សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអនុញ្ញាតឲ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។
នាព្រឹកថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអនុញ្ញាតឲ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។
ជាកិច្ចាប់ផ្តើម សម្តេចក្រឡាហោម សូមថ្លែងអំណរគុណឯកឧត្តម ដែលឆ្លៀតពេលវេលាមកបំពេញ ទស្សនកិច្ចនៅកម្ពុជា ហើយបានមកជួបជាមួយសម្តេច នាឱកាសនេះ។ សម្តេច ក៏សូមយកឱកាសនេះផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ជាមិត្តភក្តិចាស់ ហើយជាអតីតសមភាគីការងារ យ៉ាងជិតស្និទ្ធជាមួយសម្តេច នាពេលកន្លង។សម្តេច សូមយកឱកាសនេះ គាំទ្រចំពោះកិច្ចប្រជុំដែលក្រសួងនគរបាលវៀតណាម រៀបចំកាលពីពេលថ្មីៗនេះ រវាងបីភាគី គឺក្រសួងនគរបាលវៀតណាម ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ។
សម្តេច ចាត់ទុកថាកិច្ចប្រជុំបីភាគីថ្មីៗនេះគឺជា ការបំពេញបន្ថែមដ៏មានសារៈសំខាន់ទៅលើ កិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ រវាងក្រសួងមហាផ្ទៃ និងក្រសួងនគរបាលវៀតណាម និងរវាងក្រសួងមហាផ្ទៃ និងជាមួយនិងក្រសួងសន្តិសុខសាធារណៈឡាវផងដែរ។ ហើយការចាត់តាំងអនុវត្ត កិច្ចប្រជុំត្រីភាគីនេះក៏ស្របទៅតាម ការចង្អុលដឹកនាំរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងបីផងដែរ។ ហើយក៏ ដើម្បីបុព្វហេតុរួមនៃសន្តិសុខសម្រាប់ប្រទេសទាំងបីផងដែរ។
សម្តេច ក៏ចាត់ទុកថា ឆ្លើយតបទៅនឹងបរិបទនៃស្ថានភាពអភិវឌ្ឍន៍ស្មុគស្មាញ នៃបទល្មើសសកល កិច្ចប្រជុំត្រីភាគីនេះក៏កាន់តែ មានភាពចាំបាច់ និងសមស្របនៅក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់បទល្មើសកំពុងតែកើតមាន ជាពិសេសបទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស និងបទល្មើសបច្ចេកវិទ្យា ជាដើម។
ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង សូមថ្លែងអំណរគុណសម្ដេច ចំពោះ ការទទួលជួបនាឱកាសនេះ ឯកឧត្ដម សូមពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ជូនចំពោះសម្តេចក្រឡាហោម ស ខេង។
ឯកឧត្ដម សូមឯកភាពគាំទ្រ ចំពោះការវាយតម្លៃរបស់សម្ដេច លើលទ្ធផល នៃកិច្ចប្រជុំត្រីភាគីដែលបានបញ្ចប់ទៅកាលពីពេលថ្មីៗនេះ។ កិច្ចប្រជុំនេះគឺពិតជាសមស្របទៅនឹងស្ថានភាពវិវឌ្ឍប្រែប្រួលស្មុគស្មាញនៃបទល្មើសសកល។
ឯកឧត្តម ក៏បានសម្ដែងនូវ ក្ដីសង្ឃឹមយ៉ាងមុតមាំថា ទោះបីជាសម្ដេច មិននៅក្នុងតួនាទី ដឹកនាំក្នុងរាជរដ្ឋាភិបាល ក៏ប៉ុន្តែឯកឧត្តម ជឿជាក់ថាសម្ដេច នៅតែបន្តគាំទ្រ និងចូលរួមចំណែកក្នុងការជំរុញដល់ការពង្រឹងពង្រីកទំនាក់ទំនងរវាងស្ថាប័នក្រសួង ទាំងពីរ ជាពិសេសបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសធំៗ ដូចដែលសម្ដេចបានលើកឡើងគឺបទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស និងបទល្មើសមិនប្រពៃណីដទៃទៀត។
ជាទីបញ្ចប់ សម្តេច ជាថ្មីម្ដងទៀតសូមថ្លែងអំណរគុណឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ហើយក៏សូមយកឱកាសនេះ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នៅពេលឆាប់ៗខាងមុខនេះ សូមជូនពរឯកឧត្ដម និងថ្នាក់ដឹកនាំក្រសួងនគរបាលវៀតណាម សូមបានប្រកបដោយសុខភាពល្អ និងទទួលជោគជ័យនៅក្នុងបេសកកម្ម សូមជូនពរឲ្យឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ក្នុងឱកាសស្នាក់នៅបំពេញបេសកកម្មនៅកម្ពុជា ទទួលបាននូវផាសុកភាព និងទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក ៕
Post a Comment