ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារនៅប្រទេសអូស្រ្តាលី
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ប្រទេសអូស្រ្តាលី ដើម្បីបំពេញទស្សនកិច្ចការងារ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចនេះ បានប្រព្រឹត្តទៅដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យមហាផ្ទៃ ជាពិសេសលើការងារអន្តោប្រវេសន៍។
នៅប្រទេសអូស្រ្តាលី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងជួបជាមួយរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ សញ្ជាតិ និងពហុវប្បធម៌ នៃរដ្ឋាភិបាលអូស្ត្រាលី ជួបជាមួយថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃក្រសួងការបរទេសនិងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីជាន់ខ្ពស់នគរបាលសហព័ន្ធអូស្ត្រាលី។ ជំនួបទាំងនោះ នឹងផ្ដោតលើការពិភាក្សា និងពិនិត្យលទ្ធភាពក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្ដូរបទពសោធទៅវិញទៅមកលើការងារអន្តោប្រវេសន៍ សន្តិសុខសាយប័រ និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការដែលបាននិងកំពុងអនុវត្តលើការងារអន្តោប្រវេសន៍ សូមបញ្ជាក់ថា ភាគីអូស្ត្រាលី បានផ្ដល់ជំនួយ ២ផ្នែក ដល់ភាគីកម្ពុជា ទីមួយ-គឺជំនួយផ្នែកបច្ចេកទេស (ដូចជាគម្រោង EMM1 និងEMM2 ប្រព័ន្ធ Alertlist ប្រព័ន្ធ iMAS ម៉ាស៊ីនកោសល្យវិច្ច័យឯកសារ (VSC 80) និងឧបកណ៍កោសល្យវិច្ច័យឯកសារ) និងទីពីរ-ជំនួយកសាងសមត្ថភាព ដោយផ្ដោតលើការបណ្ដុះបណ្ដាល (ដូចជា៖ ការវិភាគឯសារធ្វើដំណើរ ការវិភាគព័ត៌មាន បច្ចេកទេសប្រៀបធៀបមុខមាត់ ជំនាញស៊ើបអង្កេត ជំនាញសួរចម្លើយ ការវាយតម្លៃអ្នកដំណើរ និងភាសាអង់គ្លេស)។
នេះជាដំណើរទស្សនកិច្ចការងារក្រៅប្រទេសលើកទី៣ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គិតចាប់ពីថ្ងៃចូលកាន់តំណែងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ទស្សនកិច្ចលើកទី១ បានធ្វើឡើងសាធារណរដ្ឋសង្គមនិយមវៀតណាម លើកទី២ នៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ តាមរយៈការសម្របសម្រួលពីភាគីអូស្ត្រាលី ក្នុងរយៈពេលមួយសប្ដាហ៍ពេញនេះ ប្រតិភូក្រសួងមហាផ្ទៃកម្ពុជា នឹងផ្ដោតលើការពិនិត្យនិងសិក្សាស្វែងយល់ដោយផ្ទាល់អំពីការអនុវត្តការងារជំនាញមួយចំនួនរបស់អង្គភាពពាក់ព័ន្ធអូស្ត្រាលី៕
Post a Comment