លោក ឆុំ ឆាន ដឹកនាំក្រុមការងារចុះវាស់វែងបើកផ្លូវលំមួយខ្សែជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ស្ថិតនៅភូមិតាប៊ុន ឃុំចំណោម ស្រុកមង្គលបូរី
(បន្ទាយមានជ័យ) ដើម្បីបំពេញតាមតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរស្រុកមង្គលបូរី លោក ឆុំ ឆាន អភិបាលរងស្រុក តំណាងលោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី បានដឹកនាំកម្លាំង មេបញ្ជាការ អធិការរងស្រុក មន្ត្រីជំនាញ ប្រជាការពារ ភូមិ ឃុំ និងមានការចូលរួមពីប្រជាពលរដ្ឋ បានធ្វើការចុះសុំបើកផ្លូវលំមួយកន្លែងស្ថិតនៅភូមិតាប៊ុន ឃុំចំណោម ស្រុកមង្គលបូរី កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងឱកាសចុះពិនិត្យវាស់វែងនោះលោក ឆុំ ឆាន អភិបាលរងស្រុកមង្គលបូរីបានមានមតិលើកឡើងថា៖ ការចុះបើកផ្លូវលំមួយខ្សែនេះ ដែលមានទទឹង៤ម៉ែត្រ និងបណ្តោយ១៦០ម៉ែត្រ ដើម្បីជាប្រយោជន៍សាធារណ: សំរាប់ប្រជាពលរដ្ឋប្រើប្រាស់ប្រមាណជាង ២១គ្រួសារ។ម្យ៉ាងវិញទៀតតាមរយៈផ្លូវមួយខ្សែនេះគឺវាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនធ្វើដំណើរឆ្លងកាត់ប្រកបរបររកស៊ី។ ជាពិសេសក្នុងការបូមទឹកចេញពីអូរយកមកប្រើប្រាស់ស្រោចផលដំណាំ។
ទន្ទឹមជាមួយគ្នានោះលោក ឆុំ ឆាន បានបញ្ជាក់ថា៖ ផ្លូវនេះដំណើរការបាន ក៏ដោយសារតែមានបងប្អូនប្រជាពលរដ្ឋសហការមួមតិគ្នា និងធ្វើការស្នើសុំឲ្យអាជ្ញាធរធ្វើការបើកផ្លូវជូនពួកគាត់ ទើបក្រុមការងារចុះអន្តរាគមន៍ជូនភ្លាមៗដោយមិនទុកយូរ ព្រោះថាមានផ្លូវ មានក្តីសង្ឃឹម។
គួរបញ្ជាក់ថា៖បន្ទាប់ពីចុះវាស់វែងបើកផ្លូវរួចមកលោកនឹងក្រុមការងារបានយកគ្រឿងចក្រគៀកបើកផ្លូវតភ្ជាប់គ្នាឡើងវិញ ដើម្បីអោយប្រជាពលរដ្ឋ បានប្រើប្រាស់ជាបណ្តោះអាសន្នឆាប់ៗនេះផងដែរ៕
Post a Comment