ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានត្រៀមកម្លាំង រថយន្តធំ-តូច ស៊ីទែនទឹក និងសម្ភារជាច្រើនទៀតរួចជាស្រេច ដើម្បីត្រៀមអន្តរាគមន៍ ជួយដល់ប្រជាពលរដ្ឋ រងគ្រោះដោយខ្វះខាតទឹកស្អាតប្រើប្រាស់
(បន្ទាយមានជ័យ) បន្ទាប់ពីមានបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យកងកម្លាំងប្រដាប់អាវុធទំាងអស់ត្រៀមអន្តរាគមន៍ជួយប្រជាពលរដ្ឋ ដោះស្រាយបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ក្នុងពេលអាកាសធាតុក្តៅខ្លាំង នៅរដូវប្រាំងបានអូសបន្លាយពេលវេលា។នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានបញ្ជាក់ថា៖ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃអង្គភាពកងពលតូចថ្មើរជើងលេខ៥១ បានត្រៀមរួចអស់ហើយនូវសម្ភារ សម្រាប់ជួយអន្តរាគមន៍ ជួយដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះហមន្តរាយផ្សេងៗ មិនថាខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ឬគ្រោះរាំងស្ងួតនោះឡើយ គឺកម្លាំងត្រៀមខ្លួនជានិច្ច២៤ម៉ោងលើ២៤ម៉ោង។
ឧត្តមសេនីយ៍មេបញ្ជាការកងពល ក៏បានបញ្ជាក់ដែរថា៖ កងពលតែងតែចេញបទបញ្ជាជាប្រចាំពាក់ព័ន្ធនឹងការ ប្រុងប្រៀបកម្លាំងជួយសង្រ្គោះប្រជាពលរដ្ឋលើគ្រប់បញ្ហាទាំងអស់ ជាពិសេសទាក់ទងនឹងកង្វះទឹកនេះ គឺអង្គភាពបានចេញបទបញ្ជាឲ្យត្រៀមរថយន្ត ធុងទឹករួចអស់ហើយ ដរាបណាបងប្អូនប្រជាពលរដ្ឋមានបញ្ហា ឬមានបទបញ្ជារបស់យោធភូមិភាគទី៥ កងកម្លាំងនឹងចេញប្រតិបត្តិការអន្តរាគមន៍ភ្លាមៗតែម្តង ដោយមិនចាំយូរនោះឡើយ។
ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ក៏បានបន្តបញ្ជាក់ផងដែរថា៖ មួយរយៈកាលកន្លងមកនេះ កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ក៏បានចុះជួយអន្តរាគមន៍ជួយពន្លត់ភ្លើងឆេះព្រៃ និងផ្ទះបងប្អូនប្រជាពលរដ្ឋបានមួយចំនួនផងដែរ ហើយមួយវិញទៀតប្រសិនបើប្រជាពលរដ្ឋមានបញ្ហាអ្វីគឺកងពលតូចថ្មើរជើងលេខ៥១ មានកម្លាំង និងសម្ភារនៅក្នុងដៃសម្រាប់ជួយគ្រប់ពេលវេលាទាំងអស់។
ដោយមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឲ្យកងកម្លាំងប្រដាប់ អាវុធទាំងអស់ត្រូវត្រៀមកម្លាំង និងសម្ភារផ្សេងៗសម្រាប់ចុះជួយអន្តរាគមន៍ដល់បងប្អូនប្រជាពលរដ្ឋទាំង អស់នៅទូទាំងប្រទេស ដោយមិនគិតអំពីនិន្នាការនោះឡើយ ខណៈដែលពួកគាត់ខ្វះទឹកប្រើប្រាស់ ស្អាតប្រើប្រាស់។ បទបញ្ជារបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីនេះ គឺស្របពេលដែលកម្ពុជាមានអាកាសធាតុកំពុងហក់ឡើងខ្លាំង ដោយខេត្តខ្លះបានឡើងរហូតលើស៤០អង្សាសេនោះ៕
Post a Comment