ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចេញសេចក្តីបំភ្លឺព័ត៌មាន ទាក់ទិនដំណឹងជនជាតិចិនចំនួនពីរក្រុមប្រើអំពើហិង្សានៅក្រុងសីហនុ វគ្គ១

 


យោងតាមសេចក្តីរាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មានកិត្តិយសសូមជម្រាបជូន សាធារណជន មេត្តាជ្រាបថា៖ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១៧ និង ៣០នាទី មានការបង្ហោះ និងចែកចាយ រូបភាព ព្រមទាំងវីដេអូ ករណីហិង្សាថាមានជនជាតិចិនស្លាប់ នៅសណ្ឋាគារ ណានហៃ ស្ថិតក្នុងភូមិ១ សង្កាត់ លេខ៣ ក្រុង-ខេត្តព្រះសីហនុ។


បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការ នគរបាលខេត្តព្រះសីហនុ បានបញ្ជាកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចុះទៅដល់ កន្លែងកើតហេតុភ្លាមៗ ដោយមន្ត្រីនគរបាល បានពិនិត្យឃើញមានជនរងរបួសចំនួន ២នាក់ មានឈ្មោះដូច ខាងក្រោម៖


១.ឈ្មោះ LIN BOXIANG ភេទប្រុស កើតឆ្នាំ១៩៩១ ជនជាតិចិន (របួសធ្ងន់) ២.ឈ្មោះ HENG LIANG ភេទប្រុស កើតឆ្នាំ១៩៨៥ ជនជាតិចិន (របួសបែកក្បាល)។ នៅពេលភ្លាមៗនោះ មន្ត្រីនគរបាល បានបញ្ជូនអ្នករងរបួសទាំង ២នាក់ ទៅសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យ ថុង ជិ ភ្លាមៗ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ និងបានបន្តស្រាវជ្រាវ និងស៊ើប អង្កេត ជុំវិញកន្លែងកើតហេតុ រហូតដល់វេលាម៉ោង ២៣ និង៤០នាទី នាថ្ងៃខែឆ្នាំដដែល ដោយមានការសម្រប សម្រួលនីតិវិធីពី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដឹកនាំកម្លាំងនគរបាលជំនាញ ដោយលោកឧត្តមសេនីយ៍ត្រី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយអង្គភាព បង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ បានធ្វើការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីហិង្សាខាងលើចំនួន ១៥នាក់។ 


ឆ្លងតាមការស្រាវជ្រាវ ស៊ើបអង្កេត ព្រមទាំងការបំភ្លឺពីជនបង្កទាំង ២ក្រុម និងសាក្សីនៅកន្លែង កើតហេតុ សមត្ថកិច្ចជំនាញសន្មត់ថា ករណីនេះ ជាករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងករណី ប៉ុនប៉ងមនុស្សឃាត (បង្កដោយក្រុមជនសង្ស័យចំនួន ២ក្រុម បានវាយគ្នាទៅវិញទៅមក)។

 បច្ចុប្បន្ន សមត្ថកិច្ច បានកសាងសំណុំរឿង និងជនសង្ស័យចំនួន ៥នាក់ បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីមានចំណាត់ការ តាមនីតិវិធីច្បាប់ និងកំពុងបន្តស្វែករកចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធដែលរត់គេចខ្លួន។


សូមបញ្ជាក់៖ ករណីខាងលើ ពុំបណ្តាលឲ្យមានមនុស្សបាត់បង់ជីវិតទេ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជនទាំងអស់ មេត្តាទទួលជ្រាបជាព័ត៌មានតាមការគួរ។

ថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ខេត្តព្រះសីហនុ, ថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២៤ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

អង្គភាពអ្នកសារព័ត៌មានយើងមានចម្ងល់ស្នើសុំដល់លោកស្នងការនគរបាលខេត្តព្រះសីហនុមេត្តាជួយពន្យល់បន្ថែមក្នុងករណីចាប់បាន ១៥នាក់ហេតុអ្វីបានជាបញ្ជូនតែ ៥ នាក់ ទៅតុលាការតើរឿងនេះទាំងទៅជាយ៉ាងណាវិញ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។












Powered by Blogger.