ឯកឧត្តម ប្លែក វ៉ារី ឯកឧត្តម អ៊ុំ រាត្រី ចូលរួមអបអរសាទរ ខួបទី១៧ នៃទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ ២០២៤

 


ឯកឧត្តម ប្លែក វ៉ារី ឯកឧត្តម អ៊ុំ រាត្រី ចូលរួមអបអរសាទរ ខួបទី១៧ នៃទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ ២០២៤

ខេត្តបន្ទាយមានជ័យ


(បន្ទាយមានជ័យ) ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាធិបតីភាពក្នុងពិធីប្រារព្ធខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ ដោយមានកាអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត ស្នងការខេត្ត តំណាងកងរាវុធហត្ថខេត្ត  និងប្រធានមន្ទីរ.អនុប្រធានមន្ទីរពាក់ព័ន្ធ នៅសាលប្រជុំ (ក) សាលាខេត្ត ព្រឹកថ្ងៃចន្ទ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។


លោក ឃួនវុទ្ធី ប្រធានមន្ទីរ អតីតៈយុទ្ធជកម្ពុជាខេត្តបន្ទាយមានជ័យបានអានសារលិខិតរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្ររាជាណាចក្រកម្ពុជា ថា ថ្ងៃទី២១ ខែមិថុនា គឺជាថ្ងៃ ប្រារព្វខួបលើកទី ១៧ អតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ដើម្បីរំលឹកដល់គំរូ វីរភាព ដ៏មោះមុត និងគុណបំណាច់ដ៏ធំធេង របស់វីរៈយុទ្ធជន យុទ្ធនារី នៃកងកម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ដែលបានធ្វើពលីកម្មយ៉ាងអង្គអាច ក្លាហាន  បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាទីស្នេហានៃយើង។


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍លើកឡើងថា៖ កន្លងមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតៈនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន អតីតយុទ្ធជនកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា លោកទាំងពីរ តែងតែយកចិត្តទុកដាក់ ដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ គិតគូរអំពីសុខទុក្ខ របស់អតីតយុទ្ធជនកម្ពុជា និងតែងតែណែនាំដល់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ត្រូវតែទទួលខុសត្រូវ និងយកចិត្តទុកដាក់គិតគូរ គ្រប់បែបយ៉ាងដល់អតីតយុទ្ធជន។


ជាមួយគ្នានោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ឲ្យដឹងថា៖ ការជួបជុំគ្នានេះ គឺធ្វើឡើងដើម្បីស្វែងយល់អំពីបញ្ហាប្រឈម និងការជួបប្រាស្រ័យទាក់ទងសួរសុខទុក្ខគ្នាទៅវិញទៅមក ក្នុងន័យបង្កើននូវភាពស្និទ្ធស្នាលឲ្យកាន់តែស៊ីជម្រៅ មួយកម្រិតថែមទៀតរវាងក្រុមការងារសហគមន៍អតីតយុទ្ធជន ជាមួយនឹងបងប្អូនអតីតយុទ្ធជន បានយល់កាន់តែច្បាស់អំពីទុក្ខលំបាក និងសេចក្តីត្រូវការរបស់បងប្អូន អតីតយុទ្ធជន ក៏ដូចជាការខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ក្នុងការដឹកនាំ ចូលរួមដោះស្រាយជាបន្តបន្ទាប់ និងធ្វើសកម្មភាពបម្រើបងប្អូនអតីតយុទ្ធជនពីសំណាក់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យផងដែរ។


ថ្លែងក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានថ្លែងអំណគុណដល់ ក្រុមការងារសហគមន៍តីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានរួមចំណែកជួយចាត់ចែងការងារ មើលការខុសត្រូវ និងយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជនកន្លងមក និងបានថ្លែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ ក្នុងការដឹងគុណចំពោះអតីតយុទ្ធជន និងនិវត្តន៍ជនទាំងអស់កន្លងមក ក្នុងការតស៊ូ លះបង់ ធ្វើពលីកម្មយ៉ាងលំបាកលំបិន នាំមកនូវសន្តិភាព ស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពសង្គម ដើម្បីរំដោះប្រជាជន និងប្រទេសជាតិ ចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតដល់ប្រទេសជាតិមានសុខសន្តិភាពដូចសព្វថ្ងៃ ជាពិសេសទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍ប៉ុលពតវិលមកគ្របដណ្តប់លើមាតុភូមិកម្ពុជាជាថ្មីទៀត។


ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍បន្តថា៖ ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនទាំងអស់ ត្រូវបន្តធ្វើនូវអំពើល្អ និងត្រូវបន្តការចុះសួរសុខទុក្ខដើម្បីស្វែងយល់ពីស្ថានភាពជីវភាព សុខភាព និងខិតខំឲ្យអស់ពីកម្លាំងកាយចិត្ត ដោះស្រាយរាល់ទុក្ខលំបាកពួកគាត់ ពេលមានបញ្ហាឲ្យទាន់ពេលវេលា។ក្នុងឱកាសនេះលោកអ៊ុំរាត្រី ក៏បានឧបត្ថម្ភនូវថវិកាចំនួន៣០០០០រៀលជូនបងប្អូនអតីតយុទ្ធជន ចំនួនប្រមាណជាង៣០០នាក់ផងដែរ៕



















Powered by Blogger.