សមត្ថកិច្ច ចុះបង្ក្រាបទីតាំងខារ៉ាអូខេ និងក្លិបកម្សាន្ត២កន្លែង និងឃាត់ខ្លួនមនុស្សប្រុសស្រីជិត២០០នាក់ នៅក្រុងប៉ោយប៉ែត

 


ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលចុះប្រតិបត្តិការបង្ក្រាបទីតាំងខារ៉ាអូខេ និងក្លិបកម្សាន្ត២កន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រីជិត២០០នាក់ កាលពីវេលាម៉ោង១ឈានចូលព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ការចុះប្រតិបត្តិការបង្ក្រាបទីតាំងខាងលើនេះ គេសង្កេតឃើញវត្តមានផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងបានដឹកនាំកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងក្រុងប៉ោយប៉ែតជាច្រើននាក់ បានចុះបង្ក្រាបទីតាំងខារ៉ាអូខេយីហោ B9.KTV និងក្លឹបម្សាន្តឡាំបូគីនី LAMBORGHINI បានឃាត់ខ្លួនមនុស្សប្រុស-ស្រីរាប់រយនាក់។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរងទទួលផែនគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា ការចុះបង្ក្រាបខារ៉ាអូរខេយីហោ B9.KTV និងក្លឹបកម្សាន្តឡាំបូគីនីLAMBORGHINI ដោយមានការសម្របសម្រួលពីលោក កើត វ៉ាន់ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងស្នងការដ្ឋាននគរបាលខេត្តនិងក្រុងប៉ោយប៉ែត រួមសហការជាមួយកម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៨៩១ បានចុះប្រតិបត្តិការបង្ក្រាប ទីតាំងទី១- ខារ៉ាអូខេយីហោ B9.KTV ឃាត់ខ្លួនមនុស្សប្រុស-ស្រី៥០នាក់ និងទីតាំងទី២-ក្លឹបកម្សាន្តឡាំបូគីនី LAMBORGHINI ឃាត់ខ្លួនមនុស្សប្រុស-ស្រី១២០នាក់។

លោកឧត្តសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ក្រោយចុះប្រតិបត្តិការបង្ក្រាបហាងខារ៉ាអូរខេ និងក្លិបកម្សាន្ត២កន្លែងឃាត់ខ្លួនមនុស្សប្រុស.ស្រីជិត២០០នាក់ត្រូវឱ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីធ្វើតេស្ត បើករកឃើញសារធាតុញៀន និងមានប្រើប្រាស់គ្រឿងញៀន ត្រូវអនុវត្តតាមនីតិវិធីនៃច្បាប់។

លោកបានបញ្ជាក់ថា ការចុះប្រតិបត្តិការបង្ក្រាបនិងបន្តធ្វើរហូត បើស្រាវជ្រាវរកឃើញមានហាងខារ៉ាអូខេ និងក្លឹបកម្សាន្តណាមួយមានលួចលាក់បង្កប់ការប្រើប្រាស់គ្រឿងញៀនត្រូវមានវិធានការតាមច្បាប់តែម្ដង ដើម្បីការពារទប់ស្កាត់បទល្មើសគ្រឿងញៀនមិនឱ្យកើតមាន និងការពារសន្តិសុខភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យមានសុខសន្តិភាព ៕

តែទោះបីជាយ៉ាងណាក្តី អង្គភាពអ្នកសារព័ត៌មានយើង មិនទាន់ឃើញមន្ត្រីជំនាញ បញ្ជាក់ថា មានឈ្មោះអ្វីខ្លះនៅឡើយ ហើយចំនួនសារធាតុញៀនក៏មិនទាន់បានបញ្ជាក់។

អង្គភាពអ្នកសារព័ត៌មានយើង រិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយ សូត្រ សំណាង













Powered by Blogger.