ពិធីបើកវគ្គបណ្ដុះបណ្ដាលនិងប្រគល់.ទទួល ឧបករណ៍ សម្ភារៈអគ្គិសនីជូនដល់សិស្សានុសិស្សនៅវិទ្យាល័យជប់វារី ដែលជាជំនួយឧបត្ថម្ភរបស់ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ



(បន្ទាយមានជ័យ) ឧបករណ៍ សម្ភារៈអគ្គិសនី ដែលជាជំនួយឧបត្ថម្ភរបស់ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវត្រូវបានក្រុមការងាររៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលនិងប្រគល់.ទទួល ឧបករណ៍ សម្ភារៈអគ្គិសនីជូនដល់សិស្សានុសិស្សនៅវិទ្យាល័យជប់វារី ក្នុងស្រុកព្រះនេត្រព្រះ ក្រោមអធិបតីភាពឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា ឯកឧត្តម អុី ឡុង សមាជិករដ្ឋសភា ឯកឧត្តម ហ៊ូ ប៊ុនហេង ជំនួយការឯកឧត្តម កែ គឹមយ៉ាន បិងជាប្រធានក្រុមបណ្ដាញអង្គការគាំទ្រវិស័យអប់រំខេត្ត លោក យឹម សំណាង អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃសៅរ៍ ទី១ ខែមិថុនា ឆ្នាំ២០២៤។


លោក ភុក ទិច ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកព្រះនេត្រព្រះ និងឯកឧត្តម ហ៊ូ ប៊ុនហេង បាទមានប្រសាសន៍លើកឡើងអោយដឹងថា៖ អគារពហុបច្ចេកទេសដែលលេចចេញជារូបរាងនាពេលនេះគឺដោយសារមានការផ្ដួចផ្ដើម និងគាំទ្រពីឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ហើយអគារពហុបច្ចេកទេសនេះបានចាប់ផ្ដើមសាងសង់ឡើងពីឆ្នាំ២០១៤ រួចរាល់នៅឆ្នាំ២០១៥ ហើយបានដំណើរការបង្រៀននិងបណ្ដុះបណ្ដាលកុំព្យូទ័រនិងភាសាអង់គ្លេស រហូតមកដល់ឆ្នាំ២០១៩ ត្រូវបានផ្អាកដំណើរការដោយសារជំងឺកូវីដ.១៩។


ឯកឧត្តមបានបន្តថា៖ ដំណើរការបណ្ដុះបណ្ដាលជំនាញអគ្គិសនីដោយមានការផ្ដួចផ្ដើមគាំទ្រឧបត្ថម្ភពីឯកឧត្តម កែគឹមយ៉ាន និងលោកជំទាវ ទើបអគារពហុបច្ចេកទេសបានចាប់ផ្ដើមបើកវគ្គបណ្ដុះបណ្ដាលជំនាញអគ្គិសនីដល់យុវជនក្រៅសាលា និងសិស្សក្នុងសាលា រយៈពេលសិក្សា ៣ខែ ចាប់ពីខែ៦.៧ និងខែ៨ ក្នុងមួយសប្តាហ៍ ២ថ្ងៃ គឺថ្ងៃអាទិត្យពីម៉ោង៨ៈ០០ ដល់ម៉ោង ១០ៈ០០ព្រឹក ថ្ងៃព្រហស្បតិ៍ពីថ្ងៃដល់ម៉ោង៤ៈ០០រសៀល។ ម្យ៉ាងវិញទៀតវគ្គទី១ សិក្ខាកាមសរុប ៣៣នាក់ ស្រី១០នាក់ បង្រៀនដោយគ្រូអគ្គិសនីក្នុងសាលាពីរនាក់។ សិក្ខាកាម ៣៣នាក់មានបំពាក់ឯកសណ្ឋានអាវយឺតឧបត្ថម្ភដោយលោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ។ហើយនៅពេលចប់វគ្គសិក្សាបីខែសាលាផ្ដល់ជូនវិញ្ញាបនប័ត្របញ្ជាក់ការសិក្សាផងដែរ។


ជាមួយគ្នានោះលោក យឹម សំណាង អភិបាលរងខេត្តឯកឧត្តម អុី ឡុង សមាជិករដ្ឋសភាបានមានប្រសាសន៍លើកឡើងថា៖ ការបើកវគ្គបណ្ដុះបណ្ដាលនាពេលនេះ ពិតជាមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ប្អូនៗក្មួយៗសិស្សានុសិស្ស ដែលបានរៀននាពេលនេះ។ដូច្នេះហើយសូមព្យាយាមយកចិត្តទុកដាក់ស្ដាប់ និងខិតខំរៀនសូត្រដោយប្ដេជ្ញាចិត្តដើម្បីត្រៀមខ្លួនចាប់យកនៅមុខជំនាញឲ្យបានច្បាស់លាស់។ ជាពិសេស ត្រូវស្គាល់អោយច្បាស់ពីសម្ភារៈប្រើប្រាស់ផ្នែកអគ្គិសនី និងដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនឲ្យបានច្រើនដើម្បីជួយដល់ជីវភាពគ្រួសារ ក៏ដូចជាសង្គមជាតិផងដែរ។


ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា បានធ្វើការផ្ដាំផ្ញើប្អូនៗកូនក្មួយ សិស្សានុសិស្សទាំងអស់ ត្រូវមានចំណង់ផ្ទាល់ខ្លួន ទើបការជ្រើសរើសយកជំនាញបានចំគោលដៅហ្នឹងត្រឹមត្រូវ។ ហើយការស្វែងយល់អំពីកត្តាជោគជ័យក្នុងការងារ និងមុខរបរ នឹងការយល់ដឹងអំពីលក្ខណសម្បត្តិរបស់បុគ្គលជោគជ័យ ក្នុងការរៀបចំអនាគតរបស់ខ្លួនឲ្យបានល្អប្រសើរ។


បន្ទាប់ពីបញ្ចប់ការបើកវគ្គបណ្ដុះបណ្ដាលរួចមកឯកឧត្តមគណៈអធិបតីក៏បានអញ្ជើញបន្តដាំកូនឈើជានិមិត្តរូបនៅវិទ្យាល័យជប់វារីផងដែរ៕


















Powered by Blogger.