កម្មករ កម្មការិនីរោងចក្រ Y&W ជាង៤០០នាក់ បន្តធ្វើបាតុកម្មបិទផ្លូ.វ ជាលើកទី២


 

រាជធានីភ្នំពេញ ៖ កម្មករ កម្មការិនីរោងចក្រសម្លៀកបំពាក់ក្មេង យីហោ«Y&W»ប្រមាណជាង៤រយនាក់តំណាងឱ្យជាង៤ពាន់នាក់ បានបន្តធ្វើបាតុកម្មបិទផ្លូវតវ៉ាទាមទារលក្ខខណ្ឌការងារ ក្រោយពីថៅកែរោងចក្រវេចបង្វិចរត់ចោល ។ បន្ទាប់មករោងចក្របានបិទទ្វារលែងដំណើរការជាង១០ថ្ងៃកន្លងមកហើយ ប៉ុន្តែអ្វីដែលធ្វើឱ្យកម្មករកើតទុក្ខមិនសុខចិត្ត ផ្ទុះការតវ៉ាជាបន្តបន្ទាប់នោះ ព្រោះថៅកែមិនទាន់បើកប្រាក់ឈ្នួលនិងទូទាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករនៅឡើយ។

កម្មករបានចាប់ផ្ដើមបិទផ្លូវលេខ២១៧ ត្រង់ចំណុចមុខរោងចក្រខាងលើដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ជិតផ្សារព្រែកជ្រៃ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោងជិត៩ព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ហើយនេះគឺជាការតវ៉ាបិទផ្លូវលើកទី២ផងដែរ។ ខណៈដែលកម្មករបិទផ្លូវតវ៉ាបែបនេះ បសនធ្វើឱ្យផ្លូវនោះមិនអាចធ្វើចរាចរបានទេ ហើយអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដង្កោ បានពង្វាងយានយន្តគ្រប់ប្រភេទឱ្យទៅតាមផ្លូវមួយចំនួនផ្សេងទៀតចៀសវាងការកកស្ទះ ។


តាមប្រភពព័ត៌មានឱ្យដឹងថា រោងចក្រY&Wនេះគឺជារោងចក្រកាត់ដេរសម្លៀកបំពាក់សម្រាប់កូនក្មេង ដែលមានកម្មករ កម្មការិនីបម្រើការងារសរុបចំនួនជាង៤ពាន់នាក់ ហើយក្រុមកម្មករបានចាប់ផ្ដើមផ្ទុះការតវ៉ាតាំងពីថ្ងៃទី៩ ខែមិនា មកម្ល៉េះ ។ កម្មករខាងលើបានទាមទារនូវលក្ខខណ្ឌការងារចំនួនចំណុច៥មានដូចជា ទី១-ស្នើសុំឱ្យភាគីរោងចក្របើកប្រាក់ឈ្នួលចុងក្រោយតាមមាត្រា១១៦នៃច្បាប់ការងារ។ ទី២-ស្នើសុំឱ្យភាគីរោងចក្របើកប្រាក់ជួសការសម្រាកប្រចាំឆ្នាំតាមមាត្រា១១៦-១១៧ នៃច្បាប់ការងារ។ ទី៣-ស្នើសុំឱ្យភាគីរោងចក្របើកប្រាក់បំណាច់អតីភាពដែលនៅសល់តាមមាត្រា៩៨ថ្មី ប្រកាស៤៤៣។ ទី៤-ស្នើសុំឱ្យភាគីរោងចក្របើកប្រាក់ជូនដំណឹងមុន តាមមាត្រា៧៥-៧៧ -៧៩ និងទី៥-ស្នើសុំឱ្យភាគីរោងចក្របើកប្រាក់សងជំងឺចិត្តជូនកម្មករ កម្មការិនី តាមមាត្រ៩១ថ្មី ។


