ពិធីខមាទោស ស្រង់សម្អាតព្រះពុទ្ធរូប និងស្រង់ទឹកប្រគេនព្រះសង្ឃ នៅវត្តគិរីជុំចំការខ្នុរ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ

 


(បន្ទាយមានជ័យ) ព្រះអង្គសមណៈញាន ណាប់ មុឺន ព្រះបាឡាត់គុណខេត្ត និងជាព្រះចៅអធិការវត្តគិរីជុំចំការខ្នុរ បានរៀបចំពិធីត្រស្តិសង្ក្រាន និងការធ្វើពិធីខមាទោស ស្រង់សម្អាតព្រះពុទ្ធរូប និងស្រង់ទឹកប្រគេនព្រះសង្ឃ នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ធ្វើនៅវត្តគិរីជុំចំការខ្នុរ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។


ក្នុងឱកាសនោះដែរព្រះអង្គសមណៈញាន ណាប់ មុឺន ព្រះចៅអធិការវត្តគិរីជុំចំការខ្នុរ បានមានសង្ឃដីកាឲ្យដឹងថា៖ សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃពីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស២០២៤ ដែលមានរយៈពេល៤ថ្ងៃ ១៣.១៤.១៥.និង១៦ មេសា ឆ្នាំ២០២៤ វត្តគិរីជុំចំការខ្នុរបានរៀបចំពិធីត្រស្តិសង្ក្រាន និងការធ្វើពិធីខមាទោស ស្រង់សម្អាតព្រះពុទ្ធរូប និងស្រង់ទឹកប្រគេនព្រះសង្ឃគឺបញ្ចប់នៅពិធីបុណ្យចូលឆ្នាំ ឬអាចហៅបានថាលាដំណម គឺយើងអាចប្រកបមុខរបរទទួលទានរកស៊ីជាធម្មតាសម្រាប់ញាតិញោមពុទ្ធបរិស័ទ និងព្រះសង្ឃអាចនិមន្តរក្សាតាមប្រពៃណីទទួលចង្ហាន់បិណ្ឌបាតតាមគេហដ្ឋានញាតិញោមដូចធម្មតា។ ជាពិសេសដើម្បីជាសិរីសួស្ដី និងសុំឲ្យមានភ្លៀងធ្លាក់គ្រប់រដូវនៅក្នុងឆ្នាំនីមួយៗដើម្បីប្រកបមុខរបរកសិកម្មគ្រប់ៗគ្នា។


ព្រះអង្គសមណៈញាន ណាប់ មុឺន តំណាងឲ្យមន្ត្រីសង្ឃក្នុងវត្តគិរីជុំចំការខ្នុរបានធ្វើការថ្លែងអំណរអរគុណ និងប្រគេនពរដល់ព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម ព្រះថេរានុថេរៈព្រះអង្គ ក៏ដូចជាឯកឧត្តម លោកជំទាវញាតិញោមពុទ្ធបរិស័ទ សប្បុរសជនទាំងអស់ ដែលតែងតែចូលរួមឧបត្ថម្ភយកចង្ហាន់បិណ្ឌបាតមកប្រគេនព្រះសង្ឃដើម្បីបាំងស្កូលឧទ្ទិសកុសលដល់ញាតិដែលបានចែកឋានទៅផងដែរ៕














Powered by Blogger.