អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ”យុវជនដើម្បីវប្បធម៌ជាតិ”
(បន្ទាយមានជ័យ) មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ”យុវជនដើម្បីវប្បធម៌ជាតិ” ក្រោមអធិបតីភាព ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីរ លោកឧត្តមសេនីយ៍ មេបញ្ជាការ មេបញ្ជាការរង គ្រប់ឋានានុក្រម លោក លោកស្រីប្រធាន អនុប្រធាន មន្ទីរ អង្គភាព នានាជំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក អង្គការជាតិ អន្តរជាតិ មន្ត្រីរាជការ សិស្សគរុកោសល្យ សិស្សមហាវិទ្យាល័យ សិល្បករ សិល្បការនី ធ្វើនៅសាលប្រជុំ (ធំ) សាលាខេត្ត នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។
លោក យ៉ង់ តាំងគួយ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ បានមានមតិលើកឡើងថា៖ ឆ្លងតាមរបត់គោលនយោបាយ និងសកម្មភាពវប្បធម៌ជាតិនានា បច្ចុប្បន្ននេះកំពុងតែមានសន្ទុះយ៉ាងខ្លាំងក្លា លើសក្តានុពលវប្បធម៌ដែលមានស្រាប់ នូវមរតកស្នាដែលដូនតាយើងបានបន្សល់ទុកឱ្យរាប់ពាន់ឆ្នាំ ដែលជាសម្បត្តិដ៏មហាសាលរបស់ជាតិ។ ប្រមុខដឹកនាំ ដ៏ឈ្លាសវៃរបស់កម្ពុជាយើង បានណែនាំឱ្យមានការរៀបចំ ទិវាវប្បធម៌ជាតិ ៣ មីនាលើកទី ២៦ ឆ្នាំ២០២៤ តាមបណ្តា រាជធានី/ខេត្ត ក្រោមប្រធានបទ យុវជន ដើម្បីវប្បធម៌ជាតិ» ដែលជា គោលបំណង ជំរុញឱ្យយុវជន ដែលជាអ្នកបន្តវេន ចេះស្រឡាញ់នូវ សម្បត្តិវប្បធម៌ជាតិ ដែលជាសម្បត្តិមានតម្លៃដ៏វិសេសវិសាល មាន ប្រាង្គប្រាសាទ វត្ថុសិល្បៈបុរាណ សិល្បៈ ប្រពៃណី ទំនៀមទម្លាប់ របស់ដូនតាយើង ដែលបានបន្សល់ទុក រាប់ពាន់ឆ្នាំ ក្នុងគោលបំណង - អភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ និងដើម្បីជាការរំលឹកដឹងគុណដល់គុណូបការៈបុព្វបុរស ខ្មែរគ្រប់ជំនាន់ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត នូវសម្បត្តិវប្បធម៌ជាតិ ដែលមិនអាចកាត់ថ្លៃបាន។
ថ្លែងក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ ទិវាវប្បធម៌ជាតិ គឺជា ទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបាន លះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។ទន្ទឹមគ្នានេះដែរ ទិវាវប្បធម៌ជាតិ ក៏ជាឱកាសដ៏មានតម្លៃដើម្បីចូលរួមបំផុសនូវមនសិការស្រឡាញ់សិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀតដែលជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ សម្រាប់ប្រជាជនខ្មែរ គ្រប់រូប ក្នុងគោលបំណងធានាឱ្យបាននូវការអភិរក្សនិងអភិវឌ្ឍវប្បធម៌ប្រកបដោយចីរភាព និងបរិយាបន្ន ស្របតាម គោលនយោបាយជាតិស្តីពីវិស័យវប្បធម៌និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម អ៊ុំ រាត្រី បន្តថា៖ បច្ចុប្បន្ននេះ ក្នុងស្រទាប់យុវវ័យមួយចំនួនធំ កំពុងភ្លើតភ្លើនតាមវប្បធម៌បរទេស គ្របដណ្តប់យ៉ាង ធ្ងន់ធ្ងរ ធ្វើឱ្យព្រលឹងវប្បធម៌ជាតិខ្លួន ត្រូវឃ្លាតឆ្ងាយគួរឱ្យសោកស្តាយបំផុត ហើយវប្បធម៌បរទេស ទាំងនោះបានឆ្លៀតបញ្ចូល និងពង្រីកប្រពៃណីវប្បធម៌ជាតិសាសន៍គេ ចូលមកក្នុងទឹកដីនៃមាតុភូមិ កម្ពុជាយើង ។ ដូច្នេះភារកិច្ចដ៏ចាំបាច់បំផុតរបស់យើងទាំងអស់គ្នាគឺ ត្រូវទប់ស្កាត់នៃការហូរចូលវប្ប ធម៌ជាតិសាសន៍ដទៃ និងត្រូវរួមគ្នាលើកតម្កើង ការពារយ៉ាងប្តូរផ្តាច់នោះគឺ អរិយធម៌ វប្បធម៌ប្រពៃណីជាតិខ្មែរយើង សមស្រប និងពាក្យស្លោកថា : វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើនថ្កាន”៕
Post a Comment