ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន ២នាក់ និងរកឃើញគ្រឿងញៀនជិត ៧គីឡូក្រាម នៅខេត្តបន្ទាយមានជ័យ

 


បន្ទាយមានជ័យ៖ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ករណីជួញដូរ និងចែកចាយគ្រឿងញៀនដកហូត ទម្ងន់៦.៧៧៧,១១ក្រាម ជាង៦គីឡូក្រាមត្រូវបានបញ្ជូនសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។

បើតាមលោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរង ទទួលផែនការងារប្រចាំគ្រឿងញៀន នៃក្នុងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់ថា៖ ជនសង្ស័យប្រុសស្រី ដែលត្រូវឃាត់ខ្លួន២នាក់មាន ១.ឈ្មោះ ហេង សុគុណ ហៅប៉ាវ ភេទប្រុសអាយុ៤៥ ឆ្នាំរស់នៅភូមិមិត្តភាព សង្កាត់-ក្រុងប៉ោយប៉ែត ២.ឈ្មោះ ចឹម ស្រីដា ហៅជូ ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិអូរឫស្សីលើ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកបានបញ្ជាក់ថា៖ ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកផ្ទាល់បានដឹកនាំកម្លាំងនគរបាលជំនាញចុះស្រាវជ្រាវកំណត់មុខសញ្ញាចុះប្រតិបត្តិការបង្ក្រាបឃាត់រថយន្តម៉ាក់តូយ៉ូតាព្រូស ពណ៌ស១គ្រឿងពាក់ផ្លាក់លេខភ្នំពេញ2BY-3724 បានធ្វើការឆែកឆេររកឃើញគ្រឿងញៀនទម្ងន់ ៦.៧៧៧,១១ក្រាម ក្នុងនោះមាន១.ម្ស៉ៅម៉ត់សថ្លា(MDMA)១ថង់ស្មើ២,១១ក្រាម ២.ថ្នាំកញ្ចប់រូបទំពាំងបាយជូរចំនួន៥០០កញ្ចប់ស្មើ៤.៤៧០ក្រាម ៣.ថ្នាំកញ្ចប់ពណ៌ក្រហមរូបសេះចំនួន៥០០កញ្ចប់ស្មើ២.៣០៥ក្រាម ៤.ទូរស័ព្ទ២គ្រឿងដែលបង្ក្រាប់កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត បានបន្ថែមថា៖ ក្រោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ និងរឹបអូសគ្រឿងញៀនទម្ងន់៦.៧៧៧,១១ ជាង៦គីឡូក្រាម និងរថយន្ត១គ្រឿងជាមធ្យោបាយដឹកជញ្ជូន ក្រោយបញ្ជូនទៅធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យហើយ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់៕







Powered by Blogger.