទិវង្គត់ នៅ​ថ្ងៃ​ចន្ទ ២ រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង ០៥:៤០​នាទី​ល្ងាច ក្នុង​ព្រះជន្ម ៩៣​ព្រះវស្សា ដោយ​ព្រះ​រោគាពាធ នៅក្នុង​វត្ត​ឧណ្ណា​លោម សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​


​យោង​តាម​សារាចរ​ណែនាំ​លេខ ០៣ សរ​ណន ចុះ​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ស្តីពី​ការចូលរួម​កាន់ទុក្ខ​ព្រះ​បរមសព​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេច ព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​យក​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៤ ជា​ថ្ងៃ​កាន់ទុក្ខ​ផ្លូវការ លើក​ទី​២​។​


​នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៤​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការណែនាំ​អោយ គ្រប់​រដ្ឋបាល​ខណ្ឌ​-​សង្កាត់ មន្ទីរ​-​អង្គភាព​ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ រោងចក្រ សហគ្រាស ក្រុមហ៊ុន គ្រឹះស្ថានសិក្សា វត្ត​អារាម មន្ត្រីរាជការ កងកម្លាំង និង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវ​បង្ហូតទង់ជាតិ ទង់​សាសនា និង​ទង់​ព្រះមហាក្សត្រ មួយ​ភាគ​បី​នៃ​ដង​ពីលើ​ចុះមក​ក្រោម ដើម្បី​ចូលរួម កាន់ទុក្ខ លើក​ទី​២ រយៈពេល ០១​ថ្ងៃ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត និង​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ ថ្វាយ​ព្រះ​បរមសព សម្ដេចព្រះ​មហាសង្ឃរាជ ឱ្យស្រប​តាម​ប្រពៃណី​ជាតិ ស័ក្តិសម​នឹង​ព្រះ​កិត្តិយស និង​ព្រះ​គុណូបការៈ ដ៏​ធំធេង​បំផុត​របស់​សម្តេច ដែល​បាន​បូជា​ថ្វាយ​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ​៕





































Powered by Blogger.