តំបន់អភិរក្ស ពូជត្រី និងសត្វស្លាបចម្រុះនៅវាលរហាលកេសអាវៀន កំពុងប្រែក្លាយជាតំបន់អេកូទេសចរបែបធម្មជាតិ គោលគឺ«អភិរក្ស និងអភិវឌ្ឍ»
(បន្ទាយមានជ័យ) វាលរហាលកេសអាវៀន ជាតំបន់អភិរក្សពូជត្រីសំបូរបែប និងហ្វូងសត្វស្លាបចម្រុះជាចើ្រនប្រភេទ នៅខាងត្បូងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកគិតពីទីរួមក្រុងសិរីសោភ័ណទៅមានចម្ងាយប្រមាណជា២៣គ.ម។ វាលរហាលកេសជាកន្លែងអភិរក្សពូជត្រី និងអាវៀនមានចុងស្ទឹងសិរីសោភ័ណ ជួបគ្នានឹងគល់ស្ទឹងមង្គលបូរី វាមានរាងក្រវិចក្រវៀន និងសំបូរដោយព្រៃលិចទឹកសម្រាប់ជាជំរកសត្វស្លាបជាច្រើនប្រភេទមករស់នៅ មកទល់ពេលនេះគឺសត្វស្លាបជាច្រើនកាន់តែមកបន្តរស់នៅ ដែលបច្ចុប្បន្នត្រូវបានគេប្រសិទ្ធនាមថា តំបន់ការពារធម្មជាតិរហាលកេស អាវៀន។
បើតាមការឲ្យដឹងពីលោក ខុង ប៊ុន មេឃុំស្នួលមានជ័យ និងជាប្រធានតំបន់ការពារធម្មជាតិរហាលកេស អាវៀន បានលើកឡើងថា៖ តំបន់ការពារធម្មជាតិរហាលកេស អាវៀននេះ មានផ្ទៃដីដែលបានចុះយាមការសរុបប្រមាណជាង២៨ហិចតា ក្នុងនោះបែងចែកជាពីរ ១,ជម្រកសត្វស្លាបចំនួន២៣ហិចតា និងតំបន់អភិរក្សត្រីចំនួន៥ ហិចតា។ ម្យ៉ាងវិញទៀតតំបន់អភិរក្សនេះសំបូរទៅដោយសត្វស្លាបចម្រុះជាច្រើនប្រភេទ កុកស ខ្វែកយប់(ខ្វែកធំ) កុកក្រក កកៀលខ្សង ក្រង៉ ទុង ក្អែកទឹក ត្រយ៉ង សត្វស្មោញ ដែលជាសត្វកម្រជិតដាច់ពូជ។
តាមរយៈការផ្តល់បទសម្ភាសពីលោក ខុង ប៊ុន មេឃុំឈ្នួមានជ័យដល់អ្នកយកព័ត៍មានយើងកាលពីរសៀលថ្ងៃទី៩មីនា បានអោយដឹងថា៖ ជាកិច្ចផ្តួចផ្តើមរបស់លោកនៅដើមឆ្នាំ២០២៤នេះដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងជាប្រយោជន៍សម្រាប់កសិករបានទឹកស្រោចស្របដំំណាំកសិកម្មឃុំបានធ្វើគម្រោងចំនួន២ គឺជីកប្រឡាយប្រវែងជាង៨គីឡូម៉ែត្រ ទៅទល់នឹងបឹងអភិរក្សរហាលកេះដើម្បីអោយភ្ញៀវទេសចរអាចទៅកំសាន្តលេងនារដូវវស្សា និងមួយទៀតគឺការលើកផ្លូវប្រវែងជាង៣គីឡូម៉ែត្រតភ្ជាប់ពីផ្លូវភូមិរពាក់ដែលភ្ជាប់ពីផ្លូវជាតិលេខ៦A ទៅដល់តំបន់សត្វស្លាប។
លោក បានបញ្ជាក់ថា៖ តំបន់នេះភ្ញៀវទេសចរណ៍អាចចូលទៅកំសាន្តតាមផ្លូវគោកក៏ដូចជាជិះទូកកំសាន្តមើលសត្វតាមលើផ្ទៃទឹកផងដែរ។ទៅថ្ងៃអនាគតលោកនឹងមានគម្រោងពង្រីកតំបន់អភិរក្សនេះឲ្យបានធំ៣០ហិចតា ទៅ ៤០ហិចតា ដើម្បីដាំដើមឈើបន្តទុកជាជម្រកសត្វ និងមច្ឆាជាតិ៕
Post a Comment