នគរបាលរាជធានីភ្នំពេញ ធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខក្រុមក្មេងទំនេីង និងជនសង្ស័យ លួច ឆក់ ប្លន់យ៉ាងសកម្មចំនួន៩នាក់



ភ្នំពេញ៖ ជនសង្ស័យ លួច ឆក់ ប្លន់ យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ និងស្រុកអង្គស្នួល ខេត្តកណ្តាល ចំនួន ៩នាក់ ត្រូវបាសមត្ថកិច្ចចាប់ខ្លួន និងបង្ហាញមុខជាសាធារណៈ នៅក្នុងសន្និសីទសាព័ត៌មាន នៅវេលាម៉ោង ៣រសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ ជនសង្ស័យ ដែលបង្ហាញមុខនេះ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញឃាត់ខ្លួនបានចំនួន ៤នាក់ និង៥នាក់ទៀត ត្រូវបានកម្លាំងនគរបាលខណ្ឌកំបូល ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់។


លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យ ដែលបង្ហាញមុខនៅថ្ងៃនេះ មាន៣បទស្មើស ទី១. ពាក់ព័ន្ធអំពើប្លន់ធាក់យកម៉ូតូ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាន ខណ្ឌកំបូលស្រាវជ្រាវ បង្ក្រាបបានជាបន្តបន្ទាប់ចំនួន ៥នាក់ បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ។ មុខសញ្ញាទាំងនោះ ជាមុខសញ្ញាធាក់ប្លន់យ៉ាងសកម្មនៅក្នុងមូលដ្ឋានស្រុកអង្គស្នួលខេត្ត កណ្តាល និងជាមុខសញ្ញាធ្លាប់ឆក់នៅក្នុងខណ្ឌកំបូលផងដែរ។ ទី២. ពាក់ព័ន្ធនឹងអំពើលួចមានស្ថានទង្ងង់ទោស ដោយការប្រព្រឹត្តិអំពើហឹង្សា (ឆក់កាបូប) ដោយមានទ្រព្យសម្បត្តិមួយចំនួន ហើយត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនករបាលព្រហ្មកម្រិតធ្ងន់ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានចំនួន ២នាក់។ ជនសង្ស័យ២នាក់នេះ ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ និងមុខសញ្ញាឆក់យ៉ាងសកម្មនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ទី៣. ជនសង្ស័យ ២នាក់ទៀតពាក់ព័ន្ធនឹងអំពើលួច ត្រូវបានកម្លាំងល្បាតឆែកឆេរ ឃើញមានដែកកាច់ករម៉ូតូ ទួណឺវីស និងពូថៅ ហើយ ធ្វើការឃាត់ខ្លួនទប់ស្កាត់បានទាន់ពេល។


ការបង្ហាញលទ្ធផលបង្ក្រាប និងជនសង្ស័យទាំង៩នាក់នៅពេលនេះ ជាការខិតខំរបស់លោកឧត្តមសេនីយ៍ ឯកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលលោកបានដាក់បទបញ្ជា និងវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការទប់ស្កាត់ក្មេងទំនើង និងចាត់វិធានការក្នុងការបង្ក្រាបបទល្មើសផ្សេងទៀត ដូចជាបទល្មើសលួច ឆក់ ប្លន់ ក្នុងកំឡុងពេលដែលបង្ការទប់ស្កាត់បង្ក្រាបក្មេងទំនើង។


លោកវរសេនីយ៍ឯក សំ វិច្ឆិកា ក៏បានបញ្ជាក់ដែរថា ក្នុងមួយរយៈពេលចុងក្រោយនេះពាក់ព័ន្ធនឹងការបង្ក្រាបក្មេងទំនើង ការបង្ក្រាបអំពើលួចឆក់ប្លន់ក្តីកម្លាំងបានធ្វើយ៉ាងក្តៅគគុក ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋផ្តល់នូវជំនឿទុកចិត្ត លើកងកម្លាំងនគរបាលរាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការបង្ក្រាបក្មេងទំនើង ក្នុងរយៈពេលចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃ២៨ ខែឧសភា ឆ្នាំ២០២៤ កម្លាំងបង្ក្រាបក្មេងទំនើងឃាត់ខ្លួនបានចំនួន ៤៨នាក់ ដែលបានធ្វើសកម្មភាពចំនួន ១២ករណី ក្នុងនោះមានអ្នកខ្លះបានកាន់កាប់អាវុធខុសច្បាប់ ប្រើដាវ និងខ្លះបានប្រើអំពើហិង្សា។ 


ក្មេងទំនើងទាំង៤៨នាក់ ត្រូវបានកសាងសំនុំរឿងបញ្ជូនទៅកាន់តុលាការអនុវត្តតាមនីតិវីធីរួចហើយ និងបន្តធ្វើការស្រាវជ្រាវបន្តកំណត់មុខសញ្ញាក្មេងទំនើងនៅតាមបណ្តាលខណ្ឌនានា នឹងឈានទៅបង្ក្រាបបន្តទៀត។ បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា ថារយៈពេលចុងក្រោយនេះបញ្ហាក្មេងទំនើងហាក់ដូចជាមានការថយចុះច្រើន៕



Powered by Blogger.