ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ទទួលជួប ឯកឧត្តម ផាទ្រីទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា ចប់អាណត្តិដើម្បីសម្តែងការគួរសម និងជម្រាបលា

 


រាជធានីភ្នំពេញ ៖ រសៀលថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានទទួលជួប ឯកឧត្តម ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជាចប់អាណត្តិ ដើម្បីសម្តែងការគួរសម និងជម្រាបលា នៅទីស្តីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះវត្តមានឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា និងគណៈប្រតិភូ ដែលបានអញ្ជើញចូលជួប ដើម្បីសម្តែងការគួរសម និងជម្រាបលា។

ឯកឧត្តម ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់នគរបាលជាតិកម្ពុជា ដែលបានផ្តល់កិច្ចសហការជាមួយកងកម្លាំងអនុវត្តច្បាប់របស់អាមេរិក ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ ដែលមានក្រុមការងារ Task Force ជាយន្តការដឹកនាំ សម្រេចបានលទ្ធផលជាច្រើនគួរឲ្យកត់សំគាល់ ទន្ទឹមនោះក៏សូមថ្លែងអំណរគុណដល់នគរបាលជាតិកម្ពុជា ដែលបានផ្តល់កិច្ចការពារសន្តិសុខ និងសុវត្ថិភាព ដល់បុគ្គលិគស្ថានទូត ក៏ដូចជានិវេសនដ្ឋានទូត ព្រមទាំងពលរដ្ឋអាមេរិក ដែលមានវត្តមានក្នុងប្រទេសកម្ពុជា។

ជាកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏បានកោតសរសើរ និងថ្លែងអំណរគុណអំពីការុំមើលឃើញពីភាពជាក់ស្តែង នៃកិច្ចខិតខំប្រឹងប្រែងរបស់នគរបាលជាតិកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ។

ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា ក៏បានឯកភាពគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ តាមរយៈកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានឲ្យបានជាក់លាក់ និងច្បាស់លាស់ដើម្បីឈានទៅធ្វើការទប់ស្កាត់ និងបង្ក្រាប ពិសេសធ្វើការកាត់ទោសខ្សែរយៈបណ្តាញដែលនៅពីក្រោយបទល្មើសទាំងអស់នេះផងដែរ។

ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរបានឯកភាពគ្នាពាក់ព័ន្ធនិងការបង្កើតកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសដោយផ្តោតទៅលើការបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើជំនាញដែលពាក់ព័ន្ធដល់មន្ត្រីនគរបាលជាតិកម្ពុជាដោយចំណុចនេះភាគីអាមេរិកនៅតែបន្តជួយគាំទ្របណ្តុះបណ្តាលដល់មន្ត្រីនគរបាលជាតិកម្ពុជា ទាំងវគ្គបណ្តុះបណ្តាលក្នុងប្រទេស និងក្រៅប្រទេស ដែលផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកផងដែរ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ


















Powered by Blogger.