សមត្ថកិច្ចគយចាប់ឃាត់រថយន្តដឹកជ្រូកក្លាសេ ១១០ក្បាល ខូចគុណភាព និងគ្មានឯកសារបែបបទនាំចូល ធ្វើការដុតកម្ទេចចោល



បាត់ដំបង៖ ស្ថិតក្នុងភូមិសាស្រ្ដស្រុកថ្មគោល ខេត្តបាត់ដំបង រសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ មន្រ្ដីការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៤ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹកនាំដោយប្រធានគយចល័តតំបន់៤ បានសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការឃាត់ត្រួតពិនិត្យរថយន្តម៉ាកLexus ១គ្រឿងកំពុងដឹកជញ្ជូនជ្រូកក្លាសេចំនួន១១០ក្បាលទម្ងន់ប្រមាណ៨៨០គីឡូក្រាម ដែលធ្វើដំណើរចេញពីតំបន់ព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពុំមានឯកសារបែបបទនាំចូល ។ 

លោកប្រធានគយចល័តតំបន់៤បានឱ្យដឹងថា៖ ចំពោះសកម្មភាពនៃការត្រួតពិនិត្យចាប់បានជ្រូកក្លាសេខូចគុណភាព នេះជាលើកទី២ហើយសម្រាប់នៅដើមខែមីនាឆ្នាំ២០២៤នេះ ។

  ដោយមានការសង្ស័យទៅលើគុណភាពនៃទំនិញទាំងនេះ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ មន្រ្ដីគយ និងរដ្ឋាករបានស្នើកិច្ចសហការពីមន្រ្ដីនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តបាត់ដំបង (ក.ប.ប) ដើម្បីធ្វើការត្រួតពិនិត្យរកសារធាតុគីមី និងគុណភាព ។ 


ជាលទ្ធផលជ្រូកក្លាសេទាំងអស់ខូចគុណភាព វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវ តាមស្ដង់ដារបច្ចេកទេស ដូចនេះសមត្ថកិច្ចចម្រុះបានសុំការអនុញាតិពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីធ្វើការដុតកម្ទេចជ្រូកក្លាសេដែលខូចគុណភាពនេះតាមនីតិវិធីជាធរមាន ៕


Powered by Blogger.