នគរបាលរាជធានីភ្នំពេញ បង្ហាញមុខក្រុមជនសង្ស័យ ២៧នាក់ ពាក់ព័ន្ធក្រុមក្មេងទំនើងបង្កហឹង្សា កាន់កាប់អាវុធគ្មានច្បាប់ និងជនសង្ស័យទទួលផលចោរកម្ម
ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើសន្និសិទសាព័ត៌មានបង្ហាញមុខជនសង្ស័យចំនួន ២៧នាក់ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ដែលជាក្រុមក្មេងទំនើង បង្កហឹង្សាដោយចេតនា កាប់កាប់អាវុធខុសច្បាប់ ដែលមានរហស្សនាមដូចជា ធីមភូមិ ធីមប្លុកតាន់ និង ធីមធីអឹម (ហៅធីម ធូបមូស) និងជនសង្ស័យទទួលផលចោរកម្ម បន្ទាប់ពីសមត្ថកិច្ច នៅតាមបណ្តាខណ្ឌចំនួន៣ រួមមាន ខណ្ឌកំបូល ខណ្ឌដូនពេញ និងខណ្ឌសែនសុខ ធ្វេីការស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកបានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខសញ្ញាជនសង្ស័យសរុប ២៧នាក់ ដែលសមត្ថកិច្ចតាមខណ្ឌ ធ្វើការបង្ក្រាបបានជាបន្តបន្ទាប់។
ជនសង្ស័យទាំងនោះបានប្រព្រឹត្តបទល្មើស រួមមាន ករណីក្រុមក្មេងទំនើង បង្កហឹង្សាដោយចេតនា ត្រូវបានកម្លាំងនគរបាលខណ្ឌកំបូលឃាត់ខ្លួនបានចំនួន ២១នាក់ ពាក់ព័ន្ធបទល្មើសបង្កហិង្សា កាន់កាប់អាវុធខុសច្បាប់ និងកាប់ប្លន់យកស្លាកលេខម៉ូតូ។ ពាក់ពន្ធទទួលផលចោរកម្ម ត្រូវបានកម្លាំងនគរបាលអធិការដ្ឋានខណ្ឌសែនសុខ ស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យចំនួន ១នាក់ ដកហូតបានម៉ូតូចំនួន ១៣គ្រឿង និងស្លាក់លេខម៉ូតូចំនួន ១៥បន្ទះ។ ក្រុមក្មេងទំនើង បង្កហិង្សាតាមសួនច្បារសាធារណៈ ត្រូវបានត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួនបានចំនួន ៥នាក់ ជាភេទទីបី (ប្រុសក្លែងភេទជាស្រី)។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានដឹងទៀតថា ដោយមានបទបញ្ជារពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលលោកបានដាក់បទបញ្ជា និងវិធានការណ៍យ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការទប់ស្កាត់ក្រុមក្មេងទំនើង និងចាត់វិធានការក្នុងការបង្ក្រាបបទល្មើសផ្សេងទៀតដូចជាបទល្មើសលួច ឆក់ ប្លន់ក្នុងកំឡុង ដែលបង្ការទប់ស្កាត់បង្ក្របក្មេងទំនើង ដើម្បីការពារថែរក្សាសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ៕
Post a Comment