ប្រភពដដែលបានប្រាប់ឱ្យដឹងបន្តទៀតថា នេះគឺជាលើកទី២ហើយដែលក្រុមកម្មករខាងលើដឹកនាំដោយសហព័ន្ធសហជីពសេរីដើម្បីកម្មករខ្មែរ បានធ្វើការបិទផ្លូវតវ៉ាបែបនេះ ប៉ុន្តែលើកនេះកម្មករមិនបានដង្ហែក្បួនចេញពីរោងចក្រដូចលើកទី១នោះទេគឺបិទផ្លូវនៅចំណុចមុខរោងចក្រតែម្ដង ។ដោយឡែកកាលលើកទី១ពេលចាប់ផ្ដើមផ្ទុះការតវ៉ាដំបូង កម្មបានបិទផ្លូវលេខ២១៧ មុខផ្សារព្រែកជ្រៃ បន្ទាប់មកបានហែរក្បួនទៅកាន់ផ្លូវបំបែកជាបួនរវាងផ្លូវលេខ២១៧និងផ្លូវ៥០ម៉ែត្រ ត្រង់ចំណុចភ្លើងស្តុបព្រែជ្រៃទៀត ។


កម្មករបាននិយាថា ថៅកែរោងចក្របានវេចបង្វិចរត់ចោលកម្មករជាង១០ថ្ងៃកន្លងមកហើយគឺចាប់តាំងពីថ្ងៃទី១ ខែមិនា ឆ្នាំ២០២៤មកម្ល៉េះ ហើយបន្ទាប់មក១ថ្ងៃគឺនៅថ្ងៃទី២ ខែមិនា រោងចក្រក៏បានបិទទ្វារលែងដំណើរការទាំងស្រុង។ ដោយថៅកែមិនបានជូនដំណឹងដល់កម្មករជាមុន ឬទូទាត់ប្រាក់ឈ្នួលខែចុងក្រោយ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករគ្រប់ផ្នែកទាំង អស់សូម្បីតែ១រៀលនៅឡើយ។


កម្មករបានប្រាប់ឱ្យដឹងបន្តទៀតថា បន្ទាប់មកពួកគាត់បាននាំគ្នាធ្វើការទាមទារដោយសន្តិវិធីនៅក្នុងរោងចក្ររយៈពេល៥ថ្ងៃ ដើម្បីបានប្រាក់យកទៅដោះបន្ទុកការលំបាកនិងចំណាយផ្សេងៗ ប៉ុន្តែមិនមានដំណោះស្រាយនោះទេ ។ ដោយគ្មានជម្រើស ទើបនៅព្រឹកថ្ងទី៩ ខែមីនានេះ ពួកគាត់ចាប់ផ្ដើមប្រមូលផ្ដុំគ្នាធ្វើបាតុកម្មបិទផ្លូវ ដើម្បីឱ្យខាងក្រសួងការងារបានដឹង និងជួយដោះស្រាយជូនពួកគាត់ផង។


កម្មករបានប្រាប់ទៀតថា ពេលនោះខាងអាជ្ញាធរ សមត្ថកិច្ចខណ្ឌដង្កោ រួមជាមួយមន្ត្រីក្រសួងការងារបានចុះទៅសម្របសម្រួលនិងសន្យាថានិងដោះស្រាយជូនកម្មករទើបព្រមបើកផ្លូវឡើងវិញ។បន្ទាប់មកកម្មករបានរង់ចាំដំណោះស្រាយអស់រយៈពេល៣ថ្ងៃ ប៉ុន្តែនៅតែគ្មានដំណោះស្រាយ ទើបនៅវេលាព្រឹកថ្ងៃទី១២ ខែមិនា កម្មករបានបន្តធ្វើបាតុកម្មទាមទាររកដំណោះស្រាយបន្តទៀត។


លោកវរសេនីយ៍ឯកជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ដែលបានដឹកនាំកម្លាំងនគរបាលចុះទៅរៀបចំសណ្ដាប់ធ្នាប់ និងសម្របសម្រួលជាមួយក្រុមកម្មករ កម្មការិនីខាងលើ បានប្រាប់ឱ្យដឹងថា កម្មករបានយល់ព្រមបើកផ្លូវឡើងវិញនៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃដដែល ដោយពួកគាត់រង់ចាំដំណោះស្រាយពីអាជ្ញាធរ និងក្រសួងស្ថាប័នពាក់ព័ន្ធដែលកំពុងតែស្វះស្វែងរកដំណោះស្រាយជូនពួកគាត់ ៕








Powered by Blogger.